ជាតិ
មន្ត្រី​សុខាភិបាល​៣៥​រូប​ឡើង​មុខតំណែង​ក្នុងនោះ​ប្រធាន​មន្ទីរ​២១​រូប​ក្លាយជា​ទីប្រឹក្សា​ក្រសួង​
12, Jan 2021 , 7:59 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាពេលចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា កន្លងមក
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាពេលចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា កន្លងមក
​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី តាមរយៈ​ព្រះរាជក្រឹត្យ​ចុះ​កាលពី​ថ្ងៃទី​៧ ខែមករា បាន​ត្រាស់បង្គាប់​តែងតាំង​មុខតំណែង​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​ផ្តល់​ឋានៈ​ជាទី​ប្រឹក្សា​ក្រសួង ដល់​មន្ត្រី​សុខាភិបាល​ចំនួន​៣៥​រូប​។​

 
​លោក កើត មៀ​ច​, លោក ម៉ី សំបូរ​, លោក ឡូ វាសនា​គី​រី និង​លោក ង៉ូ​វ កាង ត្រូវបានតែងតាំង​មុខតំណែង​ជា​រដ្ឋលេខាធិការ រីឯ​លោក បាន បុត្តា និង​លោក ហេង វុទ្ធី ក្លាយជា​អនុរដ្ឋលេខាធិការ​។​
 
​ក្នុងចំណោម​មន្ត្រី​២៩​នាក់ ដែល​ត្រូវបានតែងតាំង និង​ផ្តល់​ឋានៈ​ជាទី​ប្រឹក្សា​ក្រសួងសុខាភិបាល ៧​នាក់​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​បន្ថែម​លើ​ការងារ​បច្ចុប្បន្ន រួមមាន លោក សា​ផុន វឌ្ឍនៈ​, លោក សុខ សំអាង​, លោក ហុក គឹម​ចេង​, លោក ងី ម៉េង​, លោក លូ លី​យាង​, លោក ឈា ឆ​វណ្ណ និង​លោក លី សូ​វ៉ាន់ រីឯ​លោក ស៊ុ​ង វិ​ន​តៈ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​។​
 
​ទីប្រឹក្សា​២១​នាក់​ផ្សេងទៀត មាន​ឋានៈ​ស្មើ​អគ្គនាយក ដែល​សុទ្ធតែជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​។ ប៉ុន្តែ​ក្នុង​ព្រះរាជក្រឹត្យ មិនមាន​ឈ្មោះ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាត់ដំបង ព្រៃវែង និង​ត្បូងឃ្មុំ​នោះឡើយ​។​
 
​តាមពិតទៅ​ប្រធាន​មន្ទីរ​សុខាភិបាល​ទាំង​៤​រូបនោះ ក៏មាន​ឋានៈ​ផ្សេងទៀត​រួចទៅហើយ​ផងដែរ ដែល​ក្នុងនោះ លោក ងី មាន​ហេង (​ភ្នំពេញ​) ជាទី​ប្រឹក្សា​ក្រសួង លោក វឿ​ង ប៊ុន​រ៉េត (​បាត់ដំបង​) ជាទី​ប្រឹក្សា​សម្តេច ស ខេង រីឯ​លោក សេង បញ្ញា​ឬ​ទ្ធិ (​ព្រៃវែង​) និង​លោក កែវ វណ្ណៈ (​ត្បូងឃ្មុំ​) ជាទី​ប្រឹក្សា​សម្តេច ហេង សំរិន​៕

Tag:
 សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com