COVID-19
ជាតិ
សុនខ ៣ក្បាល អាចហិតរកកូវីដ-១៩ បានហើយ!
02, Aug 2021 , 8:59 pm        
រូបភាព
ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានប្រកាសទទួលពីជោគជ័យ លើការបង្វឹកសុនខ៣ក្បាល សម្រាប់ហិតរកកូវីដ-១៩ ខណៈ៧ក្បាលទៀត កំពុងហ្វឹកហ្វឺនបន្ថែម។ សុនខទាំងនេះ គឺសម្រាប់ហិតរកអ្នកផ្ទុកកូវីដ-១៩នៅកន្លែង ដែលប្រមូលផ្ដុំមនុស្សច្រើន។ សុនខទាំងនេះ ត្រូវបានយកទៅហ្វឹកហ្វឹន នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង ។

 
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានប្រកាសលើទំព័រហ្វេសប៊ុកខ្លួន នៅថ្ងៃទី២ សីហាថា សុនខទាំង៣ក្បាលនៃក្រុមទីមួយ អាចមានលទ្ធភាពហិតរកឃើញអ្នកមានផ្ទុកកូវីដ-១៩ រយៈពេលតែ១០ ទៅ១៥វិនាទីប៉ុណ្ណោះ។ 
 
«សូមអបអរសាទរចំពោះសុនខក្រុមទី១ចំនួន៣ក្បាល ដែលបានហិតរកឃើញក្លិនសំណាកនៃអ្នកជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ។ រីឯ សុនខក្រុមទី២ចំនួន៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់»។ នេះបើតាមលោក ហេង រតនា ដែលបន្ថែមថា សុនខហិតអ្នកផ្ទុកវីរុសកូវីដ-១៩នេះ នឹងយកទៅប្រើប្រាស់នៅកន្លែងមានហ្វូងមនុស្សប្រមូលផ្តុំច្រើន ដូចជានៅ អាកាសយានដ្ឋាន ច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាដើម។ 


សុនខរបស់អង្គភាពCMAC ដែលហ្វឹកហ្វឺនហិតសំណាកអ្នកកូវីដ-១៩។ (រូបពីទំព័រហ្វេសប៊ុករបស់លោក ហេង រតនា) 

សុនខដែលហ្វឹកហ្វឺននេះ គឺកើតនៅកម្ពុជាតែម្ដង ដោយមិនទិញពីប្រទេសណាឡើយ។ បើតាមអគ្គនាយកCMACរូបនេះ ការបង្វឹកសុនខទាំងនេះ គឺដោយគ្រូជំនាញសុនខនៅកម្ពុជា ក្រោមកិច្ចសហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ 
 
សូមជម្រាបថា សុនខទាំងនេះ ត្រូវបានក្រុមជំនាញរបស់អង្គភាពCMAC ចាប់ផ្ដើមហ្វឹកហ្វឺនកាលពីអំឡុងខែមីនា ឆ្នាំ២០២១៕ 
 


សុនខរបស់អង្គភាពCMACដែលហ្វឹកហ្វឺនហិតសំណាកអ្នកកូវីដ-១៩។

 

Tag:
 សុនខ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com