ជាតិ
យុវជនល្ខោនខោលកម្ពុជា នឹងរៀបចំ«រាត្រីល្ខោនខោល»លើកទី២ នៅថ្ងៃទី២១ មីនា ក្នុងខេត្តស្វាយរៀង
25, Jan 2021 , 7:59 am        
រូបភាព
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ ក្រុមយុវជនល្ខោនខោលកម្ពុជា គ្រោងរៀបចំព្រឹត្តិការណ៍ «រាត្រីល្ខោនខោល» លើកទី២ នៅថ្ងៃទី ២១ ខែមីនា ក្នុងខេត្តស្វាយរៀង។ លោក ខុន ច័ន្ទសិទ្ធិការ្យ ប្រធានក្រុមយុវជនល្ខោនខោលកម្ពុជា ប្រាប់សារព័ត៌មានThmeyThmey25 ថា «រាត្រីល្ខោនខោល» លើកទី២នេះ ប្រារព្ធឡើងដើម្បីចូលរួមផ្សព្វផ្សាយ និងអភិរក្សនូវទម្រង់ល្ខោនខោល នូវទម្រង់ល្ខោន ឬរបាំផ្សេងៗទៀត ឲ្យកាន់តែទូលំទូលាយ ទៅកាន់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមខេត្ត។


ព្រឹត្តិការណ៍ «រាត្រីល្ខោនខោល» លើកទី២ នឹងរៀបចំនៅទីតាំងរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ចាប់ពីម៉ោង ៨កន្លះព្រឹក ដល់ម៉ោង៨យប់។ លោក ច័ន្ទសិទ្ធិការ្យ បញ្ជាក់ថា៖ «ក្រៅពីទស្សនីយភាព ការសម្ដែងល្ខោនខោល កម្មវិធីនេះមានតាំងពិព័រណ៍រូបថតល្ខោនខោល និងការសម្ដែងសិល្បៈផ្សេងៗទៀតដែរ»។


    រូបភាពផ្ដល់ដោយ លោក ខុន ច័ន្ទសិទ្ធិការ្យ ប្រធានក្រុមយុវជនល្ខោនខោលកម្ពុជា

បើតាមលោក ច័ន្ទសិទ្ធិការ្យ «រាត្រីល្ខោនខោល» លើកទី២នេះ ក្រោមកិច្ចសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងគាំទ្រដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នឹងមានទស្សនីយភាពជាច្រើន ដែលត្រៀមចែកជូនសាធារណជនទស្សនារួមមាន ការប្រគំស្គរឆៃយុំា របាំត្រុដិ ការបង្ហាញក្បាច់បាតស្វា លេងល្បែងប្រជាប្រិយ រាំកម្សាន្តចង្វាក់ប្រពៃណី ភ្លេងមហោរី ការសម្ដែងសៀក របាំជូនពរ ចាប៉ីដងវែង របាំគោះត្រឡោក ក្បាច់គុនល្បុក្កតោ និងចម្រៀងសម័យ។ 
 
នេះជាលើកទីពីរហើយ ដែលក្រុមយុវជនល្ខោលខោលកម្ពុជារៀបចំឡើងព្រឹត្តិការណ៍ «រាត្រីល្ខោលខោល» ដោយលើកទីមួយ ក្នុងឆ្នាំ ២០២០កន្លងទៅ «រាត្រីលោ្ខនខោល» ទាក់ទាញអ្នកទស្សនាប្រមាណ ២០០០នាក់ផងដែរ។
 
គួររំលឹកផងដែរថា យុវជនល្ខោនខោលកម្ពុជា ត្រូវបានបង្កើតឡើងដោយក្រុមសិល្បករជំនាញល្ខោនខោល ដែលភាគច្រើនមានសមាជិកជាមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលទទួលបានការបណ្ដុះបណ្ដាលពីសាលាមធ្យមវិចិត្រសិល្បៈ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងគោលបំណងប្រមូលធនធានសិល្បៈករលោ្ខនខោល រួមទាំងជំនាញពាក់ព័ន្ធ សហការគ្នាចូលរួមផ្សព្វផ្សាយសិល្បៈខែ្មរ ដែលផ្ដោតសំខាន់លើល្ខោនខោល។ យុវជនល្ខោនខោលកម្ពុជា បានសម្រេចស្នាដៃធំៗចំនួន៥រួចមកហើយ រួមមាន ការសម្ដែងល្ខោនខោល «ឈុតថលតយ័ន្ត», ព្រឹត្តិការណ៍ «ផ្ទះសិល្បៈ សម្ដែងសិល្បៈចម្រុះ និងតាំងពិព័រណ៍ស្នាដៃ», ការសម្ដែងល្ខោនខោល «ឈុតចម្បាំងសត្វតាឡុង», ព្រឹត្តិការណ៍ «ផ្ទះសិល្បៈលើកទី២» និងព្រឹត្តិការណ៍ «រាត្រីល្ខោនខោល» លើកទី១ ខេត្តកំពង់ស្ពឺ៕


 រូបភាពផ្ដល់ដោយ លោក ខុន ច័ន្ទសិទ្ធិការ្យ ប្រធានក្រុមយុវជនល្ខោនខោលកម្ពុជា


 រូបភាពផ្ដល់ដោយ លោក ខុន ច័ន្ទសិទ្ធិការ្យ ប្រធានក្រុមយុវជនល្ខោនខោលកម្ពុជា
 
 

Tag:
 ThmeyThmey25
 ទេសចរណ៍
  យុវជនល្ខោនខោលកម្ពុជា
  រាត្រីល្ខោនខោល
  ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com