អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនផ្សព្វផ្សាយធំៗបី បណ្តាក់ទុនវិនិយោគរួមគ្នាដើម្បី​បង្កើតថ្នាលទូរទស្សន៍ឌីជីថលកម្ពុជាតែមួយ
26, Aug 2021 , 4:40 pm        
រូបភាព
 ភ្នំពេញ៖ ថ្ងៃទី២៦ ខែសីហាឆ្នាំ២០២១ - ប្រទេសកម្ពុជា បានកសាងប្រវត្តិសាស្ត្រថ្មីបន្ថែមទៀត ក្នុងវិស័យសោតទស្សន៍និងផ្សព្វផ្សាយ ដែលបានចុះហត្ថលេខាបង្កើតក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជាដែលបានដាក់ទុនរួមគ្នា រវាងក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយធំៗចំនួន៣គឺក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប របស់លោកស្រី ហ៊ុន ម៉ាណា និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបមានទូរទស្សន៍ CBSនិង Digital Sky របស់លោក គិត ម៉េង និងក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប របស់លោក អ៊ឹង ឆៃងួន ។
 
ពិធីចុះហត្ថលេខានេះគឺជាកិច្ចព្រមព្រៀងបន្ថែមទៀត លើការចុះអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខារវាងភាគីទាំង៣ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។សូមបញ្ជាក់ថា “ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា” បង្កើតឡើងក្នុងបំណងបង្កើត ក្រុមហ៊ុនចម្រុះរវាងរដ្ឋ និងឯកជនសម្រាប់គ្រប់គ្រង “ថ្នាលទូរទស្សន៍ឌីជីថលជាតិ” ដើម្បីធ្វើឲ្យកម្ពុជា ឈានទៅសម្រេចឲ្យបាន តាមផែនការរបស់អាស៊ាន និយាយជារួម  និងនិយាយដោយឡែក ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។រដ្ឋាភិបាល បានកំណត់យកឆ្នាំ២០២៣ ជាកាលបរិច្ឆេទ នៃការដាក់ឲ្យដំណើរការថ្នាលទូរទស្សន៍ឌីជីថលជាតិ ដោយតម្រូវឲ្យក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជនទាំងអស់ មកប្រើប្រាស់សេវថ្នាលទូរទស្សន៍ឌីជីថលជាតិ និងបន្តការផ្សាយព្រមគ្នា ជាប្រព័ន្ធអាណាឡូក និងប្រព័ន្ធឌីជីថលស្របគ្នា មុននឹងដល់ដំណាច់ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទសម្រាប់បិទការផ្សាយទូរទស្សនតាមប្រព័ន្ធអាណាឡូកជាស្ថាពរ។


 
“ថ្នាលទូរទស្សន៍ឌីជីថលជាតិ” ដែលជាក្រុមហ៊ុនចម្រុះរវាងរដ្ឋ និងឯកជនថ្មីនេះ នឹងផ្តល់ជូននូវសេវាថ្នាលទូរទស្សន៍ឌីជីថល ផ្សាយតាមប្រព័ន្ធ DVB-T2 ដែលមានប៉ុស្តិ៍ច្រើនប្រភេទសម្បូរបែប សំដៅលើកស្ទួយវិស័យព័ត៌មាន អប់រំ ចំណេះដឹង សិល្បៈ កម្សាន្ត កីឡា និងទស្សនីយភាពត្រជាក់ៗ ដែលនាំមកនូវភាពសុខដុមរមនាដល់ក្រុមគ្រួសារកម្ពុជា។
 
លោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុបបានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ក្នុងការសហការគ្នាបង្កើតថ្នាលទូរទស្សន៍ឌីជីថលនេះហើយក៏ជាផ្នែកមួយផងដែរ ក្នុងការគាំទ្រការផ្សព្វផ្សាយ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបច្ចុប្បន្ន កម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ក្រោមម្លប់សន្តិភាពនិងស្ថិរភាពនយោបាយ“។ 
 



លោក គិត ម៉េងប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា៖ “យើងខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចាប់ដៃគូសហការគ្នា បង្កើតក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា និងមានមោទកភាព ដែលបានចូលរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងវិស័យសោតទស្សន៍ និងផ្សព្វផ្សាយ ឲ្យទៅជាប្រព័ន្ធឌីជីថលពេញលេញនិងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមសម្រេចឲ្យបានសេដ្ឋកិច្ចសង្គមឌីជីថលកម្ពុជា ស្របតាមគន្លងឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី៤“។
 
ដោយឡែក លោក អ៊ឹង ឆៃងួនប្រធានក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប បានលើកឡើងថាថ្នាលទូរទស្សន៍ឌីជីថលនេះនឹងនាំមកនូវទស្សនីយភាព និងស្តង់ដាថ្មីសន្លាងមួយទៀត ដែលមានកម្រិតផ្សាយគុណភាពខ្ពស់ច្បាស់ត្រជាក់ភ្នែក ពីកម្រិត HD ដល់ UHD 4K។ សម្រាប់ លោក អ៊ឹង ឆៃងួន ទូរទស្សន៍ឌីជីថលនេះ ជាថ្នាលប្រមូលផ្តុំនៃកម្មវិធីសិល្បៈ កម្មវិធីកម្សាន្តកម្មវិធីព័ត៌មាន ភាពយន្ត តន្រ្តី និងទស្សនីយភាព ដ៏សម្បូរបែបជាច្រើនទៀតដែលធានានូវការផ្តល់ជូនចំណីចក្ខុដ៏រីករាយ ជូនទស្សនិកជនទូទាំងប្រទេសក្នុងកន្លែងតែមួយ “One-Stop Media Services”  ។  
 
លោក អ៊ឹង ឆៃងួន បន្តដូច្នេះ៖ “នេះជាភាពរីកចម្រើនមួយដ៏ធំ ក្នុងវិស័យសោតទស្សន៍ និង ផ្សព្វផ្សាយ ស្របតាមគោលនយោបាយរដ្ឋាភិបាល សម្រាប់សង្គមឌីជីថលកម្ពុជា ឲ្យដើរស្របតាមគន្លង ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី៤។ ដូច្នេះការផ្លាស់ប្តូររូបរាងថ្មី និងបទពិសោធន៍នៃការកម្សាន្តនេះ ធ្វើឲ្យប្រទេសកម្ពុជា អាចដើរតាមបច្ចេកវិទ្យាឈានមុខទន្ទឹមនឹងឆាកអន្តរជាតិ ដោយទស្សនិកជន អាចទស្សនារាល់ទស្សនីយភាព ដែលផលិតឡើងមានគុណភាពស្តង់ដាខ្ពស់ ច្បាស់ត្រជាក់ភ្នែក ពីគេហដ្ឋាន ឬមើលតាមទូរស័ព្ទដៃ គ្រប់វេលា គ្រប់ទីកន្លែង នៅលើថ្នាលតែមួយ។ នេះក៏ជាការលើកទឹកចិត្តដល់ផលិតករ ឲ្យផលិតនូវទស្សនីយភាព មានគុណភាពខ្ពស់បន្តទៀត ដែលមានថ្នាលអាចបង្ហាញស្នាដៃរបស់ខ្លួនទៅកាន់ពិភពលោក”។


 
សូមបញ្ជាក់ផងដែរថាក្រុមហ៊ុននីមួយៗ បានបម្រើទស្សនីយអារម្មណ៍ ព័ត៌មាន អប់រំ ចំណេះដឹងនិងសិល្បៈកម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជាអស់រយៈពេល ២៥ ឆ្នាំមកហើយរហូតមកដល់ពេលនេះ ផ្អែកលើបទពិសោធន៍ ជំនាញ និងធនធានមនុស្សក្រុមហ៊ុនយើងមានជំនឿយ៉ាងមុតមាំថា នឹងអភិវឌ្ឍឧស្សាហកម្មសោតទស្សន៍និងផ្សព្វផ្សាយឲ្យទទួលបានជោគជ័យ៕
 


•       ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍បាយ័ន ប៊ីធីវីនិងវិទ្យុបាយ័ន។

•      ក្រុមហ៊ុនទូរទស្សន៍ CBS រួមមានប៉ុស្តិ៍ទូរទស្សន៍ CTN, CTNInternational, CNC, MyTV, CBS Digital, TMS, វិទ្យុភ្នំពេញ៩៤MHzនិង Legend Tiger ។ ចំណែកក្រុមហ៊ុន DigitalSky  រួមមានថ្នាលទូរទស្សន៍ឌីជីថលចំនួន ៣ ដូចជា៖
(១)ថ្នាលទូរទស្សន៍ឌីជីថលប្រព័ន្ធ DVB-T/T2 
(២)ថ្នាលទូរទស្សន៍ឌីជីថលផ្កាយរណបប្រព័ន្ធDTH
(៣)ថ្នាលទូរទស្សន៍ឌីជីថលតាមទូរស័ព្ទដៃប្រព័ន្ធ OTTនិងផលិតប៉ុស្តិ៍ទូរទស្សន៍ខ្លួនឯងចំនួន ១១ ប៉ុស្តិ៍ ដូចជា OneTVSabay, OneTV Drama, OneTV Kids, OneTV Music, OneTV Cinema, OneTV Discovery,OneNews, OneTV Movie HD, OneTV Sport9, OneTV Sport11, OneTV-E-school ។
 
•       ក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍ហង្សមាសរស្មីហង្សមាស វិទ្យុហង្សមាស និងរស្មីហង្សមាស, ផលិតកម្មWE,  Pleng Records, ក្រុមហ៊ុនពិធីការនិងសារព័ត៌មាន២៤ម៉ោង។

•       ព័ត៌មានលម្អិត សូមទំនាក់ទំនង
1.   ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប, ទូរស័ព្ទលេខៈ ០១២ ៨៧២ ៥១៨
2.   ក្រុមហ៊ុនទូរទស្សន៍ CBS, ទូរស័ព្ទលេខៈ ០៨៥ ៥៩៥ ៥៣៣, ០៨៥ ២២៩ ៤៧៧
3.   ក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប,  ទូរស័ព្ទលេខៈ ០១២ ៩៥៩ ៥១៩
 
ស្កេន QR កូដ
 
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com