អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនសែលកាត និងអង្គការ People in Needកម្ពុជា រួមគ្នាពង្រឹងចំណេះដឹងនៃការគ្រប់គ្រង និងការត្រៀមខ្លួនចំពោះគ្រោះមហន្តរាយ
25, Jun 2021 , 5:04 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុនសែលកាត និងអង្គការ People in Need (PIN) កម្ពុជា នឹងធ្វើការរួមគ្នា ដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ នូវការត្រៀមខ្លួនដើម្បីបង្ការគ្រោះមហន្តរាយ នៅក្នុងប្រទេសកម្ពុជា តាមរយៈការពង្រឹងការចែករំលែកព័ត៌មាន។ ខណៈដែលរដូវវស្សា កំពុងឈានជិតមកដល់ ការផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន ពិតជានឹងក្លាយជាតម្រូវការដ៏បន្ទាន់មួយជាក់ជាមិនខាន។ ទំនាក់ទំនងជាដៃគូនេះ នឹងជួយគាំទ្រដល់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយនូវចំណេះដឹង ស្តីពីការត្រៀមខ្លួនដើម្បីបង្ការគ្រោះមហន្តរាយ តាមរយៈការប្រើប្រាស់វេទិកា និងបណ្តាញនានា ដើម្បីធានាថា ការជូនដំណឹងអាសន្នឱ្យដឹងជាមុន នឹងត្រូវបានចែកចាយទាន់ពេលវេលា ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
 
សម្រាប់រដូវវស្សាឆ្នាំនេះ ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) បានចែករំលែកឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង អាចនឹងបង្កផលប៉ះពាល់ដល់បណ្តាខេត្តនានា ដែលងាយរងគ្រោះដោយសារទឹកជំនន់ ហើយទន្ទឹមនឹងនោះ កម្រិតទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ក៏អាចនឹងមានការកើនឡើងខ្ពស់ផងដែរ។ យ៉ាងណាមិញ គណៈកម្មាធិការជាតិសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ក៏បានរៀបចំយ៉ាងរួចរាល់ផងដែរ នូវយន្តការ និងធនធានចាំបាច់ ដើម្បីធានាសុវត្ថិភាពដល់សហគមន៍ងាយរងគ្រោះ នៅក្នុងអំឡុងស្ថានការណ៍ដ៏ប្រឈមទាំងនេះ។
 


ដើម្បីអាចប្រាស្រ័យទាក់ទងឱ្យបានកាន់តែប្រសើរ អំពីគ្រោះធម្មជាតិដែលអាចកើតមានឡើង ដូចជាភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅក្នុងប្រទេសជាដើមនេះ រដ្ឋាភិបាលកម្ពុជា បានសម្តែងនូវការគាំទ្រយ៉ាងមុតមាំ ចំពោះប្រព័ន្ធប្រកាសអាសន្នឱ្យដឹងជាមុន (Early Warning System ឬ EWS1294) ដែលបង្កើតឡើងដោយអង្គការ People in Need (PIN)។ ប្រព័ន្ធប្រកាសអាសន្ននេះ ជាបច្ចេកវិទ្យាជួយសង្រ្គោះជីវិត ដែលអាចអង្កេតដឹងនូវគ្រោះធម្មជាតិ ដែលនឹងកើតមានឡើង ដើម្បីអនុញ្ញាតឱ្យរដ្ឋបាលទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ អាចចែករំលែកនូវការប្រកាសអាសន្នឱ្យដឹងជាមុន ដល់ប្រជាពលរដ្ឋងាយរងគ្រោះ អំពីវិធានការសុវត្ថិភាពដែលសមស្របសម្រាប់ឆ្លើយតបទៅនឹងគ្រោះធម្មជាតិ។ ដោយមានការគាំទ្រពីបណ្តាញទូរស័ព្ទចល័ត និងបណ្តាញសង្គមដ៏ទូលំទូលាយ របស់ក្រុមហ៊ុនសែលកាត ប្រព័ន្ធនេះនឹងត្រូវបានណែនាំដាក់ឱ្យប្រើប្រាស់ នៅក្នុងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទាំងមូល ក៏ដូចជាអតិថិជនទាំងអស់ របស់ក្រុមហ៊ុន តាមរយៈការចុះឈ្មោះប្រើប្រាស់សេវាកម្ម '1294'។
 
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ការជួយប្រជាជនឱ្យត្រៀមខ្លួនសម្រាប់គ្រោះទឹកជំនន់ ជាពិសេសនៅក្នុងអំឡុងពេលកំពុងមានជំងឺរាតត្បាតនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ។ លោក វ៉ាតសុន បន្តថា៖ “អង្គការ People in Need បានធ្វើនូវកិច្ចការដ៏ល្អបំផុតមួយ ពោលគឺបានជួយតាមដានការកើនឡើង នៃកម្ពស់ទឹកជំនន់ និងការជួយឧត្ថម្ភគាំទ្រដល់បណ្តាតំបន់ដែលរងគ្រោះ។ ហេតុដូច្នេះហើយ ក្រុមហ៊ុនសែលកាត ពិតជារីករាយ ដែលបានចូលរួមជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ។ យើងសូមជំរុញឱ្យអ្នករាល់គ្នា ចុះឈ្មោះប្រើប្រាស់សេវាកម្ម 1294 ដើម្បីទទួលបាននូវព័ត៌មានទាន់ហេតុការណ៍ ហើយអ្វីដែលសំខាន់បំផុតនោះ គឺការរក្សាបាននូវសុខសុវត្ថិភាពផ្ទាល់ខ្លួនតែម្តង”។
 
សេវា '1294' គឺនឹងត្រូវបានដាក់ជូនឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ សម្រាប់ពលរដ្ឋគ្រប់រូប។ សេវាកម្មនេះ នឹងអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ទទួលបាននូវព័ត៌មានអំពីស្ថានភាពទឹកភ្លៀង ក៏ដូចជាទឹកជំនន់នៅក្នុងប្រទេសកម្ពុជា។ ក្នុងពេលចុះឈ្មោះ អ្នកប្រើប្រាស់ អាចកំណត់ព័ត៌មាន ដោយអាស្រ័យតាមទីតាំងរបស់ពួកគាត់ បានយ៉ាងងាយស្រួលបំផុត ដើម្បីទទួលបាននូវព័ត៌មានប្រកាសអាសន្នទាន់ពេលវេលា សម្រាប់ការរៀបចំខ្លួនជាមុនឱ្យបានត្រឹមត្រូវ។ ដោយមិនត្រឹមតែចែករំលែកនូវព័ត៌មាន អំពីគ្រោះមហន្តរាយប៉ុណ្ណោះទេ ព័ត៌មានអំពីជំងឺកូវីដ-១៩ ក៏ត្រូវបានផ្សព្វផ្សាយ តាមរយៈវេទិកានេះផងដែរ។
 
បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងនៅតែបន្តវិវឌ្ឍទៅមុខជាប់ជានិច្ច។ ទន្ទឹមនឹងនោះ យើងក៏បានមើលឃើញ នូវការប្រកាន់យកនូវគំនិតផ្តួចផ្តើម ដោយផ្តោតទៅលើអនាគត របស់ប្រទេសកម្ពុជាផងដែរ។ ប្រាកដណាស់ ប្រព័ន្ធប្រកាសអាសន្នឱ្យដឹងជាមុន (EWS) 1294 នេះ គឺជាសេវាកម្មប្រកបដោយនវានុវត្តន៍មួយ ដែលអាចជួយសង្គ្រោះជីវិតមនុស្សជាច្រើន ក្នុងគ្រាដ៏លំបាកទាំងនេះ។ តាមរយៈការប្រកាសអាសន្នឱ្យដឹងជាមុននេះ បងប្អូនប្រជាពលរដ្ឋ អាចរៀបចំខ្លួនបានកាន់តែប្រសើរជាងមុន ដើម្បីកាត់បន្ថយហានិភ័យ ដែលបណ្តាលមកពីការធ្លាក់ភ្លៀងខ្លាំង និងទឹកជំនន់ ក៏ដូចជាទទួលបាននូវព័ត៌មានទាន់ហេតុការណ៍ អំពីជំងឺកូវីដ-១៩ផងដែរ។ លោក Lukas Laube នាយកប្រចាំប្រទេស របស់អង្គការ People in Need ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា៖ “ប្រជាពលរដ្ឋ ត្រូវតែយល់ដឹងនូវវិធីការពារខ្លួនពួកគេ នៅពេលជួបគ្រោះអាសន្នទាំងនេះ”។
 
តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនសែលកាត និងរ៉ូយ៉ាល់គ្រុប នឹងជួយគាំទ្រដល់អង្គការ People in Need ទៅលើការផ្សព្វផ្សាយ អំពីការត្រៀមខ្លួនដើម្បីគ្រប់គ្រងគ្រោះមហន្តរាយ ការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ សមភាពយេនឌ័រ ការលើកកម្ពស់ស្ត្រី រួមជាមួយនឹងការការពារកុមារផងដែរ៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com