អន្តរជាតិ
ការប្រែប្រួលអាកាសធាតុ នឹងធ្វើឱ្យចំនួនសត្វល្អិតដែលបំផ្លាញដំណាំកើនឡើង
25, Sep 2021 , 5:59 pm        
រូបភាព
ហ្វូងកណ្ដូបវាយប្រហារកេនយ៉ានៅឆ្នាំ២០២០ ។ រូបថត Xinhua
ហ្វូងកណ្ដូបវាយប្រហារកេនយ៉ានៅឆ្នាំ២០២០ ។ រូបថត Xinhua
បច្ចុប្បន្ននេះ បរិយាកាសភពផែនដីកំពុងប្រែប្រួលដោយសារការកើនឡើងកម្រិត​ឧស្ម័ន​កាបូនិច។ ការកើនឡើងនៃឧស្ម័នកាបូនិច នឹងបង្កឱ្យមានការប្រែប្រួលយ៉ាងខ្លាំងចំពោះរបប​ទឹកភ្លៀង និងការសីតុណ្ហភាពរបស់ផែនដី។ ការផ្លាស់ប្តូរទាំងនេះ ត្រូវបានអ្នកជំនាញប៉ាន់​ស្មានថា នឹងបង្កើនចំនួនសត្វល្អិតនៅជុំវិញពិភពលោក ហើយកសិករត្រូវបាត់បង់ទិន្នផល​ដំណាំដោយសារសត្វល្អិតទាំងនោះប្រហែលពី១០ទៅ២៥ភាគរយឯណោះ។

 
ក្នុងរបាយការណ៍មួយ ក្រុមការងារអន្តររដ្ឋាភិបាលស្តីពីបម្រែបម្រួលអាកាសធាតុ (IPCC) បាន​ពិភាក្សា​ពីដំណើរនៃការផ្លាស់ប្តូររបស់ភពផែនដី រួមទាំងផលប៉ះពាល់នៃការផ្លាស់ប្តូរនៅថ្ងៃ​អនាគត។ របាយការណ៍នោះ បានបង្ហាញថាកម្រិតឧស្ម័ន CO2 កំពុងកើនឡើងនៅក្នុងបរិយាកាសផែនដី​ដែលអាចនឹងបង្កើនកម្តៅ ១.៥អង្សាបន្ថែមទៀតនៅត្រឹមឆ្នាំ២០៣០ ខាងមុខ។ ជាមួយគ្នា​នេះ វាក៏ប៉ះពាល់ដល់ការប្រែប្រួលរបបទឹកភ្លៀងដែលធ្វើឱ្យមានគ្រោះទឹកជំនន់ ឬគ្រោះរាំង​ស្ងួតជាដើម។ 
 
គ្រោះធម្មជាតិទាំងនោះ មានទំនាក់ទំនងជាមួយនឹងការកកើតសត្វល្អិតដែលអាចបំផ្លាញផល​ដំណាំរបស់កសិករ និងប៉ះពាល់ដល់សុវត្ថិភាពស្បៀងអាហារសកលផងដែរ។ លោកស្រី Esther Ndumi Ngumbi អ្នកជំនាញផ្នែកសត្វល្អិតនៃសាកលវិទ្យាល័យ Auburn និងជាអ្នកការពារសុវត្ថិភាពស្បៀងអាហារបានលើកឡើងថា របាយការណ៍របស់ IPCC អាចធ្វើឱ្យលោកស្រីរកឃើញពីទំនាក់ទំនង ដោយផ្ទាល់និងដោយប្រយោលជាច្រើនរវាង​ការប្រែប្រួលអាកាសធាតុនិងពពួកសត្វល្អិត។ 
 
តាមការស្រាវជ្រាវ ឧស្ម័នកាបូនិចបានចូលរួមបង្កើនចំនួនសត្វល្អិតដោយប្រយោលតាមរយៈ​ការកាត់បន្ថយគុណភាពអាហារូបត្ថម្ភរបស់រុក្ខជាតិ ​ហើយធ្វើឱ្យ​សត្វល្អិតប្រឹងស៊ីរុក្ខជាតិកាន់តែ​ច្រើនឡើង។ កម្តៅកើនឡើងក៏បានជួយឱ្យសត្វ​ល្អិតលូតលាស់ធំធាត់លឿនដែរ ព្រោះនៅ​ពេលអាកាសអាតុក្តៅធ្វើឱ្យវាបង្កើនសកម្មភាព​រាយកាយហើយវាត្រូវខំស៊ីដំណាំ រុក្ខជាតិ​ដើម្បីរស់បន្ត។
 
ជាក់ស្តែង នៅទ្វីបអាហ្វ្រិកកាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៩ ហ្វូងសត្វដង្កូវ និងសត្វ​កណ្តូបជាច្រើនកើតឡើង ព្រោះពេលនោះមានអាកាសធាតុក្តៅខ្លាំង និងមាន​ភ្លៀងធ្លាក់ផង។ លក្ខខណ្ឌអាកាសធាតុបែបនេះអំណោយ​ផលណាស់ដល់ការលូតលាស់ និងបង្កកំណើត​របស់ពពួកសត្វល្អិតដែលស៊ីរុក្ខជាតិជា​អាហារ។ ចំណែកឯបញ្ហាគ្រោះទឹកជំនន់ និងគ្រោះរាំង​ស្ងួតវិញក៏បានប៉ះពាល់ទិន្នផលដំណាំ គុណភាពដំណាំ និងបង្កើនចំនួនសត្វល្អិត ធ្វើឱ្យវា​បំផ្លាញដំណាំកាន់តែច្រើនឡើងផងដែរ។
 
ការប្រែប្រួលអាកាសធាតុមិនត្រឹមតែផ្តល់ផលប៉ះពាល់ដល់សុខភាព និងការរស់នៅប្រចាំថ្ងៃ​ឡើយ វាបានបំផ្លាញផលដំណាំកសិកម្ម តាមរយៈសត្វល្អិត។ តាមការសិក្សា កសិផល​ប្រមាណ១០ទៅ២៥ភាគរយ នឹងត្រូវបាត់បង់ដោយសារសត្វល្អិតស៊ី ប្រសិនបើបម្រែបម្រួល​អាកាសធាតុនៅតែកើតមាន។ ដូចនេះបណ្តាប្រទេសទាំងអស់ គួរតែតាមដាន​ និងប្រើប្រាស់​ទិន្នន័យគំរូ ដើម្បីព្យាករ ហើយរៀបចំគម្រោងសម្រាប់អនាគត ដើម្បីឆ្លើយតបនឹងបញ្ហានៃការ​កើនឡើងសត្វល្អិតចង្រៃ ដែលនឹងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ផលិតភាពដំណាំ​និងសន្តិ​សុខស្បៀងអាហារពិភពលោក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com