បទយកការណ៍ / បទសម្ភាសន៍
ជាតិ
កីឡាជាតិ
Aleksandar Duric ជឿជាក់ថា យុវជន​បាល់ទាត់​កម្ពុ​ជា​កំពុង​បោះជំហាន​ទៅមុខ
26, Nov 2013 , 11:22 am        
រូបភាព
Aleksandar Duric អតីត​កីឡាករ​ជម្រើសជាតិ​សិង្ហ​បុរី​ដើមកំណើត​បូ​ស្ន៊ី បានមក​កាន់​ប្រទេស​កម្ពុជា​កាលពី​ចុង​សប្តាហ៍​មុន​ក្រោម​ការរៀបចំ​របស់​សណ្ឋាគា​រ​ណាហ្គា​វើ​ល ដើម្បី​ចែករំលែក​បទពិសោធន៍​របស់ខ្លួន​ដល់​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម១៩ឆ្នាំ​របស់​កម្ពុជា ក្រុមយុវជន​ភ្នំពេញ​ក្រោ​ន និង​ក្លិប ណា ហ្គា​ខ​ប។ ខ្សែប្រយុទ្ធ​ជើងចាស់​វ័យ៤៣ឆ្នាំ​រូបនេះ ដែល​កំពុង​លេង​ឲ្យ​ក្លិប Tampines Rovers បាន​បទ​សម្ភាស​ដល់​លោក អ៊ឹង ចំរើន អ្នកយកព័ត៌មាន​គេហទំព័រថ្មីៗ ជុំវិញ​វត្តមាន​ជា​លើកដំបូង​របស់គាត់​នៅ​កម្ពុជា រួមទាំង ការយល់ឃើញ​នានា​របស់លោក​លើ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង World Cup នាពេលខាងមុខ។



តើ​លោក​ចាប់អារម្មណ៍​អ្វីខ្លះ​លើ​បាល់ទាត់​កម្ពុជា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ជា​លើកដំបូង​នៅទីនេះ?
Duric៖ ខ្ញុំ​ពិត​មាន​ជា​ក្តីសប្បាយ​រីករាយ​ណាស់​ដែល​បាន​ចែករំលែក​ពិសោធន៍​បាល់ទាត់​របស់ខ្ញុំ​ដល់​យុវជន​កម្ពុជា។ ខ្ញុំ​ជឿជាក់​ពួកគេ​មួយចំនួន​នឹង​ក្លាយជា​កីឡាករ​បាល់ទាត់​ឆ្នើម​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា។ ប៉ុន្តែ​អ្វីដែល​យើង​ត្រូវ​ចោទសួរ​នៅពេលនេះ គឺថា តើ​ពួកគេ​ប៉ុន្មាន​នឹង​ផ្តោតទៅលើ​អាជីព​ជា​កីឡាករ​បាល់ទាត់។ វា​មិនមែនជា​ការងាយស្រួល​នោះឡើយ ពីព្រោះ​យុវជន​ត្រូវ​រៀន​ច្រើន​បន្ថែមទៀត។ ខ្ញុំ​សង្កេតឃើញថា យុវជន​កម្ពុជា មាន​គ្រូ​ល្អ គ្រូ​ជំនួយ​ល្អ ដូច្នេះ ពួកគេ​នឹង​បោះជំហាន​ទៅមុខ។

លោក​ធ្លាប់​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាច្រើនលើក តើ​លោក​មានការ​យល់ឃើញ​យ៉ាងណា​ចំពោះ​ក្រុម​ជម្រើសជាតិ​មួយ​នេះ?
Duric៖ [សើច!] ខ្ញុំ​ធ្លាប់មាន​អនុស្សាវរីយ៍​ដ៏​ជូរចត់​មួយ គឺ​ខ្ញុំ​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​នា​ជំនួប​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​កាលពី​ឆ្នាំ២០០៨ [នា​ព្រឹត្តិការណ៍ AFF Suzuki Cup] បន្ទាប់ពី​បាន​ចូល​លេង​ត្រឹមតែ២៥នាទី។ នេះហើយ​ជា​បាល់ទាត់។ ខ្ញុំ​គិតថា ជម្រើសជាតិ​កម្ពុជា​មាន​តែ​ការរីកចម្រើន​ទៅមុខ​តែប៉ុណ្ណោះ ជាពិសេស​ការចូលរួម​ពី​ដៃគូរ​វិនិយោគ​ក្នុង​វិស័យ​បាល់ទាត់។ ដៃគូរ​ឧបត្ថម្ភ​គឺ​ពិត​ជាមាន​សារសំខាន់​ក្នុង​ណាស់។ បាល់ទាត់​គឺជា​ជា​កីឡា​លេខ​មួយ​លំដាប់​ពិភពលោក ដូច្នេះ​កម្ពុជា​នឹងមាន​ការរីកចម្រើន​នៅពេលដែល​យុវជន​ជំនាន់​ក្រោយ​ទទួលបាន​នូវ​ការផ្គត់ផ្គង់​ត្រឹមត្រូវ។

សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នាពេលខាងមុខ តើ​លោក​គិតថា​ក្រុម​ណា​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍?
Duric ៖ ដូច​ខ្ញុំ​បានបញ្ជាក់​ហើយ ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ី នឹង​បោះជំហាន​ទៅមុខ ជាពិសេស​មី​យ៉ាន់​ម៉ា​ដែលមាន​ក្រុម​អ្នកគាំទ្រ​ដ៏​ងុប​ង​ល់​ជាច្រើន។ ក្រុម​ថៃ​ក៏​មិនអាច​មើលរំលង​បានដែរ ប៉ុន្តែ​ខ្ញុំ​មិន​បានដឹង​ច្បាស់​ពី​វៀតណាម​ឡើយ។ សម្រាប់​សិង្ហ​បុរី​វិញ យើង​ជា​ក្រុម​ល្អ ប៉ុន្តែ​បញ្ហា​គឺ​ត្រង់​ថា យើង​មិនមាន​ខ្សែប្រយុទ្ធ​ច្បាស់លាស់​នោះឡើយ។ និយាយ​ការប្រកួត​បាល់ទាត់​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​នេះ នឹងមាន​ភាព​តឹងតែង ព្រោះ​ក្រុម​ទាំងអស់​សុទ្ធ​តែមាន​សន្ទុះ​ដូចគ្នា។

តើ​លោក​មាន​គម្រោង​ចូលនិវត្តន៍​ពី​កីឡាករ​បាល់ទាត់​នៅពេលណា?
Duric៖ បច្ចុប្បន្ន ខ្ញុំ​មាន​កិច្ចសន្យា​មួយឆ្នាំ​ទៀត​ជាមួយ​ក្លិប [ ] ដូច្នេះ​ខ្ញុំ​មិនទាន់​ប្រាកដថា វា​ជា​ឆ្នាំ​ចុងក្រោយ​នៃ​អាជីព​របស់ខ្ញុំ​ឡើយ ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម។ តាម​គម្រោង ខ្ញុំ​នឹង​នៅតែ​ស្ថិត​ជាមួយ​បាល់ទាត់ តាមរយៈ​ការបង្ហាត់បង្រៀន​យុវជន​ជំនាន់​ក្រោយ។

អនាគត​ចង់​មក​ធ្វើ​គ្រូបង្វឹក​នៅ​កម្ពុជា​ដែរឬទេ?
Duric៖ ហាហា! នេះ​ជា​សំណួរ​ដ៏​សែនពិបាក​មួយ ប៉ុន្តែ​បច្ចុប្បន្ន​ខ្ញុំ​ផ្តោតលើ​ការលេង​មួយ​រដូវ​កាល​ទៀត។ យើង​មិនអាច​ដឹង​នូវ​អ្វីដែល​នឹង​កើតឡើង​ឡើយ ដូចជា​ឱកាស​ដែល​ខ្ញុំ​ក្លាយជា​កីឡាករ​ជម្រើសជាតិ​របស់​សិង្ហ​បុរី​យ៉ាង​ដូច្នោះ​ដែរ។ នៅក្នុង​ជីវិត​បាល់ទាត់ អ្នក​មិនដឹង​ឡើយ ជួនកាល​លោក​នឹង​អាច​ជួប​ខ្ញុំ​នៅ​កម្ពុជា​ម្តងទៀត​នាពេល​អនាគត។

ការប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក បាន​រកឃើញ​ក្រុម​ទាំង៣២ហើយ តើ​លោក​គាំទ្រ​ក្រុម​ណា?
Duric៖ អ៊ីតាលី​គឺជា​ក្រុម​ដែល​ខ្ញុំ​តែងតែ​តាមដាន​នៅ​រាល់​ព្រឹត្តិការណ៍ World Cup។ ប៉ុន្តែ​ឆ្នាំនេះ ខ្ញុំ​នឹង​ផ្តោតអារម្មណ៍​ទៅលើ​ក្រុម​បូ​ស្ន៊ី-ហេ​ហ្សេ​កូ​វី​ណា ដែលជា​ប្រទេស​កំណើត​របស់ខ្ញុំ​សម្រាប់​ការចូល​លេង​ជា​លើកដំបូង​នៅក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នេះ។ ប្រទេស​នៅ​អាមេរិក​ឡាទីន គឺជា​ក្រុម​ដែល​មិនអាច​រំលង​បាន ជាពិសេស​ក្រុម​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល។ ខ្ញុំ​អាច​ទស្ស​ទាយ​បាន​ថា ប្រេ​ស៊ី​ល និង​អាល្លឺម៉ង់ ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ៕



© រក្សាសិទ្ធិដោយ thmeythmey.com