COVID-19
អន្តរជាតិ
លោក លី ជា​មេដឹកនាំ​អាស៊ាន​ដំបូង​ដែល​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​របស់ Pfizer/BioNTech
08, Jan 2021 , 2:04 pm        
រូបភាព
លោកលី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរីទទួលវ៉ាក់សាំង។ រូបភាព៖ ក្រសូងទូរគមនាគមន៍ និងព័ត៌មានសិង្ហបុរី
លោកលី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរីទទួលវ៉ាក់សាំង។ រូបភាព៖ ក្រសូងទូរគមនាគមន៍ និងព័ត៌មានសិង្ហបុរី
ដោយ:
​លោក លី សៀន​ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បានទទួល​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​Pfizer/BioNTech​ថ្ងៃទី​៨ ខែមករា​នេះ​។ ការទទួល​វ៉ាក់សាំង​នេះ ធ្វើ​ឲ្យ​លោក​លី ក្លាយជា​ថ្នាក់ដឹកនាំ​ប្រទេស​អាស៊ាន​ដំបូងបង្អស់​ដែល​បង្ហាញ​ពី​ការទទួល​វ៉ាក់សាំង​ជា​សាធារណៈ​។​


​បុរី​រដ្ឋ​សិង្ហ​បុរី​ចាប់ផ្តើម​ផ្តល់​វ៉ាក់សាំង​ដល់​គ្រឹះស្ថាន​សុខាភិបាល មន្ទីរពេទ្យ និង​មន្ទី​ពហុ​ព្យាបាល​ឯកជន​នៅ​ថ្ងៃទី​៨ មករា​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ លោក លី សៀន​ឡុង ដែលជា​ប្រមុខ​រដ្ឋាភិបាល​សិង្ហ​បុរី ក៏បាន​ទទួល វ៉ាក់សាំង​កូ​វីដ​-១៩ នេះដែរ​នៅ​មន្ទីរពេទ្យ Singapore General Hospital(SGH)​។ 
 
«​ខ្ញុំ​ឆ្លៀតឱកាស​មក​ទទួល​វ៉ាក់សាំង​នៅ​ព្រឹក​នេះ ក្រោយ​រង់ចាំ​អស់​រយៈពេល​៣០​នាទី​»​។ នេះ​ជាការ​លើកឡើង​របស់លោក​លី ហើយលោក​បន្ត​អះអាងថា វា​ពុំមាន​ឥទ្ធិពល​អ្វី​កើតឡើង​ក្រោយ​ការចាក់​វ៉ាក់សាំង​នេះឡើយ​។ មេដឹកនាំ​រូបនេះ​បន្តថា លោក​ទទួលបាន​បណ្ណ​វ៉ាក់សាំង និង​ត្រឡប់មក​ទទួល​វ៉ាក់សាំង​ដូ​ស​ទី​២ នៅ​៣​សប្តាហ៍​បន្ទាប់​ទៀត​។​
 
«​គណៈរដ្ឋមន្ត្រី​របស់ខ្ញុំ និង​រូបខ្ញុំ រួមទាំង​អ្នកមាន​វ័យ​ចំណាស់​ជាងគេ នឹង​ទទួល​វ៉ាក់សាំង​ដំបូង​គេ​បំផុត​។ នេះ​ដើម្បី​បង្ហាញ​អ្នក ជាពិសេស​មនុស្ស​ចាស់ ថា​ពួកយើង​ជឿជាក់ថា​វ៉ាក់សាំង​មាន​សុវត្ថិភាព​»​។​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​រូប បន្ថែមថា ការចាក់​វ៉ាក់សាំង​មិន​ឈឺ​ឡើយ ហើយ​វា​ក៏មាន​ប្រសិទ្ធភាព និង​មាន​សារៈសំខាន់​។ នេះ​យោងតាម​ទូរទស្សន៍​សិង្ហ​បុរី CNA​។​

Was at Singapore General Hospital this morning to take a look at the start of COVID-19 vaccinations for healthcare...

Posted by Lee Hsien Loong on Thursday, 7 January 2021
 
​ចំពោះ​ការចាក់​វ៉ាក់សាំង​នេះដែរ លោក Gan Kim Yong រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សិង្ហ​បុរី ក៏​បានដែរ​អះអាងថា​លោក​កំពុង​រៀបចំ​ផែនការ​ក្នុង​ការផ្តល់​វ៉ាក់សាំង​ដល់​សមាជិក​គណៈរដ្ឋមន្ត្រី​។ ក្រៅពី​នាយករដ្ឋមន្ត្រី លោក​Kenneth Mak នាយក​សេវា​សុខាភិបាល ដែល​ទទួលបន្ទុក​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក៏​ទទួលបាន​វ៉ាក់សាំង​នា​ថ្ងៃទី​៨ មករា​នេះដែរ​។​
 
​តាមពិតទៅ សិង្ហ​បុរី ទទួលបាន​វ៉ាក់សាំង ជំងឺ​កូ​វីដ​-១៩ ជើង​ដំបូង​របស់​ក្រុមហ៊ុន Pfizer/BioNTech នៅ​ថ្ងៃទី​២១ ខែ​ធ្ន ឆ្នាំ​២០២០​។ កាលពី​ថ្ងៃទី​៣០ ធ្នូ ឆ្នាំ​២០២០ រដ្ឋ​អាស៊ាន​មួយ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដោយ​ផ្តល់​អាទិភាព​ទៅ​បុគ្គលិក​សុខាភិបាល​ជួរមុខ ដោយ​ផ្តល់​វ៉ាក់សាំង​ទៅ​បុគ្គលិក​ចំនួន​៤០​នាក់ នៅ​មជ្ឈមណ្ឌល​ជាតិ​នៃ​ជំងឺឆ្លង​។​
 
​ដោយឡែក ក្រសួងសុខាភិបាល​សិង្ហ​បុរី​អះអាង​ដែរ​ថា មនុស្ស​វ័យ​ចំណាស់​ចាប់ពី​៧០​ឆ្នាំ​ឡើងទៅ នឹង​ទទួលបាន​វ៉ាក់សាំង​នៅ​ខែកុម្ភៈ​ខាងមុខ​។ សិង្ហ​បុរី នឹង​ផ្តល់​វ៉ាក់សាំង​ដល់​ពលរដ្ឋ និង​អ្នកស្នាក់នៅ​សិង្ហ​បុរី​រយៈពេល​យូរ​ដោយ​មិន​គិតថ្លៃ​។ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ក៏​អំពាវនាវ​ផងដែរ​ឲ្យ​ពលរដ្ឋ​ទៅ​ទទួល​វ៉ាក់សាំង​នៅពេល​មកដល់​។​
 
​អាជ្ញាធរ​វិទ្យាសាស្ត្រ​សុខាភិបាល​សិង្ហ​បុរី និង​អ្នកជំនាញ បានអនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​នេះ​សម្រាប់​មនុស្ស​អាយុ​ចាប់ពី​១៦​ឆ្នាំ​ឡើងទៅ​។ ការផ្តល់​វ៉ាក់សាំង​នៅ​សិង្ហ​បុរី​អាច​នឹង​បញ្ចប់​នៅត្រឹម​ចុងឆ្នាំ​២០២១ បើសិនជា​គ្មាន​ការរំខាន​ណាមួយ​។​ទោះជា​យ៉ាងណា ក្រសួងសុខាភិបាល​សិង្ហ​បុរី សង្កត់ធ្ងន់ថា វ៉ាក់សាំង​នឹងមិន​បញ្ចប់​ជំងឺ​កូ​វីដ​-១៩​ភ្លាមៗ​ឡើយ តែ​វ៉ាក់សាំង​នឹង​អនុញ្ញាត ឲ្យ​សិង្ហ​បុរី​ត្រឡប់មក​ស្ថានការណ៍​ដើម​វិញ​ប៉ុណ្ណោះ​៕
 
 

Tag:
 សិង្ហ​បុរី​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com