អន្តរជាតិ
លោក ម៉ូឌី ថា ឥណ្ឌាពឹងខ្លួនឯងទាំងស្រុងលើការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩
23, Jan 2021 , 11:40 pm        
រូបភាព
រថយន្តដឹកវ៉ាក់សាំងនៅឥណ្ឌា។ រូបថត Xinhua
រថយន្តដឹកវ៉ាក់សាំងនៅឥណ្ឌា។ រូបថត Xinhua
ដោយ៖ កង ម៉េងហុង
 
នាយករដ្ឋមន្រ្តីឥណ្ឌាលោក នារិន្ទ្រា ម៉ូឌី នៅថ្ងៃទី ២២ ខែមករា និយាយថា ឥណ្ឌាពឹងផ្អែកទាំងស្រុងលើសមត្ថភាពខ្លួនក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ។ មកទល់ពេលកនេះ ប្រជាជនឥណ្ឌាជាង១លាននាក់ទទួលបានវ៉ាក់សាំងកូវីដ-១៩ ក្នុងរយៈពេលមួយសប្តាហ៍នៃការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ដែលត្រូវបានផលិតក្នុងស្រុកផ្ទាល់។


ឥណ្ឌាបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងធំជាងគេបំផុតលើពិភពលោកតាំងពីថ្ងៃទី១៦ ខែមករា ដោយប្រើវ៉ាក់សាំងចំនួន២ប្រភេទដែលត្រូវបានផលិតក្នុងស្រុក។ វ៉ាក់សាំងមួយជាវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca សហការជាមួយសាកលវិទ្យាល័យ Oxford និងមួយផ្សេងទៀតត្រូវបានអភិវឌ្ឍនៅក្នុងស្រុកដោយក្រុមហ៊ុន Bharat Biotech ។
 
នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី បង្ហាញមោទកភាពចំពោះការប្រើប្រាស់វ៉ាក់សាំងដែលផលិតក្នុងស្រុកបែបនេះ។ ថ្លែងទៅកាន់បុគ្គលិកសុខាភិបាលតាមប្រព័ន្ធវីដេអូនៅថ្ងៃទី២២ ខែមករា លោក ម៉ូឌី និយាយថា ការរៀបចំចាក់វ៉ាក់សាំងរបស់ឥណ្ឌា បានសាយភាយដល់គ្រប់ទិសទីក្នុងប្រទេស។
 
«ចំពោះតម្រូវការវ៉ាក់សាំងដ៏ធំបំផុតរបស់ពិភពលោកសព្វថ្ងៃនេះ យើងពឹងផ្អែកលើខ្លួនឯងទាំងស្រុង។ មិនត្រឹមតែប៉ុណ្ណឹងទេ ឥណ្ឌាក៏កំពុងតែជួយវ៉ាក់សាំងដល់ប្រទេសជាច្រើនផងដែរ។» នាយករដ្ឋមន្ត្រីបន្ថែមបែបនេះ។ ឥណ្ឌាដែលត្រូវស្គាល់ថាជាឃ្លាំងឱសថពិភពលោក បានផ្តល់វ៉ាក់សាំងដល់ប្រទេសជិតខាងច្រើមានមាន បង់ក្លាដែស, នេប៉ាល់, ប៊ូតាន់, សីស្ហែល ម៉ូរីស និង ម៉ាល់ឌីវ។ ការដឹកជញ្ជូនវ៉ាក់សាំងទៅកាន់ប្រេស៊ីល និងម៉ារ៉ុក ក៏បានចាប់ផ្តើមនៅថ្ងៃទី២២ ខែមករាដែរ។
 
មួយសប្ដាហ៍ក្រោយចាប់ផ្ដើមកម្មវិធីវ៉ាក់សាំង ប្រជាជនជាងមួយលាននាក់ហើយ ទទួលបានវ៉ាក់សាំង។ ឥណ្ឌា ចាប់ផ្តើមការចាក់វ៉ាក់សាំងលើបុគ្គលិកសុខាភិបាលចំនួន ៣០ លាននាក់ និងបុគ្គលិកជួរមុខដទៃទៀតតាមលំដាប់ បន្ទាប់មកគឺដល់វេនប្រជាជនប្រមាណ២៧០លាននាក់ដែលមានអាយុលើសពី៥០ ឆ្នាំ ឬអ្នកដែលមានហានិភ័យខ្ពស់ព្រោះមានស្ថានភាពសុខភាពមិនល្អ។
 
ក្រៅពីវ៉ាក់សាំងពីរខាងលើ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ឥណ្ឌារំពឹងថា នឹងអនុម័តវ៉ាក់សាំងចំនួនពីរបន្ថែមទៀតគឺ Sputnik V របស់រុស្ស៊ី និង ZyCov-D របស់ក្រុមហ៊ុន Cadila Healthcare ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
 
ក្រសួងការបរទេសអាមេរិកក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌា។ ក្រសួងការបរទេសសរសេរតាមរយៈបណ្តាញសង្គម Twitter ថា៖«យើងសាទរចំពោះតួនាទីរបស់ឥណ្ឌាចំពោះបញ្ហាសុខភាពពិភពលោក ដោយបានចែករំលែកវ៉ាក់សាំងកូវីដ-១៩ ចំនួនរាប់លានដូសនៅអាស៊ីខាងត្បូង ។ ឥណ្ឌា ជាមិត្តពិតរបស់យើងដែលប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន ដើម្បីជួយពិភពលោក»។
 
គិតមកដល់ពេលនេះឥណ្ឌាមានករណីឆ្លងចំនួន ១០,៦៣ លានករណី ដែលជាចំនួនខ្ពស់បំផុត បន្ទាប់ពីអាមេរិក ខណៈដែលអ្នកស្លាប់មានចំនួន១៥ម៉ឺននាក់៕
 
 
 
 
 
 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com