អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ ផ្តល់កម្ចី​ដល់ទៅ​៣០ម៉ឺន​ដុល្លារជាមួយអត្រាការប្រាក់ត្រឹមតែ​៦,៥%ក្នុង១ឆ្នាំ តាមរយៈ គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម
30, Aug 2021 , 2:33 pm        
រូបភាព
ភ្នំពេញ៖ អាជីវកម្មជាច្រើនកំពុងជួបវិបត្តិធ្ងន់ធ្ងរ និងប្រឈមមុខនឹងការក្ស័យទុនដោយសារទទួលរងផលប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ-១៩ ដែលបានអូសបន្លាយរយៈពេលជាង២ឆ្នាំមកហើយ។ បញ្ហាដែលប្រឈមធំបំផុតនោះគឺ កង្វះទុនបង្វិលក្នុងអាជីវកម្ម កង្វះទុនទប់ប្រតិបត្តិការ និងទុនវិនិយោគបន្ថែមជាដើម។ ដោយមើលឃើញដូច្នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានសហការ និងចូលរួមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ដើម្បីផ្តល់កម្ចីក្នុងទំហំទឹកប្រាក់រហូតដល់ ៣០ ម៉ឺនដុល្លារ ជាមួយអត្រាការប្រាក់ត្រឹមតែ ៦,៥% ប៉ុណ្ណោះក្នុងមួយឆ្នាំ ថែមទាំងមិនគិតកម្រៃសេវារដ្ឋបាល (Loan Fee) ទៀតផង។ 
 
គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម  ត្រូវបានបង្កើតឡើងកាលពីដើម ឆ្នាំ២០២០ ដែលផ្តួចផ្តើមដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការគាំទ្ររបស់រដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងផ្តល់ឥណទានជួយដល់សហគ្រាសខ្នាតតូច និងមធ្យម ជាពិសេសលើវិស័យអាទិភាពដូចជា ផ្នែកកម្មន្តសាល (ការផលិត ឬកែច្នៃចំណីអាហារ) និងសិប្បកម្មសម្រាប់ជំនួសឲ្យការនាំចូលដើម្បីអាចបម្រើដល់តម្រូវការក្នុងស្រុក ឬបម្រើជាធាតុចូលនៅក្នុងការផលិតរបស់ក្រុមហ៊ុន។ 


លោក ទុំ ច័ន្ទដេត នាយកប្រតិបត្តិសាជីវកម្ម អេ អឹម ខេ 

លោក ទុំ ច័ន្ទដេត នាយកប្រតិបត្តិសាជីវកម្ម អេ អឹម ខេ បានមានប្រសាសន៍ថា៖ “ការរចូលរួមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជាពិសេសក្នុងដំណាក់កាល ដែលប្រទេសកម្ពុជាកំពុងមានវិបត្តិជំងឺកូវីដ-១៩ នេះ គឺជាការចូលរួមវិភាគទានយ៉ាងមានប្រយោជន៍ដើម្បីជួយដល់ម្ចាស់សហគ្រាសទំាងអស់ដែលកំពុងត្រូវការទុនចាំបាច់ ដើម្បី បង្កើន ផលិតកម្ម ឬដោះស្រាយបញ្ហាប្រឈមផ្សេងៗ បានទាន់ពេលវេលា។ តាមរយៈគម្រោងនេះដែរ ក៏អាចជួយដល់វិស័យក្នុងស្រុកទាំងមូលក្នុងការបន្តផលិត និងការផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានកាន់តែច្រើនឡើង ហើយអាចនឹងកាត់បន្ថយការនាំចូល ផងដែរ។
 
លោក ច័ន្ទដេត ក៏បានបង្ហាញពីគោលជំហរ និងឆន្ទៈរបស់ អេ អឹម ខេ ក្នុងអំឡុងពេលកូវីដនេះ យើងពុំមានផែនការកាត់បន្ថយការផ្តល់កម្ចីនោះទេ ផ្ទុយទៅវិញ អេ អឹម ខេ បានបង្កើត និងដាក់ឲ្យប្រើប្រាស់នូវផលិតផលកម្ចីថ្មីៗមួយចំនួនដូចជា កម្ចីបន្ទាន់ ដែលអនុម័តត្រឹមតែមួយថ្ងៃ ហើយមិនត្រូវការទ្រព្យធានា កម្ចីឌីជីថលដែលផ្តល់តាមរយៈOnline  ក៏ដូចជាសេវាបង់រំលស់សម្ភារៈអាជីវកម្ម។ ទាំងអស់នេះ សបញ្ជាក់ពីការតាំងចិត្តខ្ពស់របស់ អេ អឹម ខេ ដើម្បីជួយបំពេញតម្រូវការ និងជួយជ្រោមជ្រែងដល់អតិថិជន ក៏ដូចជាអាជីវកម្មរបស់ពួកគេផងដែរ។
 
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមត្រីមាសទី២ ឆ្នាំ ២០២១ អេ អឹម ខេ មានអតិថិជនសរុបចំនួនជិត ១លាននាក់ ជាមួយផលប័ត្រប្រាក់កម្ចីជិត ៤២០លាន ដុល្លារអាមេរិក ប្រាក់បញ្ញើជាង ២១៥លាន ដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩កន្លែង និងភ្នាក់ងារជិត ៦,០០០កន្លែង នៅទូទាំងប្រទេស។  
 
អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាម QR Code វេរលុយទៅមកធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធបាគង និងសេវាផ្សេងៗជាច្រើនទៀត៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com