ជាតិ
ជំរឿនសត្វត្រយងចង្កំកសតាមដែនជម្រកសត្វព្រៃ ពីខែកក្កដានេះ រហូតដល់ខែតុលា
10, Jul 2021 , 12:59 pm        
រូបភាព
ដោយ៖ ប៉ូ សុភា

ក្រសួងបរិស្ថាន នឹងជំរឿនសត្វត្រយងចង្កំកស ទូទាំងប្រទេសឆ្នាំ២០២១ នៅខែកក្កដា ដល់ ខែតុលា ក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃសៀមប៉ាង ព្រៃនៅតាមដងទន្លេមេគង្គពីក្រចេះដល់ស្ទឹងត្រែង ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខ្ពង់រាបភាគខាងកើត។ សកម្មភាពនេះ មានការចូលរួមពីអង្គការ ACCB, BridLife, ជីវិតធម្មជាតិសត្វព្រៃនៅកម្ពុជា, WCS និងអង្គការWF រួមមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន។

 
កម្មវិធីជំរឿនត្រយងចង្កំកស ធ្វើឡើងក្នុងគោលបំណងកត់ត្រាចំនួននៃការកើនឡើង ឬថយចុះចំនួនសត្វប្រភេទនេះ នៅតាមទីតាំងនីមួយៗនៅកម្ពុជា។ លោក ប៊ូ វរសក្ស នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅកម្ពុជា បានឱ្យដឹងថា ការជំរឿនប្រចាំឆ្នាំនេះ ក្រុមអ្នកជំនាញពីអង្គការ និងឧទ្យានុរក្សតាមទីតាំងនីមួយៗ នឹងចុះទៅអង្កេត និងរាប់ចំនួនសត្វត្រយងតាមតំបន់ផ្សេងៗ តាមថ្ងៃដែលបានកំណត់ទុក។ ក្រុមការងារគ្រប់កន្លែង ចាប់ផ្តើមជំរឿនថ្ងៃជាមួយគ្នា និងត្រូវបញ្ចប់ថ្ងៃជាមួយគ្នា។
 
«ក្រុមការងារត្រូវរកកន្លែងត្រយងចង្កំកស ឱ្យឃើញមុនថ្ងៃចុះទៅធ្វើជំរឿន។ នៅថ្ងៃទី១៥ ពេលល្ងាចក្រុមអ្នកការងារ នឹងទៅអង្គុយចាំរាប់ពួកវាពេលហើរចូលសម្បុក ហើយនៅព្រលឹមថ្ងៃទី១៦ ខណៈពេលវាហើរចេញពីសម្បុកគេនឹងរាប់វាម្ដងទៀត ដើម្បីផ្ទៀងផ្ទាត់ ។ គេត្រូវធ្វើជំរឿន៤ដងក្នុងរយៈពេល៤ខែ សម្រាប់ប្រមូលយកទិន្នន័យ សត្វនេះពីគ្រប់ទីតាំងដើម្បីអាចយកកំណត់ និងសរុបជាចំនួនប្រចាំឆ្នាំ»។ នេះជាការពន្យល់របស់លោក ប៊ូ វរសក្ស។


រូបភាពដោយ birdlife

នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅកម្ពុជារូបនេះ បានបញ្ជាក់ថា ការបាត់បងទីជម្រក ការបរបាញ់ ការបំផ្លាញជម្រកពីមនុស្ស និងការប្រែប្រួលអាកាសធាតុជាកត្តាសំខាន់ធ្វើឱ្យប៉ះពាល់ដល់ការការរស់នៅរបស់សត្វប្រភេទនេះ។  លោកបន្ថែមថា ពលរដ្ឋរួមទាំងអ្នកពាក់ព័ន្ធគ្រប់រូប គួរចូលរួមការពារ ទីជម្រក និងសម្បុកពងកូន និងតំបន់រកចំណី ដើម្បីកាត់បន្ថយផលប៉ះពាល់ និងរក្សាបាននូវសុវត្តិភាពដល់ពួកវា។ ជាមួយគ្នានេះ ការស្ដារទីតាំង ដែលជាប្រភពចំណីដូចជាត្រពាំង ឬអណ្ដូងដែលរីងស្ងួត ក៏ជាការចូលរួមដ៏សំខាន់បន្ទាប់ពីការសិក្សាស្រាវជ្រាវកត្តាគំរាប់កំហែងផ្សេងៗដទៃទៀតដែរ។
 
សូមជម្រាបថា សត្វត្រយងចង្កំកស ជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងពិភពលោក។ សត្វចង្កំកសនៅទូទាំងពិភពលោក មានចំនួនជាងមួយម៉ឺនក្បាល ក្នុងនោះប្រមាណជាង៩៧ភាគរយ មានវត្តមាននៅក្នុងប្រទេសកម្ពុជា។ នេះបើតាមអង្គការBirdLife៕
 
 
 

Tag:
 សត្វត្រយងចង្កំកស
  សត្វជិតផុតពូជបំផុត
 
© រក្សាសិទ្ធិដោយ thmeythmey.com