ជាតិ
សង្គមជាតិ
ចាប់ពីយប់ថ្ងៃទី២ទៅ ប៉ូលិសភ្នំពេញ មិនលើកលែងចំពោះអ្នកបំពានបម្រាមគោចរឡើយ
02, Apr 2021 , 5:29 pm        
រូបភាព
កងកម្លាំង ដែលត្រូវចេញអនុវត្តបម្រាមគោចរក្នុងរាជធានីភ្នំពេញ (រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
កងកម្លាំង ដែលត្រូវចេញអនុវត្តបម្រាមគោចរក្នុងរាជធានីភ្នំពេញ (រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
ដោយ: ថ្មីៗ
ថ្ងៃដំបូង នៃការដាក់ចេញបម្រាមគោចរក្នុងរាជធានីភ្នំពេញ គឺថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នគរបាល លើកលែងចំពោះអ្នក ដែលធ្វើដំណើរ ក្រោយម៉ោង៨យប់ ដោយមិនចាប់យកយានយន្តរបស់ពួកគេឡើយ។ ប៉ុន្តែចាប់ពីយប់ថ្ងៃទី២នេះទៅ នគរបាល នឹងចាប់ផ្តើមអនុវត្តបម្រាមគោចរនេះយ៉ាងតឹងរ៉ឹង ដោយអ្នកដែលគ្មានភារកិច្ចចាំបាច់ ធ្វើដំណើរក្រោយម៉ោង៨យប់ នឹងប្រឈមនឹងការរឹបអូសយានយន្ត យកទៅរក្សាទុកមួយរយៈ។ 


 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា៖«លើកលែងម៉េច? អត់លើកលែងទេ ឲ្យតែគោរពតាមការណែនាំទៅ អត់អីទេ»។ លោក មិនប្រាប់ឡើយថា កងកម្លាំង ដែលពង្រាយក្នុងរាជធានីភ្នំពេញ ដើម្បីអនុវត្តបម្រាមគោចរ មានចំនូនប៉ុន្មាន ដោយលោក គ្រាន់តែប្រាប់ថា មានចំនួនច្រើន។ 
 
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រៀមបញ្ចេញទាំងកងកម្លាំងគ្រប់ផ្នែក ពិសេសកងកម្លាំងនៅការិយាល័យអន្តរាគមន៍នៃស្នការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងកម្លាំងនៅតាមខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ដើម្បីចេញអនុវត្តបម្រាមគោចរ។ លោក ថ្លែងថា៖«យើងដឹងថា កម្លាំងដែលរៀបចំហ្នឹង គឺទាំងកម្លាំងការិយាល័យអន្តរាគមន៍ ទាំងកម្លាំងប៉ុស្តិ៍ខណ្ឌ អ៊ីចឹងមានចំនួនច្រើន»។   
 
សេចក្តីម្រេចរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលចេញនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ មានបម្រាមសំខាន់ៗ៣យ៉ាង គឺការហាមិនឲ្យធ្វើដំណើរ ការហាមមិនឲ្យជួបជុំ និង ការហាមមិនឲ្យដំណើរការស្ថាប័នរដ្ឋ-ឯកជន ពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ។ ការធ្វើដំណើរ ការជួបជុំ និង ការដំណើរស្ថាប័ន ក្នុងចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ លុះត្រាតែសំខាន់ឬចាំបាច់ ទើបអនុញ្ញាត។ បម្រាមគោចរនេះ ត្រូវដាក់ឲ្យប្រជាជនក្នុងរាជធានីភ្នំពេញ អនុវត្តរយៈពេល២សប្តាហ៍ គឺពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ 
 
ក្រៅពីចេញសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរនេះ លោក ឃួង ស្រេង បានណែនាំទៅកងកម្លាំងនិងអាជ្ញាធរ ឲ្យចាប់យកយានយន្ត ដែលធ្វើចរាចរណ៍ក្រោយម៉ោង៨យប់ ដោយគ្មានភារកិច្ចចាំបាច់ ទៅរក្សាទុកសិន ហើយម្ចាស់យានយន្តនោះ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ លោកអភិបាលរាជធានីភ្នំពេញ បន្តថា អាជ្ញាធរ នឹងប្រគល់យានយន្តឲ្យវិញ ក្រោយពីម្ចាស់យានយន្តនោះ ធ្វើចត្តាឡីស័ករួច៕ 
 

Tag:
 ស ថេត
  បម្រាមគោចរ
© រក្សាសិទ្ធិដោយ thmeythmey.com