COVID-19
អន្តរជាតិ
រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា អំពាវនាវ​ឲ្យ​ពលរដ្ឋ​បរិច្ចាគ​លុយ​ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩
07, Jan 2021 , 10:29 pm        
រូបភាព
​មី​យ៉ាន់​ម៉ា កំពុង​ស្វែងរក​ការបរិច្ចាគ​ថវិកា​ពី​សាធារណជន​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ទន្ទឹមនេះ​។ ក្រសួងផែនការ​, ហិរញ្ញវត្ថុ និង​ឧស្សាហកម្ម ប្រកាស​នៅ​ថ្ងៃទី​៥ ខែមករា ថា រដ្ឋាភិបាល ក៏បាន​បង្កើត​គណនី​ពីរ​ដើម្បី​ទទួល​លុយ​បរិច្ចាគ​នេះ​។ លើសពីនោះ​ទីក្រុង​ណៃ​ពិដោ ក៏​ចរចា​ជាមួយ​ដៃគូ​តំបន់ និង​អន្តរជាតិ​ដើម្បី​ទទួលបាន​កម្ចី​សម្រាប់​ទិញ​វ៉ាក់សាំង​សម្រាប់​ចាក់​លើ​ប្រជាជន​។

 
​ជា​ផ្នែក​មួយ​នៃ​ការទប់ស្កាត់​ការ​រាតត្បាត​កូ​វីដ​-១៩ នៅក្នុង​ប្រទេស មី​យ៉ាន់​ម៉ា​បាន​បង្កើត​មូលនិធិ​មួយ ដោយ​អំពាវនាវ​ឲ្យ​សប្បុរសជន​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស បរិច្ចាគ​ថវិកា​ក្នុង​ការទិញ​វ៉ាក់សាំង​។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ផែន​, ហិរញ្ញវត្ថុ និង​ឧស្សាហកម្ម​របស់​មី​យ៉ាន់​ម៉ា បាន​បង្កើត​គណនី​ធនាគា ចំនួន​២ គឺ​គណនី​លុយ​ដុល្លារ ដែលមាន​លុយ​ជាស្រេច​២៥០​លាន​ដុល្លារ និង​គណនី​លុយ​ជាតិ​ចំនួន​១​ពាន់​លាន​ក្យា​ត (៧៥​ម៉ឺន​ដុល្លារ​)​។​
 
​បន្ទាប់ពី​មានការ​អំពាវនាវ​រប​ស់​រដ្ឋាភិបាល សេដ្ឋី​មី​យ៉ាន់​ម៉ា បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជា​បន្តបន្ទាប់​។ លោក U Chit Khine សេដ្ឋី​មី​យ៉ាន់​ម៉ា បានប្រកាសថា លោក​បាន​បរិច្ចាគ​ទឹក​ប្រាក់​ចំនួន ១,៥​លាន​ដុល្លារ​ទៅ​រដ្ឋាភិបាល​ទុក​សម្រាប់​ទិញ​វ៉ាក់សាំង​។ ក្នុង​ថ្ងៃ​ដដែល លោក U Zaw Zaw អគ្គនាយក​មូលនិធិ Ayeyarwady បាន​បរិច្ចាគ​ចំនួន ១,៥​លាន​ដុល្លារ​។ កន្លងមក លោក U Zaw Zaw បាន​បរិច្ចាគ​ទឹកប្រាក់​ច្រើនជាង ១១​លាន​ដុល្លារ​ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩ ផងដែរ​។ 
 
​តាម​ការអះអាង​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ មានតម្លៃ​មួយ​ដូ​ស​ត្រឹមតែ​២​ដុល្លារ​ប៉ុណ្ណោះ ពោល​ប្រជាជន​ម្នាក់​ត្រូវ​ចំណាយ​បួន​ដុល្លារ​។ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​ចំណាយ​ច្រើន លើ​ការ​ស្តុក​ទុក និង​កម្មវិធី​ប្រើប្រាស់​វ៉ាក់សាំង​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Irrawady​។​
 
​ក្រៅពី​មូលនិធិ​របស់​សប្បុរស​ជន រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោ ក៏បាន​ចរចា​ជាមួយ​ធនាគារពិភពលោក​, ធនាគារ​អភិវឌ្ឍ​អាស៊ី​, ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដើម្បី​ស្វែងរក​កម្ចី​ប្រមាណ​៩៥០​លាន​ដុល្លារ សម្រាប់​ជា​មូលនិធិ​ទុក​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ។ 
 
​លោកស្រី អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ បាន​អះអាងថា មី​យ៉ាន់​ម៉ា​នឹង​ចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់ខ្លួន នៅក្នុង​ខែកុម្ភៈ​ខាងមុខនេះ​។ មី​យ៉ាន់​ម៉ា គ្រោង​ចាក់​វ៉ាក់សាំង​លើ​ប្រជាជន​របស់ខ្លួន​ចំនួន ៤០​ភាគរយ​នៃ​ប្រជាជន​សរុប ៥៤,៤ លាន​នាក់​នៅ​ដំណាច់ឆ្នាំ ២០២១​។ ចំណែក ៦០ ភាគរយ​ផ្សេងទៀត នឹង​ចាក់​នៅ​ឆ្នាំក្រោយៗ​ទៀត​។ 
 
​ជា​ប្រទេស​កំពុង​អភិវឌ្ឍ មី​យ៉ាន់​ម៉ា ជា​ភាគី​មួយ​នៃ​កម្មវិធី​ទទួលបាន​វ៉ាក់សាំង​ដោយ​ស្មើភាព COVAX របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ។ ក្រោម​កម្មវិធី COVAX មី​យ៉ាន់​ម៉ា ទទួលបាន​វ៉ាក់សាំង​សម្រាប់​ចាក់​លើ​ប្រជាជន​ខ្លួន ២០​ភាគរយ នៃ​ចំនួន ប្រជាជន​សរុប​។ វ៉ាក់សាំង​នេះ អាច​មកដល់​នៅក្នុង​ខែមេសា​។ 
 
​មី​យ៉ាន់​ម៉ា បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​បន្ថែម​ដែរ​។ រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​វិទ្យាស្ថាន Serum របស់​ឥណ្ឌា ដើម្បី​ទិញ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ឱសថ AstraZeneca ។ លើសពីនេះ មី​យ៉ាន់​ម៉ា ក៏បាន​ជជែក​ជាមួយ​ក្រុមហ៊ុន​ចិន Sinopharm និង Sinovac ដែរ​។ ក្រសួង​ហិរញ្ញវត្ថុ​មី​យ៉ាន់​ម៉ា អះអាងថា វ៉ាក់សាំង​ចិន ដែល​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជាបន្ទាន់​ពី​ចិន អាច​ទៅដល់​មី​យ៉ាន់​ម៉ា​នៅ​ដើមឆ្នាំ​២០២១ ។​
 
​គិត​ត្រឹម​ថ្ងៃទី​៦ ខែមករា មី​យ៉ាន់​ម៉ា មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​ចំនួន ១២៨១៧៨​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ២៧៨៥​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ១១១៤០១​នាក់​។ ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ មី​យ៉ាន់​ម៉ា ឈរ​នៅ​លំដាប់​ទី​៣ នៃ​ប្រទេស​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ច្រើនជាងគេ ដោយ​ឥណ្ឌូណេស៊ី ឈរ​នៅ​លំដាប់​ទី​១ និង​ហ្វីលីពីន ឈរ​នៅ​លំដាប់​ទី​២ ៕

Tag:
 មី​យ៉ាន់​ម៉ា​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com