ជាតិ
សុខភាព
CMAC ត្រៀមបង្វឹកឆ្កែ ១០ក្បាល សម្រាប់ហិតរកអ្នកផ្ទុកកូវីដ-១៩
24, Mar 2021 , 5:45 pm        
រូបភាព
លោក ហេង រតនា អគ្គនាយកអង្គភាព CMAC
លោក ហេង រតនា អគ្គនាយកអង្គភាព CMAC
ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានត្រៀមសត្វសុនខ (ឆ្កែ) ចំនួន១០ក្បាល សម្រាប់ហិតរកអ្នកផ្ទុកមេរោគកូរ៉ូណា(កូវីដ-១៩)។ នេះជាការលើកឡើងរបស់លោក ហេង រតនា អគ្គនាយកCMAC ដោយបញ្ជាក់ថា មានឆ្កែ ៥ក្បាល បានឆ្លងការហ្វឹកហ្វឺនបច្ចេកទេសនៃរបៀបហិតទូទៅខ្លះហើយ និង៥ក្បាលទៀត ត្រៀមហ្វឹកហ្វឺនរបៀបហិតផងដែរ។

 
បើតាម លោក ហេង រតនា អ្នកបច្ចេទេស និងទីតាំងសម្រាប់ហឹ្វកហ្វឺនឆ្កែ ឱ្យហិតរកអ្នកផ្ទុកមេរោគកូរ៉ូណានោះ គឺមានស្រាប់ហើយ ដោយគ្រាន់តែរៀបចំ និងកែតម្រូវបន្តិចប៉ុណ្ណោះ។ លោកបាននិយាយថា៖« អ្នកជំនាញរបស់យើងក៏មានឯកសារមួយចំនួនត្រៀមហ្វឹកហ្វឺន ហើយទីតាំងរបស់យើងក៏មានដែរ។ ប៉ុន្តែយើងត្រូវការកែសម្រួលខ្លះដើម្បីឱ្យសមស្របទៅបរិស្ថានថ្មីនៃការស្រាជ្រាវយើងនៃការរកអ្នកផ្ទុកមេរោគកូរ៉ូណា»។  
 
ប្រធានអង្គភាពCMACរូបនេះ បានបន្ថែមថា ភារៈកិច្ចហ្វឹកហ្វឺន ឆ្កែឱ្យហិតអ្នកផ្ទុកមេរោគកូវីដ-១៩នេះ នឹងធ្វើរួមជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីក្រសួងសុខាភិបាល។
 
ចំពោះឆ្កែ ដែលបានឆ្លងកាត់វគ្គបច្ចេកទេសហិតទូទៅបានខ្លះហើយនោះ   អាចត្រូវការពេលហ្វឹកហ្វឺនប្រមាណ៤ខែប៉ុណ្ណោះ  គឺអាចយកទៅហិតរកអ្នកផ្ទុកមេរោគកូរ៉ូណា បានហើយ។ លោក ហេង រតនា បន្តរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នារសៀលថ្ងៃទី២៤មីនា ដូច្នេះ៖«តាមការវាយតម្លៃរបស់យើង សុនខដែលបានឆ្លងកាត់ហ្វឹកហ្វឺនហិតទូទៅជាស្តង់ដាររបស់វា បានមួយរយៈពេលហើយនោះ! អ៊ីចឹង ការហឹ្វកហ្វឺនជំនាញនេះតែម្តង[ហិតអ្នកផ្ទុកមេរោគកូរ៉ូណា] យើងជឿថា ប្រហែលប្រើពេលពី៣ទៅ៤ខែ គឺអាចយកទៅសាកល្បងធ្វើការជាក់ស្តែង បានហើយ»៕ 
 

Tag:
 សុនខ
  CMAC
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com