១. ការគ្រប់គ្រងជាតិស្ករ: ការគ្រប់គ្រងជាតិស្ករជាចំណុចសំខាន់នៃការគ្រប់គ្រងនិងការពារផលវិបាកនៃជំងឺទឹកនោមផ្អែមប្រភេទទី២។ អ្នកជំងឺត្រូវអនុវត្តតាមចំណុចមួយចំនួនដូចខាងក្រោម៖
- ស្វែងយល់ពីប្រភេទចំណីអាហារដែលសម្បូរជាតិស្ករនិងបរិភោគក្នុងបរិមាណសមរម្យ ដោយចៀសវាងបរិភោគអាហារដែលសម្បូរជាតិស្ករពីរបីមុខជាន់គ្នា
- ត្រូវស្វែងយល់ពីសន្ទស្សន៍ជាតិស្ករក្នុងចំណីអាហារ (សន្ទស្សន៍ជាតិស្ករជាល្បឿននៃការស្រូបចូលក្នុងឈាមនៃជាតិស្ករក្រោយពេលយើងទទួលទានចំណីអាហារដែលមានជាតិស្ករ។ អ្នកជំងឺទឹកនោមផ្អែមគប្បីបន្ថយចំណីអាហារដែលមានសន្ទស្សន៍ជាតិខ្ពស់)
- ហាត់ប្រាណជាប្រចាំ ៣០នាទី ២ទៅ៣ដងក្នុងមួយសប្តាហ៍។
- ស្វែងរកគ្រូពេទ្យនៅពេលដែលជាតិស្ករមិនអាចគ្រប់គ្រងបានតាមរយៈរបបអាហារនិងការហាត់ប្រាណ
- ជួសជាតិស្ករជាប្រចាំនិងកត់ត្រាទុក ហើយចៀសវាងជួសជាតិស្ករតែពេលព្រឹក រួចមិនបានជួសជាតិស្ករក្រោយអាហារ
២. គ្រប់គ្រងសម្ពាធឈាមៈ ការព្យាបាលអ្នកជំងឺទឹកនោមផ្អែមមិនមែនមានត្រឹមតែការបញ្ចុះជាតិស្ករនោះទេគឺត្រូវគិតអំពីសម្ពាធឈាមថែមទៀត ដើម្បីកាត់បន្ថយផលវិបាកនានា។ អ្នកជំងឺត្រូវអនុវត្តតាមចំណុចខាងក្រោយ៖
- បន្ថយការពិសាប្រៃ មានដូចជាគ្រឿងផ្អាប់
- រក្សាសម្ពាធឈាមឲ្យនៅក្រោម ១៤០/៩០mmHgសម្រាប់អ្នកជំងឺទឹកនោមផ្អែមទូទៅ និងក្រោយម១៣០/៨០mmHg សម្រាប់អ្នកជំងឺទឹកនោមផ្អែមដែលមានមុខងារតម្រងនោមធ្លាក់ចុះ
- ឆាប់ពិភាក្សាជាមួយគ្រូពេទ្យអំពីសម្ពាធឈាម ក្នុងករណីដែលសម្ពាធឈាមលោកអ្នកលើសពីកម្រិតដែលបានជម្រាបជូនខាងលើ
៣. គ្រប់គ្រងជាតិខ្លាញ់: អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ភាគច្រើនមានផលវិបាកលើសរសៃឈាមបេះដូង ខួរក្បាលនិងសរសៃឈាមនៅអវយវៈខាងក្រោមជាដើម។ ហេតុនេះហើយ ដើម្បីកាត់បន្ថយនូវហានិភ័យខាងលើ អ្នកជំងឺគួរគប្បីអនុវត្តដូចខាងក្រោម៖
- បន្ថយបរិភោគអាហារដែលមានខ្លាញ់ច្រើន ដូចជាអាហារដែលបំពង អាហារដែលចៀន ឬក៏គ្រឿងក្នុងសត្វ។ល។
- រក្សាកុំឲ្យលើសទម្ងន់
- ពិនិត្យជាតិខ្លាញ់យ៉ាងហោចណាស់១ដងក្នុង១ឆ្នាំ រួចប្រឹក្សាជាមួយគ្រូពេទ្យ តើជាតិខ្លាញ់របស់យើងលើសហើយឬនៅ?
៤. ពិនិត្យនិងតាមដានតម្រងនោម: ការសិក្សាបានបង្ហាញថា អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២នៅអាស៊ីយើងនេះ មានផលប៉ះពាល់លើតម្រងនោមខ្ពស់ ហេតុនេះហើយអ្នកជំងឺគួរគប្បីយល់ដឹងនិងអនុវត្តនូវចំណុចខាងក្រោម:
- ពិនិត្យមើលមុខងារតម្រងនោមតាមរយៈការពិនិត្យឈាម Creatinine, Urée ឲ្យបានយ៉ាងហោចណាស់១ដងក្នុង១ឆ្នាំ
- ពិនិត្យមើលទឹកនោម Microalbumine យ៉ាងហោចណាស់ឲ្យបាន១ដងក្នុង១ឆ្នាំ
- ពិភាក្សាជាមួយនឹងគ្រូពេទ្យអំពីការតាមដានតម្រង់នោមនិងព្យាបាលឲ្យបានទាន់ពេលវេលា។
- ចៀសវាងការយល់ច្រលំថា ថ្នាំពេទ្យដែលព្យាបាលជំងឺទឹកនោមផ្អែមនាំឲ្យខូចតម្រងនោម។ ផ្ទុយទៅវិញ ការគ្រប់គ្រងជំងឺទឹកនោមផ្អែមមិនបានល្អនោះទេដែលធ្វើឲ្យខូចតម្រងនោម
៥. ពិនិត្យនិងតាមដានភ្នែក: ជំងឺទឹកនោមផ្អែមប្រភេទទី២ អាចធ្វើឲ្យអ្នកជំងឺមានបញ្ហាបាតភ្នែក និងជំងឺភ្នែកមួយចំនួនទៀត ហេតុដូច្នេះហើយ អ្នកជំងឺគួរគប្បីអនុវត្តដូចខាងក្រោម៖
- ត្រួតពិនិត្យភ្នែកយ៉ាងតិចឲ្យបាន១ដងក្នុង១ឆ្នាំទោះបីមិនមានរោគសញ្ញាអ្វីក៏ដោយ
- ប្រឹក្សាជាមួយនឹងគ្រូពេទ្យភ្នែកក្នុងករណីមានរោគសញ្ញាដូចជាស្រវាំងភ្នែក ព្រិលភ្នែកជាដើម
៦. ពិនិត្យនិងតាមដានជើង: អ្នកជំងឺទឹកនោមផ្អែមប្រឈមមុខខ្ពស់នឹងការមានដំបៅក្រជា ឬក៏កាត់ម្រាមជើង ឬក៏កាត់ជើងតែម្តង ខ្ពស់ជាងអ្នកដែលមិនមានជំងឺទឹកនោមផ្អែម ហេតុដូច្នេះហើយមានចំណុចមួយចំនួនដែលយើងត្រូវអនុវត្តប្រតិបត្តិ៖
- ដុសសម្អាតជើងឲ្យបានស្អាតជាប្រចាំ
- ចៀសវាងយកទឹកក្តៅ ឬឆ្នាំអ៊ុតមកស្អំ
- ចៀសវាងដើរជើងទទេ
- ករណីមានដំបៅ ដាច់ខាតត្រូវតែទៅប្រឹក្សាជាមួយគ្រូពេទ្យទោះបីដំបៅនោះតូចយ៉ាងណាក៏ដោយ
៧. បញ្ឈប់ការជក់បារី: បារីនិងជំងឺទឹកនោមផ្អែម បើបូកបញ្ចូលគ្នាគឺជាគ្រោះធំរបស់អ្នកជំងឺ ។ ដាច់ខាតត្រូវតែបោះបង់ការជក់បារីឲ្យបាន កត្តាដែលគួរចងចាំគឺ៖
- អ្នកជក់បារីអាចប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែម៣០ទៅ៤០%លើសអ្នកអត់ជក់បារី
- អ្នកជំងឺទឹកនោមផ្អែមដែលជក់បារីប្រឈមមុខខ្ពស់ជាងអ្នកដែលអត់ជក់បារីទៅលើជំងឺសរសៃឈាមបេះដូង ការកាត់ជើង និងការខូចបាតភ្នែក
៨. ប្រឹក្សាជាប្រចាំជាមួយគ្រូពេទ្យ: អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ គួរតាមដានជាប្រចាំជាមួយគ្រូពេទ្យ:
- ចៀសវាងការលេបថ្នាំតាមគ្នា
- ចៀសវាងការទិញថ្នាំទឹកនោមផ្អែមដោយគ្មានវេជ្ជបញ្ជា
- ប្រឹក្សាអំពីថ្នាំដែលអ្នកជំងឺទទួលទានជាមួយគ្រូពេទ្យ៕
បកស្រាយដោយ៖ វេជ្ជ. ស៊ុំ សត្ថា
ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និង អ័រម៉ូន នៃមន្ទីរពេទ្យកាល់ម៉ែត
ភាតរះសមាជិក American College of Endocrinology៕