អន្តរជាតិ
ចិន និងប៉ាគីស្ថាន អវត្តមានពីកិច្ចប្រជុំលើបញ្ហាអាហ្វហ្កានីស្ថានដែលរៀបចំដោយឥណ្ឌា រូបថត Xinhua
× ឥណ្ឌានៅថ្ងៃទី១០ ខែវិច្ឆិកា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមន្ត្រីសន្តិសុខជាន់ខ្ពស់មកពីរុស្ស៊ី អ៊ីរ៉ង់ និងបណ្តាប្រទេសអាស៊ីកណ្តាលចំនួន៥ ដើម្បីពិភាក្សាអំពីស្ថានភាពនៅអាហ្វហ្គានីស្ថាន។ ចិន និងប៉ាគីស្ថាន មិនមានវត្តមានក្នុងកិច្ចប្រជុំនេះឡើយ។
ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌាលោក Ajit Doval បានអញ្ជើញប្រធានផ្នែកសន្តិសុខជាតិមកពីអ៊ីរ៉ង់ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី តាហ្ស៊ីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូសបេគីស្ថាន។ តំណាងអាហ្វហ្គានីស្ថានមិនត្រូវបានអញ្ជើញទេ ខណៈចិន និងប៉ាគីស្ថាន អវត្តមាន។
«នេះជាពេលវេលាសម្រាប់ការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធក្នុងចំណោមពួកយើង»។ លោក Doval ថ្លែងបែបនេះមុនកិច្ចប្រជុំ។ លោកសង្ឃឹមថា ការពិភាក្សានេះនឹងជួយប្រជាជនអាហ្វហ្គានីស្ថាន និងបង្កើនសន្តិសុខសមូហភាពក្នុងតំបន់។
ជាមួយគ្នានេះដែរ ក្រសួងការបរទេសឥណ្ឌាប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំនេះនឹងដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខដែលពាក់ព័ន្ធ និងគាំទ្រប្រជាជនអាហ្វហ្គានីស្ថានក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាព។ មន្ត្រីក្រសួងការបរទេសឥណ្ឌាអះអាងថា ការបដិសេធរបស់ប៉ាគីស្ថានក្នុងការចូលរួមកិច្ចប្រជុំនេះគឺ ជារឿងគួរឱ្យសោកស្តាយ ប៉ុន្តែមិនគួរឱ្យភ្ញាក់ផ្អើលទេ ពីព្រោះវាបង្ហាញពីផ្នត់គំនិតរបស់ប៉ាគីស្ថានក្នុងការចាត់ទុកអាហ្វហ្គានីស្ថានក្រោមអាណាព្យាបាលរបស់ខ្លួន។
ក្រសួងការបរទេសចិនវិញ បកស្រាយថា តំណាងចិនមិនអាចចូលរួមបានព្រោះជាន់កម្មវិធីគ្នា។
ចំពោះកិច្ចប្រជុំដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវបានមើលឃើញថា ជាការប៉ុនប៉ងរបស់ឥណ្ឌាក្នុងការការពារផលប្រយោជន៍ជាយុទ្ធសាស្រ្តរបស់ខ្លួននៅអាហ្វហ្គានីស្ថាន ស្របពេលដែលប៉ាគីស្ថានកំពុងមានឥទិ្ធពលកាន់តែខ្លាំងឡើងនៅក្នុងតំបន់។ ទាំងឥណ្ឌា និងប៉ាគីស្ថាន បានព្យាយាមជាយូរមកហើយក្នុងការបញ្ចូលឥទ្ធិពលទៅលើអាហ្វហ្គានីស្ថានដើម្បីបំពេញផលប្រយោជន៍សន្តិសុខរបស់ពួកគេ។
មុនពេលក្រុមតាលីបង់ដណ្តើមកាន់កាប់ទីក្រុងកាប៊ុល ឥណ្ឌាបានផ្តល់ការហ្វឹកហ្វឺនប្រតិបត្តិការ និងឧបករណ៍យោធាដល់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន។ ឥណ្ឌាក៏ជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ដ៏ធំបំផុតដល់អាហ្វហ្គានីស្ថានផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com