ជាតិ
សេដ្ឋកិច្ច
សហគមន៍ចំនួន២នៅព្រះវិហារ គ្រោងដាំទ្រាំងជាង២ពាន់ដើមបន្ថែម ក្នុងព្រៃសហគមន៍ខ្លួន
29, Aug 2021 , 10:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សហគមន៍កែច្នៃចង្កឹះសង្កែ និងសហគមន៍ឆែបលិច នៅក្នុងខេត្តព្រះវិហារ បានបណ្ដុះកូនទ្រាំង ដើម្បីដាំបន្ថែមនៅក្នុងសហគមន៍ ក្នុងបំណងអភិរក្សទ្រាំង និងជួយការពារដី និងព្រៃក្នុងសហគមន៍។ សហគមន៍ទាំងពីរបណ្ដុះកូនទ្រាំង បានចំនួនជិត២ពាន់កូន ដែលនឹងយកដាំលើផ្ទៃដី១០ហិកតា។


កូនទ្រាំងជាង៦០០ដើម ត្រូវបានបណ្ដុះដោយសហគមន៍កែច្នៃចង្កឹះសង្កែ និងជាង១ពាន់ដើម បណ្ដុះដោយសហគមន៍ឆែបលិច។ លោក ហឹម ហាណ ប្រធានសហគមន៍កែច្នៃចង្កឹះ សង្កែ បានប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរស័ព្ទថា នេះជាលើកដំបូងហើយ ដែលពលរដ្ឋក្នុងសហគមន៍ បណ្ដុះកូនទ្រាំងយកទៅដាំលើផ្ទៃដី៥ហិកតា នៅកន្លែងសឹករេចរិល និងមិនសូវមានដើមទ្រាំងដុះ។ លោក ហាណ បន្ថែមថា សកម្មភាពនេះ អាចជួយបង្កើនវត្តមានដើមទ្រាំងថ្មី ខណៈដើមទ្រាំងចាស់ៗបាត់បង់ច្រើន ដោយសារអាយុកាល និងការកាប់ទន្ទា្រនយកដីព្រៃ។
 
ប្រធានសហគន៍រូបនេះ រៀបរាប់ដូច្នេះ៖«កន្លងមកពួកយើងតែងអាស្រ័យផល ដោយដកហូតស្លឹក និងធាងរបស់វាមកប្រើ ប៉ុន្តែមិនដែលដាំបន្ថែមទេ។ ពេលនេះសហគមន៍យើង នាំគ្នាគិតពីការប្រើប្រាស់ និងដាំឡើងវិញ ដើម្បីអាចទទួលបានប្រយោជន៍យូរអង្វែង។ ដើមទ្រាំងពេលចេញផ្កាងាប់ហើយ ជាជម្រើសល្អ បើបានដាំកាន់តែច្រើន ពួកយើងសង្ឃឹមថា អាចអាស្រ័យផលដោយរន្តិភាព»។ 


រូបភាព​ដោយក្រុមកែច្នៃផលិតផលពីដើមទ្រាំងស្រុកឆែប 

សហគមន៍កែច្នៃចង្កឹះសង្កែ មានផ្ទៃដីសរុបចំនួន ២ ៧១៨ហិកតា ក្នុងនោះដីមានដើមទ្រាំងជាង២ពាន់ហិកតា ហើយពលរដ្ឋមានជាង៨០ភាគរយ កំពុងអាស្រ័យផលពីទ្រាំងក្នុងសហគមន៍។ បើតាម លោក ហឹម ហាណ  ដំណាក់កាលដំបូង លោកមានគម្រោងដាំត្រឹមដី៥ហិកតាសិន តែបើដំណើរការជោគជ័យ នឹងពង្រីកបន្ថែមទៀត។
 
ចំណែកឯ លោក ជួប ជួន  ប្រធានសហគមន៍ឆែបលិច បានឱ្យដឹងថា សហគមន៍ខ្លួន បានបណ្ដុះកូនទ្រាំងចំនួនជាង១ពាន់ដើម សម្រាប់យកដាំតាមដីព្រៃក្នុងសហគមន៍ជាង៥ហិកតាដែរ។ ប្រធានសហគមន៍រូបនេះ យល់ថាការដាំកូនទ្រាំងឡើងវិញ គឺអាចជំនួសដើមដែលមានអាយុកាលច្រើនឆ្នាំ និងអាចជាផ្នែកមួយនៃការការពារដីព្រៃ និងការអភិរក្សរុក្ខជាតិព្រៃប្រភេទនេះសម្រាប់ អាស្រ័យផលទៅថ្ងៃមុខដែរ ខណៈព្រៃឈើនៅក្នុងសហគមន៍ នៅតែរងការទន្ទ្រានយកខុសច្បាប់ ពីជនខិលខូចមួយចំនួននោះ។ លោក ជួប ជួន បន្ថែមថា៖ «ជំហានដំបូង នៃការបណ្ដុះកូនទ្រាំងជាង១ពាន់ដើម ជាសកម្មភាពវែកផ្លូវ សម្រាប់ការដាំបន្តបន្ទាប់ទៀត ទៅលើដីសហគមន៍ឆែបលិច ដែលមានសរុបចំនួន ២ ៦៤២ហិកតា និងអាចឱ្យពលរដ្ឋ ៣១៤គ្រួសារ អាស្រ័យផលបាន»។ 
 
លោក ជួប ជួន សង្ឃឹមថា បទពិសោធន៍លើកទីមួយនៃការបណ្ដុះ និងដាំកូនទ្រាំងនេះ ជាបទពិសោធន៍ថ្មី សម្រាប់សហគមន៍ទាំង២ និងជាគំរូសម្រាប់សហគមន៍ដទៃ ដើម្បីផលប្រយោជន៍រួម ការពារបរិស្ថាន និងព្រៃឈើ៕ 
 


ក្រុមកែច្នៃផលិតផលពីដើមទ្រាំងស្រុកឆែប
 

Tag:
 ហឹម ហាណ
  ជួប ជួន
 ព្រះវិហារ
  ទ្រាំង
  សហគមន៍ឆែបលិច
© រក្សាសិទ្ធិដោយ thmeythmey.com