COVID-19
អន្តរជាតិ
តើ​វ៉ាក់សាំង​កូ​វីដ​-១៩ ត្រូវបាន​អភិវឌ្ឍ​ឡើង​យ៉ាងដូចម្តេច​?
30, Dec 2020 , 6:59 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​ក្រោយ​ការ​ផ្ទុះឡើង​ជំងឺ​កូ​វីដ​-១៩ ក្រុមហ៊ុន​ជាច្រើន ព្យាយាម​អភិវឌ្ឍ​វ៉ាក់សាំង​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​ថ្មី​នេះ​។ ក្នុង​ល្បឿន​ដ៏​រហ័ស វ៉ាក់សាំង​ជាច្រើន ត្រូវបាន​អភិវឌ្ឍ និង​ចេញ​លទ្ធផល​ល្អប្រសើរ​ដូចជា​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិក Pfizer និង Moderna ឬ​វ៉ាក់សាំង​Sputnik V របស់​រុស្ស៊ី ឬ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន Sinopharm និង Sinovac ជាដើម​។

 
​វ៉ាក់សាំង​របស់ Pfizer ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់ BioNtech ភាព​លើសពី​៩០​ភាគរយ​។ វ៉ា ចំណែក​វ៉ាក់សាំង​ក្រុមហ៊ុន AstraZeneca មាន​ប្រសិទ្ធ​ភាពជា​មធ្យម​ចំនួន ៧០​ភាគរយ ស្របពេល​រុស្ស៊ី បានដាក់​ចេញ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​លើ​ប្រជាជន​របស់ខ្លួន​ដែរ​។ យ៉ាងណាក៏ដោយ ការអភិវឌ្ឍ​វ៉ាក់សាំង​កូ​វីដ​-១៩ នេះ ត្រូវបាន​មើលឃើញថា ប្រើ​រយៈពេល​លឿង​ជាង​ការអភិវឌ្ឍ​វ៉ាក់សាំង​សម្រាប់​ជំងឺ​ឯទៀត ដែល​ខ្លះ​ត្រូវ​ប្រើ​រយៈពេល​រហូតដល់​១០​ទៅ​១៥​ឆ្នាំ​ឯណោះ​។ 
 
​តើ​ការផលិត​វ៉ាក់សាំង​នីមួយៗ ត្រូវបាន​អភិវឌ្ឍ​ឡើង​តាម​វិធី​ណា​? ហើយ​ត្រូវការ​រយៈពេល​ប៉ុន្មាន​? 
 
​តាម​ការចុះផ្សាយ​របស់​អង្គការ​សុខភាព​ពិភពលោក នៅ​ថ្ងៃទី​៨ ខែធ្នូ កន្លងទៅ រាល់​វ៉ាក់សាំង​ទាំងអស់ សុទ្ធ​តែមាន​សរីរាង្គ​នៃ​វីរុស ដែល​បង្ក​ទៅ​ជំងឺ​ណាមួយ ហើយ​វ៉ាក់សាំង​ទាំងនោះ​ក៏មាន​ផ្ទុក​សារធាតុ​ផ្សេងទៀត​ដែរ ដើម្បី​ធ្វើ​ឲ្យ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​សុវត្ថិភាព​។ 
 
​ក្នុង​វ៉ាក់សាំង​ទាំងនោះ​មាន​សារធាតុ​ដូចជា Antigen ដែលជា​កោសិកា​ងាប់ ឬ​ខ្សោយ​របស់​វីរុស ដើម្បី​យកមក​បណ្តុះ​ប្រព័ន្ធ​ភាពស៊ាំ​នៅក្នុង​ខ្លួន​មនុស្ស​។ ចំណែក Preservatives ជា​សារធាតុ​ការពារ​វ៉ាក់សាំង កុំ​ឲ្យ​ខូច​ពេល​បើក​គំរប់​ដប​ច្រើនដង ប៉ុន្តែ​វ៉ាក់សាំង​ខ្លះ មិនមាន​សារធាតុ​នេះ​ទេ បើសិន​ត្រូវ​ប្រើ ឬ​ចាក់​តែមួយ​លើក​។ រីឯ Stabilizers ជា​សារធាតុ​បង្ការ​ប្រតិកម្ម​គីមី ដែល​កើតមាន​នៅក្នុង​វ៉ាក់សាំង​។ Stabilizers អាចជា​ស្ករ​នៅក្នុង​រុក្ខជាតិ ប្រូតេអ៊ីន ឬ​សារធាតុ​ផ្សេងទៀត​។ 
 
​ជាមួយនឹង​សារធាតុ​ទាំងអស់​ខាងលើនេះ វ៉ាក់សាំង​ត្រូវ​ឆ្លងកាត់​ការអភិវឌ្ឍ​មួយចំនួន មុននឹង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។ ប៉ុន្តែ​មុននឹង​ចូលដល់ Clinical Trial ដែលមាន​ចំនួន ៣​ដំណាក់កាល អ្នកស្រាវជ្រាវ​វ៉ាក់សាំង ត្រូវ​ពិនិត្យ និង​វាយតម្លៃ ដើម្បី​កំណត់ ថា​តើ Antigen ដែលជា​កោសិកា​ងាប់ ឬ​ខ្សោយ​របស់​វីរុស បែបណា យកទៅ​បង្កើត​ប្រព័ន្ធ​ភាពស៊ាំ ដើម្បី​ឆ្លើយតប​ទៅនឹង​ជំងឺ​? 
 
​សម្រាប់​កូ​រ៉ូ​ណាវី​រុស ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត អ្នកជំនាញ​ត្រូវ​ជ្រើសរើស​កោសិកា​ដែល​ខ្សោយ​របស់​វីរុស​នេះ យកទៅ​បង្កើតជា​វ៉ាក់សាំង​។ ដំណាក់កាល​កំណត់​ពី​កោសិកា​ងាប់ ឬ​ខ្សោយ​របស់​វីរុស​នេះ ត្រូវបាន​ហៅថា Exploratory Stage ឬ​ដំណាក់កាល​ស្រាវជ្រាវ​។ ក្នុងដំណាក់កាល​នេះ ជាធម្មតា អ្នកស្រាវជ្រាវ​ត្រូវ​ប្រើពេល​រហូតដល់ ២ ទៅ ៤​ឆ្នាំ​។​
 
​បន្ទាប់ពី​ដំណាក់កាល​ស្រាវជ្រាវ វ៉ាក់សាំង​នឹងត្រូវ​យកទៅ​ធ្វើតេស្ត​ជាមួយ​សត្វ ដើម្បី​ដឹង​ពី​កម្រិត​សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​។ ពេលនេះ គេ​ហៅថា ដំណាក់កាល​មុន​ការពិសោធ​ល្អ​ត់​ល្អន់ (Pre-clinical Stage) ដែល​អាច​ប្រើពេល​រហូតដល់​១​ទៅ​២​ឆ្នាំ​។ សត្វ​ដែល​យក​ត្រូវ​សាកល្បង​វ៉ាក់សាំង អាចជា​ប្រភេទ​ស្វា កណ្តុរ ឬ​សត្វ​សំពោច​ជាដើម​។ បើសិន​បើ​ដំណាក់កាល​នេះ ទទួលបាន​ជោគជ័យ ឬ​អាច​ដាស់​ប្រព័ន្ធ​ភាពស៊ាំ​បាន អ្នកវិទ្យាសាស្ត្រ នឹង​ចាប់ផ្តើម​ដំណាក់កាល Clinical Trial ទាំងបី​ដំណាក់កាល​បាន​។ 
 
​ប៉ុន្តែ​នៅ​ប្រទេស​ខ្លះ ទាល់តែ​មានការ​ទទួល​ស្គាល់​ពី​ទីភ្នាក់ងារ​ជំនាញ​ជាមុនសិន​ទើប​អាច​ពិសោធ​បាន​។ សម្រាប់​អាមេរិក លុះ​មានការ​យល់ព្រម​ពី​ទីភ្នាក់ងារ​អាហារ និង​ឱសថ​ជាមុនសិន ទើប​វ៉ាក់សាំង​អាច​ឈានដល់​ដំណាក់កាល​ពិសោធន៍​ល្អិតល្អន់​បាន​។ ការត្រួតពិនិត្យ​នេះ មាន​រយៈពេល ៣០​ថ្ងៃ​។ 
 
​ដំណាក់កាល​ទី​១
​នៅក្នុង​ដំណាក់កាល​ទីមួយ វ៉ាក់សាំង​ត្រូវបាន​សាកល្បង ក្នុង​ចំនួន​អ្នកស្ម័គ្រចិត្ត​តិចតួច​ប៉ុណ្ណោះ ហើយ​អ្នកស្ម័គ្រចិត្ត​ទាំងនោះ ត្រូវមាន​សុខភាព​ល្អ និង​ជា​យុវវ័យ​។ ដំណាក់កាល​នេះ ធ្វើឡើង​ដើម្បី​វាយតម្លៃ​ពី​សុវត្ថិភាព​របស់​វ៉ាក់សាំង និង​ការបង្កើត​ភាពស៊ាំ ការ​រ​ប៉ាន់ប្រមាណ​ពី​បរិមាណ​របស់​វ៉ាក់សាំង ឬ​កម្រិត​ដូ​ស​។ ការស្រាវជ្រាវ​នៅក្នុង​ដំណាក់កាល​នេះ អាច​ប្រើ​រយៈពេល​រហូតដល់​១​ទៅ​២​ឆ្នាំ​។ 
 
​ដំណាក់កាល​ទី​២
​ក្នុងដំណាក់កាល​ទី​ពីរ អ្នកចូលរួម​ធ្វើតេស្ត​លើ​វ៉ាក់សាំង មាន​ច្រើនជាង​មុន​។ ប៉ុន្តែ​ការសាកល្បង​លើក​នេះ ធ្វើ​លើ​ក្រុមមនុស្ស​ជាក់លាក់​មួយ​ដូចជា​អាយុ ភេទ ជាដើម ដើម្បី​ធានា​ពី​សុវត្ថិភាព​របស់​ក្រុមមនុស្ស​មួយទៀត ដែល​ត្រូវ​ចាក់​វ៉ាក់សាំង បន្ទាប់ពី​ការពិសោធន៍​ទទួលជោគជ័យ​។ ក្នុងដំណាក់កាល​នេះ អ្នកវិទ្យាសាស្ត្រ​សាកល្បង​ជាច្រើនលើក ដើម្បី​វាយតម្លៃ​ក្រុម​វ័យ​របស់​មនុស្ស​ខុសគ្នា​។ ដំណាក់កាល​ទី​ពីរ​នេះ មាន​មនុស្ស​ចំនួន​ពីរ​ក្រុម ដោយ​មួយក្រុម​មិនត្រូវ​បាន​ចាក់​វ៉ាក់សាំង​ពិសោធន៍ និង​មួយក្រុម​ទៀត​ចាក់​វ៉ាក់សាំង​ពិសោធន៍ ដែល​យកមក​ធៀប​គ្នា ដើម្បី​ដឹង​ពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​។ ការពិសោធ អាច​ប្រើពេល​រហូតដល់ ២ ទៅ​៣​ឆ្នាំ​។​
 
​ដំណាក់កាល​ទី​៣
​ក្នុងដំណាក់កាល​ចុងក្រោយ​នេះ អ្នកវិទ្យាសាស្ត្រ ក៏ដូចជា​ក្រុមហ៊ុន​ផលិត​ថ្នាំពេទ្យ សាកល្បង​វ៉ាក់សាំង​លើ​មនុស្ស​ជាច្រើន​ពាន់​នាក់ និង​ប្រៀបធៀប​ជាមួយ​មនុស្ស​មួយក្រុម​ទៀត ដែលមាន​អាយុ​ប្រហែល​គ្នា​។ ក្នុងដំណាក់កាល​ចុងក្រោយ​នេះ គេ​សាកល្បង​វ៉ាក់សាំង​នៅក្នុង​ប្រទេស​ជាច្រើន ដើម្បី​ពិនិត្យមើល​ពី​សុវត្ថិភាព​របស់​វ៉ាក់សាំង​នៅក្នុង​តំបន់​នីមួយៗ​។ ដោយសារតែ​ការសាកល្បង​លើ​វ៉ាក់សាំង​ត្រូវធ្វើ​លើ​មនុស្ស​ច្រើន និង​តំបន់​មួយចំនួន ក្នុង​ដំណាក់​នេះ អាច​ប្រើ​រយៈពេល​ពី​២ ទៅ​៤​ឆ្នាំ​។​
 
​បន្ទាប់ពី​បញ្ចប់​ដំណាក់កាល​ទាំងបី អ្នកវិទ្យាសាស្ត្រ​ត្រូវ​ពិនិត្យឡើងវិញ​លើ​ប្រសិទ្ធភាព និង​សុវត្ថិភាព​របស់​វ៉ាក់សាំង ដើម្បី​ទទួលបាន​ការផ្តល់​អាជ្ញាប័ណ្ណ ឬ​ការអនុញ្ញាត​ឲ្យ​លក់​វ៉ាក់សាំង​។ ទន្ទឹមគ្នានេះ អាជ្ញាធរ​ប្រទេស​នីមួយៗ ក៏ត្រូវ​សិក្សា​ពី​ការស្រាវជ្រាវ និង​ពិនិត្យ​លើ​នីតិវិធី​នៃ​ការអភិវឌ្ឍ​វ៉ាក់សាំង​ផងដែរ មុននឹង​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅក្នុង​ប្រទេស​ខ្លួន ឬ​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​។ ការត្រួតពិនិត្យ ដើម្បី​ផ្តល់​ការទទួលស្គាល់​លើ​វ៉ាក់សាំង​អាច​ប្រើពេល​ពី ១ ទៅ​២​ឆ្នាំ​ឯណោះ​។ 
 
​ទាល់តែ​ប្រទេស​នីមួយៗ អនុញ្ញាត​ឲ្យ​ប្រើប្រាស់​សិន ទើប​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​នៅក្នុង​ប្រទេស អាចធ្វើ​ទៅបាន​។ បើទោះបីជា​វ៉ាក់សាំង​ត្រូវបាន​ចាក់​ឲ្យ​ប្រជាជន​មែន ប៉ុន្តែ​អ្នកជំនាញ​នៅតែ​បន្ត​ពិនិត្យមើល​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ដដែល ដើម្បី​ធានា​ពី​សុវត្ថិភាព​ប្រជាជន​។ 
 
​កន្លងមក ការអភិវឌ្ឍ​វ៉ាក់សាំង ត្រូវការ​រយៈពេល​ច្រើនជាង ១០​ឆ្នាំ ដើម្បី​សម្រេច​ទទួលបាន​ជោគជ័យ​លើ​វ៉ាក់សាំង​នីមួយៗ​។ ឧទាហរណ៍ វ៉ាក់សាំង​ប្រឆាំង​ជំងឺរបេង ត្រូវបាន​អភិវឌ្ឍ​ក្នុង​រយៈពេល​ប្រមាណ ១៣​ឆ្នាំ ពោលគឺ​ចាប់ពី​ឆ្នាំ​១៩០៨ ដល់​ឆ្នាំ​១៩២១​។ វ៉ាក់សាំង​ខ្លះទៀត ក៏​ត្រូវបាន​អភិវឌ្ឍ​តិចជាង ១០​ឆ្នាំ​ផងដែ​ដូចជា វ៉ាក់សាំង​ជំងឺ​អេ​បូ​ឡា ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៩ ដោយ​ផ្តើម​អភិវឌ្ឍ​ពី​ឆ្នាំ​២០១៤ ។​
 
​ចំណែក​ករណី​វ៉ាក់សាំង​កូ​វីដ​-១៩ វិញ អាច​និយាយបានថា ការអភិវឌ្ឍ គឺ​លឿង​ជាង​វ៉ាក់សាំង​ដទៃ ដោយសារ​វា​ប្រើ​រយៈពេល មិន​ដល់ ១​ឆ្នាំ និង​ត្រូវបាន​ប្រទេស​មួយចំនួន ដូចជា អង់គ្លេស អាមេរិក កាណាដា និង​សិង្ហ​បុរី​ជាដើម បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន​។ ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​នីមួយៗ​លឿន​បែបនេះ អាច​ដោយសារ ការប្រកួតប្រជែង​រប​ស់ប​ណ្តា​ប្រទេស​នីមួយៗ ការ​ព​ន្លឿ​ន​នីតិវិធី​ពិសោធន៍ ព្រោះ​កូ​វីដ​ជា​ជំងឺឆ្លង​សកល និង​ប៉ះពាល់​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​នៃ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​របស់​ពិភពលោក​ជាដើម​៕

Tag:
 វ៉ាក់សាំង​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com