ជាតិ
​ទៅលេង​ស្រុក​កណ្តៀង កុំ​ភ្លេច​ភ្លក់​រសជាតិ​នំ​បញ្ចុក​ផាក​ឡូ​វរ​បស់​អ្នកស្រី ទូច ជៀវ​លីង​!
02, Jan 2021 , 7:29 pm        
រូបភាព
​ពោធិ៍សាត់​៖ នំ​បញ្ចុក​ផាក​ឡូ​វ ជា​គំនិត​អាជីវកម្ម​របស់​អ្នកស្រី ទូច ជៀវ​លីង តាំងពី​ប្រមាណ​៣០​ឆ្នាំមុន​ម្ល៉េះ ហើយ​សព្វថ្ងៃ​អ្នកស្រី​នៅតែ​បន្ត​របរ​មួយ​មុខ​នេះ មិន​ផ្លាស់ប្តូរ​ឡើយ​។ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ក្បាលហុង ឃុំ​វាល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ទីតាំង​លក់​នំ​បញ្ចុក​ផាក​ឡូ​វ​របស់​អ្នកស្រី ជៀវ​លីង ទទួលបាន​ការនិយម​ខ្លាំង​ពី​ពលរដ្ឋ និង​អ្នកទេសចរ​។  រសជាតិ​ថ្មី ប្លែក នៃ​នំ​បញ្ចុក​ផាក​ឡូ​វរ​បស់​អ្នកភូមិ​ក្បាលហុង​រូបនេះ បាន​ទាក់ចិត្ត​ភ្ញៀវ​ជាច្រើន ហើយ​ថ្ងៃ​ខ្លះ អ្នកស្រី ទូច ជៀវ​លីង អាច​លក់​អស់​នំ​បញ្ចុក​ដល់​ទៅ​៥០​គីឡូក្រាម​ផង​ក៏មាន​។

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញលោក​អ្នកនាង ទស្សនា​កិច្ច​សម្ភាស​រវាង កញ្ញា ផាត ដា​ណេ នៃ​សារព័ត៌មាន Thmeythmey25 និង​អ្នកស្រី ទូច ជៀវ​លីង ដូចតទៅ​៖
 
​អ្នកស្រី ទូច ជៀវ​លីង ជា​លក់​នំ​បញ្ចុក​ផាក​ឡូ​វ ជាង​៣០​ឆ្នាំ​ហើយ នៅ​ភូមិ​ក្បាលហុង ឃុំ​វាល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។ នំ​បញ្ចុក​ផាក​ឡូ​វ ដែល​អ្នកស្រី ជៀវ​លីង បាន​ច្នៃប្រឌិត​ដោយ​ខ្លួនឯង​នេះ​មិន​ស្រូបទឹក​សម្លរ​ប្រហើរ ឬ​សម្លរ​ការី ដែល​អ្នក​ធ្លាប់​ទទួលទាន​ជាទូទៅ​នោះទេ ពោលគឺ​គ្រឿងផ្សំ​ចម្បង​គឺ​នំ​បញ្ចុក​,​សាច់​ផាក​ឡូ​វ​,​ជ្រក់ល្ហុង​, ទឹក​ផាក​ឡូ​វ និង​ល្បោយ​នំ​បញ្ចុក​ផ្សេងទៀត​ដូចជា​សណ្ដែកបណ្ដុះ​,​តាសក់ និង​ជីគ្រប់មុខ​។ 


 
​រសជាតិ​ឆ្ងាញ់ ប្លែក របស់​នំ​បញ្ចុក​ផាក​ឡូ​វរ​បស់ ស្ត្រី​រូបនេះ បានធ្វើ​ឲ្យ​អតិថិជន​នៅ​តំបន់​នោះ និង​អ្នកដំណើរ​ឆ្លងកាត់​ចូល​ភ្លក់​មិនសូវ​ដាច់​នោះឡើយ​។ បើតាម​អ្នកស្រី ទូច ជៀវ​លីង ជាទូទៅ​អ្នកស្រី យកនំ​បញ្ចុក​៥០​គីឡូក្រាម​មក​លក់ ជាមួយនឹង​សាច់​យក​ធ្វើ​ផាក​ឡូ​វ​៣០​គីឡូក្រាម​។ អ្នកស្រី អះអាង​ទៀតថា ថ្ងៃ​ដែល​លក់ដាច់​ខ្លាំង អាច​លក់​អស់​លើស​នំ​បញ្ចុក​៥០​គីឡូក្រាម​ដែល​ទទួល​យកមក​លក់​ជាប្រចាំ​ថ្ងៃនេះ​ទៀត ប៉ុន្តែ​ក៏មាន​ថ្ងៃ​ខ្លះ លក់​មិន​អស់​ដែរ​។ អ្នកស្រី ចាប់ផ្តើម​លក់​នំ​បញ្ចុក​ផាក​ឡូ​វ ចាប់ពី​ម៉ោង​២​ថ្ងៃ ដល់​ម៉ោង​៧​យប់ ហើយ​ក្នុង​មួយ​ចាន​តម្លៃ​ពី​៥​ពាន់​រៀល ទៅ​៨​ពាន់​រៀល​។  
 
​ទោះជា​របរ​នេះ​បានផ្តល់​ប្រាក់ចំណូល​សម​រម្យ ហើយ​ក៏មាន​អតិថិជន​គាំទ្រ​ច្រើន​យ៉ាងណាក្តី ក៏​អ្នកស្រី ជៀវ​លីង គ្មាន​បំណង​ពង្រីក​របរ​នេះ​បន្ថែមទៀត​ដែរ ព្រោះតែ​ង្ន​ក​ស្រី​មាន​វ័យ​កាន់តែច្រើន​ទៅហើយ និង​ម្យ៉ាងទៀត​អ្នកស្រី​សង្កត់ធ្ងន់ថា របរ​នេះ​ហត់នឿយ រវល់​ពី​ព្រលឹម​ទល់​ព្រលប់​មិនមាន​ពេល​សម្រាក​នោះទេ​៕
 

អ្នកស្រី ទូច ជៀវលីង

Tag:
 នំ​បញ្ចុក​ផាក​ឡូ​វ​
 ​ពោធិ៍សាត់​
 ​ទូច ជៀវ​លីង​
© រក្សាសិទ្ធិដោយ thmeythmey.com