អន្តរជាតិ
អនុប្រធានាធិបតីហ្វីលីពីន ចូលរួមឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីបន្តពីលោក ឌូទើតេ
07, Oct 2021 , 4:59 pm        
រូបភាព
អនុប្រធានាធិបតីហ្វីលីពីន ឡេនី រ៉ូប្រេដូ ។ រូបថត AFP
អនុប្រធានាធិបតីហ្វីលីពីន ឡេនី រ៉ូប្រេដូ ។ រូបថត AFP
អនុប្រធានាធិបតីហ្វីលីពីន ឡេនី រ៉ូប្រេដូ (Leni Robredo) នៅថ្ងៃទី៧ ខែតុលា បានប្រកាសចូលរួមប្រជែងកៅអីប្រធានាធិបតីបន្តពីលោក រ៉ូឌ្រីហ្គោ ឌូទើតេ ក្នុងការបោះឆ្នោតឆ្នាំ២០២២ខាងមុខ។ លោកស្រី Robredo មិនសូវត្រូវគ្នាឡើយនឹងលោក ឌូទើតេ អំឡុងពេលកាន់តំណែងជិត៦ឆ្នាំមកនេះ។ លោកស្រីត្រូវប្រឈមមុខគូប្រជែងចម្បងៗមួយចំនួនទៀតរាប់ទាំងស្ដេចប្រដាល់ មែននី ប៉ាក់គីអៅ ផង។

 
ក្នុងសុន្ទរកថាប្រកាសចូលរួមប្រជែងតំណែងប្រធានាធិបតី លោកស្រី ឡេនី រ៉ូប្រេដូ បញ្ជាក់ថា លោកស្រីត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតដ៏ធំខាងមុខ។ ក្នុងវីដេអូប្រមាណ១៥នាទី លោកស្រី រ៉ូប្រេដូ ប្ដេជ្ញាប្រឹងប្រែងឱ្យអស់លទ្ធភាពសម្រាប់ការបោះឆ្នោតប្រធានាធិបតី និងរយៈពេលសេសសល់នៃអាណត្តិអនុប្រធានាធិបតីរបស់លោកស្រី។
 
លោកស្រី រ៉ូប្រេដូ ជាប់ឆ្នោតជាអនុប្រធានាធិបតីហ្វីលីពីននៅឆ្នាំ២០១៦ ខណៈលោក រ៉ូឌ្រីហ្គោ ឌូទើតេ ឈ្នះកៅអីប្រធានាធិបតី ដោយសារការបោះឆ្នោតជ្រើសរើសតំណែងទាំងពីរ ធ្វើឡើងដោយឡែកពីគ្នា។ លោកស្រីអនុប្រធានាធិបតីរូបនេះ ជាមេដឹកនាំបក្សប្រឆាំង ហើយជាញឹកញាប់តែងមានជំហរមិនស្របគ្នាជាមួយលោក ឌូទើតេ ឡើយ។ លោក ឌូទើតេ ធ្លាប់តែងតាំងលោកស្រី រ៉ូប្រេដូ ជារដ្ឋមន្រ្តីលំនៅដ្ឋាន ប៉ុន្តែកាន់តំណែងមិនបានយូរឡើយ ស្របពេលអំណាចស្ថិតក្នុងដៃប្រធានាធិបតីប៉ុណ្ណោះ។
 
អ្នកនយោបាយរូបនេះ ជាមនុស្សទី៥ ដែលឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតី។ ក្នុងនោះ អ្នកប្រដាល់ល្បីឈ្មោះ មែននី ប៉ាក់គីអៅ ក៏មានឈ្មោះដែរ។ បេក្ខជនផ្សេងទៀតមានអភិបាលក្រុងម៉ានីល Isko Moreno និងលោក Bongbong Marcos កូនប្រុសមេដឹកនាំផ្ដាច់ការ Ferdinand Marcos ផងដែរ។ លោក Marcos នេះហើយ ជាគូប្រជែងតំណែងអនុប្រធានាធិបតីរបស់លោកស្រី រ៉ូប្រេដូ ក្នុងការបោះឆ្នោតឆ្នាំ២០១៦ ។ កូនស្រីលោក ឌូទើតេ ក៏ត្រូវរំពឹងថា នឹងឈរឈ្មោះផងដែរ។
 
ប្រសិនបើឈ្នះការបោះឆ្នោតមែន លោកស្រី រ៉ូប្រេដូ នឹងក្លាយជាស្រ្តីទី៣ កាន់តំណែងកំពូលនេះ។ លោកស្រី Corazon Aquino ក្លាយជាប្រធានាធិបតីនៅឆ្នាំ១៩៨៦ ហើយលោកស្រី  Gloria Macapagal-Arroyo ក្លាយជាប្រធានាធិបតីនៅឆ្នាំ២០០១ ៕
 
 
 
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com