COVID-19
ជាតិ
​ក្នុង​បរិបទ​កូ​វីដ​-១៩ លោក អ៊ិន សំណាង បង្កើន​ការដាំ​បន្លែ​នៅផ្ទះ​
30, Dec 2020 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖ លោក អ៊ិន សំណាង ជា​កសិករ​ចិញ្ចឹម​បង្កង​អូស្ត្រាលី​ម្នាក់ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រា​ធានី​ភ្នំពេញ​។ ក្រៅពី​អាជីព​នេះ លោក សំណាង បាន​ឆ្លៀតពេល​ដាំ​ដំណាំ​ជាច្រើន​ប្រភេទ​នៅក្រោយ​ផ្ទះ ដើម្បី​បរិភោគ​នៅក្នុង​គ្រួសារ​ផងដែរ​។ កសិករ​រូបនេះ ក៏​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ ឆ្លៀតពេល​ដាំ​បន្លែ​នៅក្រោយ​ផ្ទះ ឬ​ទីធ្លា​ទំនេរ ដូច​លោក​ផងដែរ​។​


​សូម​អញ្ជើញលោក​អ្នកនាង ទស្សនា​បទ​សម្ភាស រវាង កញ្ញា ផាត ដា​ណេ អ្នកសារព័ត៌មាន ThmeyThmey25 និង​លោក អ៊ិន សំណាង អ្នក​ដាំ​បន្លែ​នៅផ្ទះ​ដូចតទៅ​៖
​មិនមែន​ទើបតែ​ដាំ​ដំណាំ​នៅផ្ទះ ពេល​កើតមាន​ជំងឺ​កូ​វីដ​-១៩​ទេ លោក សំណាង បាន​ដាំ​ដំណាំ​ទាំងអស់នេះ​រយៈពេល​៥​មកហើយ​។ ក្នុង​បរិបទ​កូ​វីដ​-១៩​នេះ រឹតតែ​ជំរុញ​ទឹកចិត្ត ឲ្យ​លោក​ពង្រីក​ការដាំ​កាន់តែច្រើន​បន្ថែមទៀត​។  ផ្ទះ​របស់លោក មាន​ដំណាំ​ច្រើន​ប្រភេទ​ដូចជា ត្រកួន ស្ពៃ​ខ្មៅ ននោង ត្រឡាច រមៀត ស្លឹកគ្រៃ ជីគ្រប់មុខ ម្ទេស និង​ស្លឹក​តើយ ជាដើម​។ ដំណាំ​ទាំងនេះ លក់​មិន​ធ្វើ​អាជីវកម្ម​ឡើយ តែ​លោក តែង​ចែកជូន​ពលរដ្ឋ​ដែល​នៅក្បែរ​ផ្ទះ អតិថិជន​ដែល​មក​ទិញ​បង្កង​លោក និង​មិត្តភក្ដិ​របស់លោក​។​
 
​លោក អ៊ិន សំណាង បាន​ប្រាប់​ThmeyThmey25 ដូច្នេះ​ថា​៖«​ការដាំ​បន្លែ​នេះ ជា​ចំណង់​ចំណូលចិត្ត​របស់ខ្ញុំ​យូរហើយ​។ ការដាំ​នេះ ជា​លក្ខណៈ​គ្រួសារ មិនធំ​អ្វី​ទេ​»​។ 
 
​លោក បន្តថា ដំណាំ​ទាំងនេះ លោក ដាំ​ដោយ​ប្រើ ជី​អាចម៍គោ កាកសំណល់​ផ្ទះបាយ និង​អតិសុខុមប្រាណ សម្រាប់​ស្រោចស្រព​លើ​ដំណាំ​។ លោក សំណាង ឆ្លើយ​ដោយ​រីករាយ​ដូច្នេះ​ថា បន្ទាប់ពី​ឃើញ​ដំណាំ​របស់លោក មិត្តភក្ដិ​ដែល​រស់នៅ​ក្នុងផ្ទះ​បុរី បាន​សួរនាំ​ពី​បច្ចេកទេស​ដាំ និង​បាន​ដាំ​ដំណាំ​នៅផ្ទះ​ដូចជា​រូបលោក​ផងដែរ​។ 
 
​បុរស​វ័យ​៤៩​ឆ្នាំ​រូបនេះ សប្បាយចិត្ត​ជាមួយ​ការងារ​ដំណាំ​មួយ​នេះ​ណាស់ លោក បានចាត់ទុក​ការងារ​នេះ​ជា​រឿង​សំខាន់​ក្នុង​ជីវិត​របស់លោក ព្រោះ​នៅពេល​ធ្វើ​វា ដូច​ជាការ​ប្រាណ ហើយ​ទទួលបាន​ដំណាំ​សុវត្ថិភាព​មួយ​សម្រាប់​បរិភោគ​ក្នុង​គ្រួសារ​ដោយមាន​ទំនុកចិត្ត​៕
 

Tag:
 អ៊ិន សំណាង​
© រក្សាសិទ្ធិដោយ thmeythmey.com