ជាតិ
សេដ្ឋកិច្ច
UN៖ កម្ពុជា​អាច​រក​ចំណូល​៩៣៣​លាន​ដុល្លារ រយៈពេល​១៥​ឆ្នាំ​ខាងមុខ បើ​ដំឡើង​ពន្ធ​ថ្នាំជក់​៧៥​ភាគរយ​
29, Dec 2020 , 4:30 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​អាច​រក​ចំណូល​៩៣៣​លាន​ដុល្លារ រយៈពេល​១៥​ឆ្នាំ​ខាងមុខ បើ​ដំឡើង​ពន្ធ​ថ្នាំជក់​៧៥​ភាគរយ នៃ​តម្លៃ​បារី​លក់រាយ​។ នេះ​បើតាម​ការសិក្សា​របស់​កា​រ​អង្គការសហប្រជាជាតិ​(UN) ស្ដីពី​ការវិនិយោគ​លើ​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ឆ្នាំ​២០១៩​។​



​ការសិក្សា​របស់​ការ​អង្គការសហប្រជាជាតិ បាន​បញ្ជាក់ថា ការដំឡើង​ពន្ធ​ថ្នាំជក់​នេះ គឺ​ផ្តល់​ចំណូល​បន្ថែម​ចូលជាតិ ហើយ​ថែមទាំង​បាន​កាត់បន្ថយ​អត្រា​ស្លាប់ ជំងឺ និង​ពិការភាព ដោយសារ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​ផងដែរ​។ 
 
​របាយការណ៍​ដដែល បាន​បន្ថែមថា កម្ពុជា​នឹង​ទទួល​ចំណូល​ពន្ធ​បន្ថែម ២៣៥​លាន​ដុល្លារ ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ និង​៩៣៣​លាន​ដុល្លារ នា​រយៈពេល​១៥​ឆ្នាំ ប្រសិនបើ​ដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ ដល់​៧៥​ភាគរយ នៃ​តម្លៃ​បារី​លក់រាយ​។​
 
​បើតាម​លោក​វេជ្ជបណ្ឌិត​មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ការដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​ជា​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ ដែល​ធ្វើឱ្យ​កម្ពុជា​ទទួលបាន​ប្រាក់ចំណូល​បន្ថែម​។ លោក​មានប្រសាសន៍​ដូច្នេះ​៖«​ជាពិសេស​ក្នុងដំណាក់កាល​ប្រទេស​យើង​ជួប​វិបត្តិ​កូ​វីដ​-១៩ ព្រមទាំង​អាច​កាត់បន្ថយ​ផលប៉ះពាល់​ដែល​បណ្ដាលមកពី​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​ផងដែរ​»​។​


 
​ការដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ គឺជា​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​។ នេះ​បើ​យោងតាម​របាយការណ៍​អង្កេត​ថ្នាក់ជាតិ​លើ​មនុស្សពេញវ័យ​ស្ដីពី​ថ្នាំជក់​នៅ​កម្ពុជា របស់​ក្រសួងផែនការ​ឆ្នាំ​២០១៤ ដោយ​បង្ហាញថា ពលរដ្ឋ​កម្ពុជា​៨០​ភាគរយ គាំទ្រ​ឱ្យមាន​ការដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ និង​ដំឡើងថ្លៃ​តម្លៃ​បារី ស្រប​ពេលដែល កម្ពុជា​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ស្ដីពី​ការត្រួតពិនិត្យ​ថ្នាំជក់ ដែលមាន​កាតព្វកិច្ច​ដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ ដើម្បី​បង្ហាញ​ការប្ដេជ្ញាចិត្ត​អនុវត្ត​អនុសញ្ញា​នេះ​។  
 
​សូមជម្រាបថា កម្ពុជា បាន​ស្ថិត​ក្នុងចំណោម​ប្រទេស ដែលមាន​អត្រាពន្ធ​លើ​ផលិតផល​ថ្នាំជក់​ទាប​ជាងគេ​នៅក្នុង​តំបន់​អាស៊ាន​។ បច្ចុប្បន្ន អត្រាពន្ធ​លើ​ផលិតផល​ថ្នាំជក់​ធៀប​តម្លៃ​លក់រាយ​នៅ​កម្ពុជា មាន​ត្រឹមតែ​២៥​ភាគរយ ចំពោះ​បារី​ក្នុងស្រុក និង​៣១,១​ភាគរយ សម្រាប់​បារី​នាំចូល ខណៈ​ប្រទេស​ថៃ​មាន​អត្រាពន្ធ​ធៀប​តម្លៃ​លក់រាយ ៧០​ភាគរយ សិង្ហ​បុរី​៦៧,៥​ភាគរយ និង​ភូមា​៥០​ទៅ​៦០​ភាគរយ ។​
 
​ជា​រៀងរាល់ឆ្នាំ ពលរដ្ឋ​កម្ពុជា​ចំនួន​១៥,០០០​នាក់​ស្លាប់ ដោយសារ​ជំងឺ​បង្កដោយ​ការប្រើប្រាស់​ថ្នាំជក់​។ លើសពីនេះ ការប្រើប្រាស់​ថ្នាំជក់​បណ្ដាលឱ្យ​ខាតបង់​ទឹកប្រាក់​៦៤៩​លាន​ដុល្លា​ក្នុង​មួយឆ្នាំ ដែល​ស្មើនឹង​៣​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​របស់​កម្ពុជា​។ ក្នុងនោះ ៥៨៤​លាន​ដុល្លារ បណ្ដាលមកពី​ការខាតបង់​ផលិតភាព​សេដ្ឋកិច្ច គឺ​មរណភាព​មុន​អាយុ​កំណត់ ផលិតភាព​ធ្លាក់ចុះ​ពី​ការ​សម្រាក​ជក់បារី និង​អវត្តមាន​ពី​ការងារ​។​ល​។ យោងតាម​ការសិក្សា​រប​ស់ការ​អង្គការសហប្រជាជាតិ​៕
 
 

Tag:
 ពន្ធ​
  ថ្នាំជក់​
  បារី​
  វេជ្ជបណ្ឌិត​មុំ គង់​
© រក្សាសិទ្ធិដោយ thmeythmey.com