COVID-19
អន្តរជាតិ
ឥណ្ឌា​ហាម​នាំចេញ​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​ផលិត​ក្នុងស្រុក​ទៅ​លក់​នៅ​បរទេស​
04, Jan 2021 , 3:52 pm        
រូបភាព
វ៉ាក់សាំងបង្ការជំងីកូវីដ-១៩ អភិវឌ្ឍដោយសាកលវិទ្យាល័យOxford និងក្រុមហ៊ុនAstraZeneca។ រូបភាព៖AFP
វ៉ាក់សាំងបង្ការជំងីកូវីដ-១៩ អភិវឌ្ឍដោយសាកលវិទ្យាល័យOxford និងក្រុមហ៊ុនAstraZeneca។ រូបភាព៖AFP
ដោយ:
​នៅ​ថ្ងៃទី​៣ មករា វិទ្យាស្ថាន Serum ដែល​ទទួលបន្ទុក​ផលិត​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZenenca អះអាងថា រដ្ឋាភិបាល​ឥណ្ឌា​ហាម​មិន​ឲ្យ​នាំចេញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឡើយ​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​របស់​ឥណ្ឌា​ជាមុនសិន​។ វិទ្យាស្ថាន Serum ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌា​ក្នុង​ការផលិត​វ៉ាក់សាំង AstraZenenca មួយ​ពាន់​លាន​ដូ​ស​។​

 
​រដ្ឋាភិបាល​ឥណ្ឌា កាលពី​ចុង​សប្ដាហ៍​មុន បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជាបន្ទាន់​វ៉ាក់សាំង​ពីរ​មុខ​របស់​ក្រុមហ៊ុន​អង់គ្លេស AstraZenenca និង​ក្រុមហ៊ុន​Bharat Biotech​។ វិទ្យាស្ថាន Serum ដែលជា​ក្រុមហ៊ុន​ផលិត​ឱសថ​ធំជាងគេ​លើ​លោក ទទួលបាន​ការអនុញ្ញាត​ឲ្យ​ផលិត​វ៉ាក់សាំង AstraZenenca ។ ទោះជា​យ៉ាងណា មន្ត្រី​ក្រុមហ៊ុន​នេះ អះអាងថា ខ្លួន​មិនអាច​នាំចេញ​វ៉ាក់សាំង​នេះ​ទៅ​លក់​នៅក្រៅ​ប្រទេស​ឡើយ ដោយ​រដ្ឋាភិបាល​ឥណ្ឌា​ចង់​ចាក់​ឲ្យ​ប្រជាជន​ឥណ្ឌា​ដែល​ងាយ​រងគ្រោះ​ជាមុនសិន​។​
 
​ឥណ្ឌា​ជា​ប្រទេស​ទី​ពីរ បន្ទាប់ពី​អាមេរិក​ដែលមាន​ករណី​ឆ្លង​កូ​វីដ​-១៩​ច្រើន​បំផុត​។ គិត​ត្រឹម​ថ្ងៃទី​៣​មករា ឥណ្ឌា​មាន​ករណី​ឆ្លង​ចំនួន​១០,៣​លាន​ករណី ជាសះស្បើយ​ចំនួន​៩,៩៣​លាន​ករណី និង​ស្លាប់​ចំនួន​ជាង​១៤​ម៉ឺន​នាក់​។​
 
​លោក Adar Poonawalla នាយក​ប្រតិបត្តិ​វិទ្យាស្ថាន Serum អះអាងថា គ្រឹះស្ថាន​របស់លោក ត្រូវ​រដ្ឋាភិបាល​ឥណ្ឌា​ហាម​មិន​ឲ្យ​លក់​វ៉ាក់សាំង​ទៅកាន់​ទីផ្សារ​ឯកជន​ផងដែរ ហើយ​ពេលនេះ អាច​ត្រឹមតែ​លក់​ទៅកាន់​រដ្ឋាភិបាល​ឥណ្ឌា​តែប៉ុណ្ណោះ​។ វិទ្យាស្ថាន​នេះ អះអាងថា នឹង​ដឹកជញ្ជូន​វ៉ាក់សាំង​ទៅកាន់​រដ្ឋ​នីមួយៗ ក្នុង​រយៈពេល​ប្រាំពីរ ទៅ​១០​ថ្ងៃ​បន្ទាប់ពី​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​រដ្ឋ​នីមួយៗ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AP ។​
 
​ក្នុងដំណាក់កាល​ដំបូង វិទ្យាស្ថាន Serum នឹង​ផលិត​វ៉ាក់សាំង​របស់ AstraZeneca ចំនួន​១០០​លាន​ដូ​ស សម្រាប់​ផ្គត់ផ្គង់​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា និង​លក់​ក្នុងតម្លៃ​២,៧៤​ដុល្លារ​ក្នុង​មួយ​ដូ​ស ហើយ​បង្កើន​តម្លៃ​បន្តិច​ម្តងៗ​។ ចំពោះ​តម្លៃ​លក់​ក្នុង​ទីផ្សារ​វិញ វ៉ាក់សាំង​នេះ​មានតម្លៃ​១៣,៦៨​ដុល្លារ​ក្នុង​មួយ​ដូ​ស​។​
 
​ការហាម​របស់​ឥណ្ឌា​មិន​ឲ្យ​នាំចេញ​វ៉ាក់សាំង​នេះ នឹង​ប៉ះពាល់​ដល់​យន្តការ​ពហុ​ភាគី COVAX ដែល​បង្កើតឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) សម្ព័ន្ធ​វ៉ាក់សាំង​GAVI និង​សម្ព័ន្ធ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង CEPI ដើម្បី​ចែកចាយ​វ៉ាក់សាំង​ដោយ​សមភាព​ទៅ​ឲ្យ​ប្រទេស​ក្រីក្រ​។ បើតាម លោក Poonawalla បម្រាម​របស់​ឥណ្ឌា​នឹង​ពន្យារពេល​ការនាំចេញ​វ៉ាក់សាំង​សម្រាប់​យន្តការ COVAX រហូតដល់​ខែមីនា ឬ​មេសា ឆ្នាំ​២០២១​។​
 
​នាយក​ប្រតិបត្តិ​រូបនេះ និយាយថា​វិទ្យាស្ថាន​របស់លោក មាន​គម្រោង​ផ្គត់ផ្គង់​វ៉ាក់សាំង​ពី​២០០ ទៅ​៣០០​លាន​ដូ​ស​ដល់ COVAX នៅត្រឹម​ចុងឆ្នាំ​២០២១​។ ជាមួយ​ការទទួលស្គាល់​ពី​បញ្ហា​ប្រឈម​ក្នុងការ​ចែកចាយ​វ៉ាក់សាំង​រវាង​ឥណ្ឌា និង​យន្តការ COVAX  លោក Poonawalla និយាយថា ពេលនេះ​វ៉ាក់សាំង​មិនអាច​ផ្តល់​ឲ្យ​មនុស្ស​គ្រប់គ្នា​បានឡើយ​។​
 
​ក្រៅពី​រោងចក្រ​ក្នុងស្រុក វិទ្យាស្ថាន Serum ក៏​កំពុង​ចរចា​ជាមួយ​បង់​ក្លា​ដែ​ស អា​រ៉ា​ប៊ី​សា​អូឌីត និង​ម៉ា​រ៉ុ​ក​ដើម្បី​ផលិត​វ៉ាក់សាំង​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​បន្ថែម​មក​ឥណ្ឌា និង​សម្រាប់​ប្រើប្រាស់​ក្នុងប្រទេស​ដទៃទៀត​។ លោក Poonawalla លើកឡើងថា បើទោះបីជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​សម្រេចបាន​ដូច​ផែន​ការដែល​បានគ្រោង​ទុក​ក្តី កង្វះខាត​វ៉ាក់សាំង អាច​កើតមាន​នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ផងដែរ​៕
 
 
 
 

Tag:
 ឥណ្ឌា​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com