ពីនេះ ពីនោះ
សុខភាព
៣ យ៉ាង ដើម្បី​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ដោយ​ខ្លួនឯង​
26, Jan 2021 , 6:59 am        
រូបភាព
​កូ​ឡេ​ស្តេ​រ៉ុល គឺជា​សារធាតុ​មួយ ដែល​អាច​បញ្ជាក់​អំពី សុខភាព​របស់​មនុស្ស​យើង​បាន​។ ដោយយោង​ទៅតាម សមាគមន៍​ជំងឺ​បេះដូង​អា​មេ​រិច (American Heart Association) កូ​ឡេ​ស្តេ​រ៉ុល គឺជា​សារធាតុ​ខ្លាញ់​មួយ​ប្រភេទ ដែល​រាងកាយ​យើង អាច​ផលិត​បាន​ដោយ​ខ្លួនឯង​ផង និង​យក​ចេញពី​ចំណីអាហារ​ផង​។ ថ្លើម មាន​តួនាទី​ផលិត​កូ​ឡេ​ស្តេ​រ៉ុល​បាន ហើយ​អាហារ​ដូចជា សាច់សត្វ សាច់មាន់ និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ សុទ្ធតែ​ផ្តល់​ជា​កូ​ឡេ​ស្តេ​រ៉ុល ដល់​រាងកាយ​បាន​ទាំងអស់​។ ទោះបីជា​យ៉ាងណាក៏ដោយ ថ្លើម​នឹង​ផលិត​កូ​ឡេ​ស្តេ​រ៉ុល កាន់តែច្រើន​បើសិនជា​របប​អាហារ​របស់​យើង មាន​សារធាតុ​ខ្លាញ់ Saturated និង Trans Fats ខ្ពស់​។​

 
​កូ​ឡេ​ស្តេ​រ៉ុល​មាន​ពីរ​ប្រភេទ​គឺ កូ​ឡេ​ស្តេ​រ៉ុល​ល្អ HDL និង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ LDL​។ កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​នេះហើយ ជា​អ្នកធ្វើ​ឲ្យ​ប្រឈម​ខ្ពស់ នឹង​ជំងឺ​លើស​សម្ពាធ​ឈាម គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។​
 
​តើ​យើង​អាច​កាត់បន្ថយ ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​រាងកាយ បាន​យ៉ាងដូច​ម្តេចទៅ​?
 
​បន្ថយ​ការ​ញ៉ាំ​អាហារ​សម្បូរ​ខ្លាញ់ Saturated, Trans Fat
​មនុ​សម្នាក់​អាច​បញ្ចុះ កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​ខ្លួន​បាន តាមរយៈ​ការកាត់បន្ថយ ការ​ញ៉ាំ​អាហារ​ទាំងឡាយណា ដែល​សម្បូរ​ខ្លាញ់ Saturated និង Trans Fat​។ មានន័យថា​អាហារ​ទាំងនោះ​មានដូចជា សាច់​ក្រហម​មាន​ខ្លាញ់ ប័​រ ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់ គួរតែ​ញ៉ាំ​ក្នុង​កម្រិត​មធ្យម​បាន​ហើយ​។ ផ្ទុយទៅវិញ អ្នក​គួរតែ​ញ៉ាំ​អាហារ​ណា ដែល​សំបូរ​ខ្លាញ់​អូ​មេ​ហ្គា​បី​វិញ​ដូចជា ត្រី​សាល​ម៉ុ​ន ត្រី​ធូ​ណា ឬ​ត្រី​សា​ឌី​ន​ជាដើម​។​
 
​ការ​ញ៉ាំ​សូកូឡា និង​តែ​
​សូកូឡា ត្រូវបាន​គេ​រកឃើញថា មាន​អង់​ទី​អុកស៊ីដ​ង់​ច្រើន ដែល​អាច​ជំរុញ​ដល់​ការផលិត​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ខ្លួន​បាន​។ តាម​ការសិក្សា​រកឃើញ​ថា អ្នក​ដែល​ញ៉ាំ​ម្សៅ​កូ​កូ​អា (Cocoa) បាន​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ រហូតដល់ ២៤ ភាគរយ​ក្នុង​រយៈពេល ១២ សប្តាហ៍ ខណៈពេលដែល​អ្នក​មិន​ញ៉ាំ​វា កើនឡើង​តែ​ប្រាំ​ភាគរយ​ប៉ុណ្ណោះ​។ សូកូឡា ដែល​ធ្វើឡើង​ដោយ​មិនមាន​ទឹកដោះគោ អាចជួយ​បង្ការ​ការ​កកកុញ​ប្លា​កែ​ត និង​កំណក​ឈាម​ក្នុង​សរសៃឈាម​បាន​។ ជាមួយគ្នានេះដែរ តែ​ក៏​ត្រូវបាន​គេ​ស្គាល់​ថា មាន​សមត្ថភាព​ជំរុញ​ដល់​ការរំលាយ​អាហារ និង​ប្រឆាំង​ជំងឺមហារីក​ដែរ​។ ការសិក្សា​បានបង្ហាញ​ថា តែ​ខ្មៅ ជួយ​កាត់បន្ថយ​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​រហូតដល់ ១០ ភាគរយ​ក្នុង​រយៈពេល ៣ សប្តាហ៍​។ អ្នកស្រាវជ្រាវ​ក៏បាន​សន្និដ្ឋានថា តែ​ប្រហែលជា​ជួយ​បន្ថយ ការ​ប្រឈម​នឹង​ជំងឺ​សរសៃឈាម​បេះដូង​ទៀត​។​
 
​សម្រក​ទម្ងន់​
​ដោយយោង​ទៅតាម​គេហទំព័រ Web MD បាន​ឲ្យ​ដឹងថា ការ​សម្រក​ទម្ងន់ ៤,៥ គីឡូគ្រាម មានន័យថា អ្នកនឹង​អាច​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន ៨ ភាគរយ​ដែរ​។ តាម​ការសិក្សា​បញ្ជាក់ថា យក​ល្អ គួរតែ​សម្រក​ទម្ងន់​ពី ០,៥ ទៅ ១ គីឡូក្រាម ក្នុង​រយៈពេល​មួយ​សប្តាហ៍ ក្នុង​មធ្យោបាយ ដែល​ផ្តល់​សុខភាព និង​សុវត្ថិភាព​គ្រប់​រូបភាព​ទាំងអស់​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com