COVID-19
អន្តរជាតិ
សឹង្ហ​បុរី ជា​ប្រទេស​ទីមួយ​នៅ​អាស៊ាន​ចាប់ផ្ដើម​វ៉ាក់សាំង​កូ​វីដ​-១៩
30, Dec 2020 , 12:29 pm        
រូបភាព
គិលានុបដ្ឋាកយិកា Sarah Lim ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩។ រូបថតកាត់ចេញពីវីដេអូបង្ហោះលើវេបសាយ CNA
គិលានុបដ្ឋាកយិកា Sarah Lim ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩។ រូបថតកាត់ចេញពីវីដេអូបង្ហោះលើវេបសាយ CNA
ដោយ:
​នៅ​ថ្ងៃទី​៣០ ធ្នូ សិង្ហ​បុរី​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដោយ​ផ្តល់​អាទិភាព​ទៅ​បុគ្គលិក​សុខាភិបាល​ជួរមុខ​។ សិង្ហ​បុរី អះអាងថា ខ្លួន​ជា​ប្រទេស​ដំបូង​នៅ​អាស៊ី ដែល​ប្រើប្រាស់​វ៉ាក់សាំង​Pfizer បន្ទាប់ពី​អង់គ្លេស កាណាដា អាមេរិក និង​សហភាព​អឺរ៉ុប និង​ជា​ប្រទេស​ទីមួយ​នៅ​តំបន់​អាស៊ាន​ដែល​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​។

 
​លោកស្រី Sarah Lim ដែលជា​គិលានុបដ្ឋាយិកា និង​បុគ្គលិក​សុខាភិបាល​ជាង​៣០​រូប​ផ្សេងទៀត​នៅ​មជ្ឈមណ្ឌល​ជាតិ​ជំងឺឆ្លង​សិង្ហ​បុរី ទទួលបាន​វ៉ាក់សាំង​កូ​វីដ​-១៩ ដំបូង​គេ​នៅ​សិង្ហ​បុរី​។ នេះ​បើ​យោងតាម​សារព័ត៌មាន​សិង្ហ​បុរី The Straits Times ។ 
 
​សិង្ហ​បុរី ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជើង​ដំបូង​របស់​ក្រុមហ៊ុន Pfizer/BioNTech នៅ​ថ្ងៃទី​២១ ខែធ្នូ ។ វ៉ាក់សាំង​បន្ថែមទៀត នឹងត្រូវ​បញ្ជូនមក​សិង្ហ​បុរី​នៅ​ប៉ុន្មាន​ខែ​បន្ទាប់​។ អាជ្ញាធរ​វិទ្យាសាស្ត្រ​សុខាភិបាល​សិង្ហ​បុរី និង​អ្នកជំនាញ បានអនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​នេះ​សម្រាប់​មនុស្ស​អាយុ​ចាប់ពី​១៦​ឆ្នាំ​ឡើងទៅ​។ 
 
​ក្នុង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​នេះ បុគ្គលិក​សុខាភិបាល​មាន​គ្រូពេទ្យ គិលានុបដ្ឋាយិកា​ដែល​ទទួលបន្ទុក​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ទទួលបាន​វ៉ាក់សាំង​នេះ​ដំបូង​គេ​។ គ្រឹះស្ថាន​សុខាភិបាល​រដ្ឋ និង​ឯកជន ចាក់​វ៉ាក់សាំង​នេះ​ដល់​បុគ្គលិក​របស់ខ្លួន​តាម​លំដាប់លំដោយ និង​នៅ​កន្លែង​រៀងៗ​ខ្លួន​។ 
​សម្រាប់​អ្នក​ដែល​ស្ថិតក្នុង​អាទិភាព​ទី​២ គឺ​ក្រុមមនុស្ស​ចាស់​ចាប់ពី​អាយុ​៧០​ឆ្នាំ​ឡើងទៅ ដោយ​ចាប់ផ្តើម​ចាក់​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២១​។​
 
​ទោះជា​យ៉ាងណា ក្រសួងសុខាភិបាល​សិង្ហ​បុរី សង្កត់ធ្ងន់ថា វ៉ាក់សាំង​នឹងមិន​បញ្ចប់​ជំងឺ​កូ​វីដ​-១៩​ភ្លាមៗ​ឡើយ តែ​វ៉ាក់សាំង​នឹង​អនុញ្ញាត ឲ្យ​សិង្ហ​បុរី​ត្រឡប់មក​ស្ថានការណ៍​ដើម​វិញ​ប៉ុណ្ណោះ​។ បន្ថែម​ពីនេះ ក្រសួងសុខាភិបាល​អះអាង​ថា ការធ្វើ​តេស្ត ការតាមដាន​អ្នក​ឆ្លង នឹងត្រូវ​បន្ត​អនុវត្ត​ដើម្បី​កាត់បន្ថយ​ការឆ្លង​ក្នុង​សហគម និង​រក្សា​កម្រិត​ឆ្លង​ក្នុង​អាត្រា​ទាប​។ ក្នុង​រយៈពេល​វែង ការផ្តល់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ នឹង​អនុញ្ញាត​ឲ្យ​សិង្ហ​បុរី​បើកចំហ​សេដ្ឋកិច្ច និង​សង្គម ដើម្បី​ព​ន្លឿ​ន​ការស្តារ​ប្រទេស​ឡើងវិញ​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​២៧ ធ្នូ ក្រសួងសុខាភិបាល​កត់​សម្គាល់ថា នៅពេលដែល​ការផ្តល់​វ៉ាក់សាំង​ក្តោប​ដណ្តប់​បាន​ដល់​ប្រជាជន​គ្រប់​ជ្រុងជ្រោយ អ្នក​ដែល​មិនអាច​ទទួល​វ៉ាក់សាំង នឹងមាន​ការពារ​ដោយ​ប្រយោល​។  អ្នកមាន​បញ្ហា​សុខភាព​ដូចជា​ប្រតិកម្ម​នឹង​វ៉ាក់សាំង ឬ​មិនអាច​បង្កើត​ភាពស៊ាំ​បាន នឹងមិន​អាច​ទទួល​វ៉ាក់សាំង​ឡើយ​។​
 
​ការផ្តល់​វ៉ាក់សាំង​សម្រាប់​ពលរដ្ឋ និង​អ្នករស់នៅ​សិង្ហ​បុរី នឹងត្រូវ​ធ្វើឡើង​ដោយ​ឥតគិតថ្លៃ ដោយ​អាច​នឹង​បញ្ចប់​នៅត្រឹម​ចុងឆ្នាំ​២០២១ បើសិនជា​គ្មាន​ការរំខាន​ណាមួយ​។ ស្របពេល​ជាមួយគ្នានេះដែរ អ្នកជំនាញ​សុខាភិបាល​នឹង​ផ្ដល់​ណែនាំ​ជា​បន្តបន្ទាប់​នៅពេល​មាន​វ៉ាក់សាំង​បន្ថែម សម្រាប់​ការចាក់​លើ​ក្រុមមនុស្ស​ផ្សេងទៀត​ដូចជា​អ្នករស់នៅ ឬ​ធ្វើការ​នៅ​កន្លែង​ដែល​ប្រឈម​ទៅនឹង​ការឆ្លង​រហ័ស និង​ការផ្ទុះ​ជំងឺឆ្លង​៕
 

Tag:
 សិង្ហ​បុរី​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com