រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ – ក្រុមហ៊ុន Smart Axiata និង Impact Hub ភ្នំពេញ បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា(MoU) ជាមួយសាកលវិទ្យាល័យនៅកម្ពុជាចំនួន១០ ដើម្បីផ្តល់វគ្គបង្រៀនបច្ចេកទេស អំពីអាជីវកម្មទើបបង្កើតថ្មី ដែលពាក់ព័ន្ធជាមួយនឹងទីផ្សារនៅកម្ពុជា។
ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងនៅពីថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ Feiruz Ikhwan នាយកប្រតិបត្តិស្តីទី ក្រុមហ៊ុន Smart Axiata Melanie Mossard នាយកផ្នែកសហគ្រិន និងនវានុវត្តន៍នៃ Impact Hub ភ្នំពេញ និងសាកលវិទ្យាធិការមកពីសាកលវិទ្យាល័យទាំង១០ ដែលជាផ្នែកមួយនៃកម្មវិធីដើម្បីជំរុញសហគ្រិនភាពបច្ចេកវិទ្យានៅកម្ពុជា ដោយស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍វិស័យអប់រំ និងបច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន ក្នុងប្រទេស ដើម្បីឆ្ពោះទៅរកការបង្កើត ប្រទេសកម្ពុជាឌីជីថល (Digital Cambodia )។
កម្មវិធីសិក្សា ដែលមានឈ្មោះថា «SmartStart Unipreneur Learning Platform (ULP)» គឺជាវគ្គសិក្សា «លាយបញ្ចូលគ្នា» (blended learning) ត្រូវបានទទួលស្គាល់ជាផ្លូវការ ដែលមានវគ្គសិក្សាក្នុងថ្នាក់រៀន និងរៀនតាមអនឡាញដោយខ្លួនឯង ដែលមានគោលបំណងបណ្ដុះបណ្ដាល សិស្សានិស្សិតសាកលវិទ្យាល័យ នូវផ្នត់គំនិតសហគ្រិន និងសមត្ថភាពបច្ចេកទេស។ មាតិកាអំឡុងវគ្គសិក្សា ផ្ដោតលើទ្រឹស្តីលក្ខណៈជាសកល អំពីការផ្តើមអាជីវកម្មដំបូង ដែលត្រូវបានកែសម្រួល សម្របទៅនឹងទីផ្សារនៅកម្ពុជា និងបទពិសោធ៍ជោគជ័យ របស់សហគ្រិនក្នុងស្រុក។
ដោយមានការគាំទ្រ ពីមូលនិធិកសាងសមត្ថភាព និងស្រាវជ្រាវ (CBRD) កម្មវិធី SmartStart ULP ត្រូវបានអនុវត្តដោយភ្ជាប់ជាមួយ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យបៀលប្រាយភ្នំពេញ និងសៀមរាប សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បាត់ដំបង សាកលវិទ្យាល័យអង្គរ សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា។ ចាប់តាំងពីកម្មវិធី ត្រូវបានដាក់សាកល្បងកាលពីឆ្នាំ២០១៩ កម្មវិធីនេះមានសិស្សនិសិ្សតចំនួនប្រហែល ៧៥០នាក់ បានចុះឈ្មោះក្នុងវគ្គបណ្ដុះបណ្ដាលនេះ។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទី ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «នេះគឺជាឱកាសដ៏ល្អសម្រាប់និស្សិតជាច្រើន ក្នុងថ្នាក់បរិញ្ញាបត្រនាពេលបច្ចុប្បន្ននេះ។ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតឌីជីថលកម្ពុជា យើងមានទំនុកចិត្តថា កម្មវិធី SmartStart ULP ជាមួយការគាំទ្ររបស់ក្រសួងទាំងពីរ នឹងជួយផ្ដល់ចំណេះដឹងមូលដ្ឋានគ្រឹះ នៃភាពជាសហគ្រិន និងបំណិនជីវិត ដែលសិស្សនិសិ្សតនានាត្រូវការ ដើម្បីឈានចូលទៅក្នុងវិស័យការងារដោយជោគជ័យ និងនាំយកការផ្លាស់ប្តូរនៅក្នុងក្រុមហ៊ុន សហគមន៍ និងប្រទេសរបស់ពួកគេ។»
SmartStart ULP គឺជាកម្មវិធីសិក្សាតាមអនឡាញក្នុងស្រុកដំបូងគេបង្អស់ ដែលណែនាំចំណេះដឹង អំពីភាពជាសហគ្រិន តាមរយៈវិធីសាស្រ្តសិក្សាចម្រុះ។ ជាមួយនឹងប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) ដ៏ល្អមួយ សិស្សនិស្សិតចំណាយពេល ៣០ ម៉ោង ក្នុងថ្នាក់រៀន និង ១៥ម៉ោង ធ្វើការប្រកបដោយឯករាជ្យ និងសិក្សាតាមអនឡាញ។ វគ្គសិក្សានេះ ត្រូវបានបង្រៀនជាភាសាខ្មែរ និងភាសាអង់គ្លេស ហើយរួមបញ្ចូលភាពជាដៃគូ របស់សាកលវិទ្យាល័យនានា ជាវគ្គជម្រើស ឬជាវគ្គកាតព្វកិច្ច។
នាយកផ្នែកសហគ្រិន និងនវានុវត្តន៍នៃ Impact Hub ភ្នំពេញ កញ្ញា Melanie Mossard បានឲ្យដឹងថា៖«ក្រុមហ៊ុន Smart Axiata និង Impact Hub ភ្នំពេញ តែងតែមានកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍន៍អ្នកមានទេពកោសល្យ ផ្នែកសហគ្រិនភាពបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ និងការជំរុញប្រព័ន្ធអេកូឌីជីថល។ លើកនេះ ដោយមានការគាំទ្រយ៉ាងខ្លាំង ពីសាកលវិទ្យាល័យទាំងដប់ ដែលផ្តល់តម្លៃ ដល់សហគ្រិនភាពបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍន៍របស់សិស្សនិស្សិត ខ្ញុំពិតជារំភើបណាស់ ដែលបានឃើញថាកម្មវិធី នឹងត្រូវបានដាក់បញ្ចូលជាផ្នែកមួយ នៃកម្មវិធីសិក្សារបស់ពួកគេ។»
កញ្ញា Melanie បានបន្ថែមទៀតថា៖«លើសពីនេះ យើងបានរកឃើញថា វាមានសារៈសំខាន់ណាស់ ក្នុងការសម្រេចយកសហគ្រិនកម្ពុជា ចំនួន១៥ នាក់ ជាករណីសិក្សា ដើម្បីបង្ហាញពីផ្នែកនីមួយៗ នៃកម្មវិធីសិក្សា ដើម្បីបង្ហាញពីគំរូក្នុងស្រុក ដែលសិស្សអាចកំណត់អត្តសញ្ញាណខ្លួនឯងបាន។ ជាមួយនឹងវីដេអូ លំហាត់ និងសម្ភារៈនានា ក្នុងវិធីសាស្រ្តសិក្សាចម្រុះ សិស្សនឹងអាចរៀនបានទាំងទ្រឹស្តី និងបទពិសោធន៍ជាក់ស្តែង ជាមួយមិត្តភក្តិ និងគ្រូរបស់ពួកគេ ដែលផ្តល់អត្ថប្រយោជន៍ដល់អាជីពរបស់ពួកគេ នាពេលអនាគត។ យើងជឿជាក់ថា ការវិនិយោគក្នុងការអភិវឌ្ឍផ្នត់គំនិតសហគ្រិនភាព ក្នុងចំណោមយុវជនកម្ពុជា គឺជាកត្តាសំខាន់ សម្រាប់អនាគតនៃប្រទេសកម្ពុជា។ យើងត្រូវបង្កើនអ្នកបង្កើតការងារជំនាន់ថ្មីនិងអ្នកកដោះស្រាយបញ្ហា ហើយយើងសង្ឃឹមថា វេទិកានេះ នឹងបំពាក់ឱ្យពួកគេសម្រាប់អនាគតរបស់ពួកគេ។ »
លោក Feiruz បានបន្ថែមទៀតថា៖ «ការមានផ្នត់គំនិតសហគ្រិន គឺជាជំនាញដ៏មានតម្លៃក្នុងជីវិត សម្រាប់ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់នរណាម្នាក់។ យើងរំពឹងថា សិស្សទាំងអស់ នឹងទទួលបានអត្ថប្រយោជន៍ពី កម្មវិធី SmartStart ULP ដោយមិនគិតពីថា តើមហិច្ឆតារបស់ពួកគេ គឺចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ ឬធ្វើការនៅតាមក្រុមហ៊ុននោះទេ។ យើងជឿជាក់ថា កម្មវិធី ULP នឹងផ្តល់ការបណ្តុះបណ្តាល និងជំនាញដែលនឹងជួយបង្កើតអ្នកដឹកនាំកម្ពុជាជំនាន់ក្រោយ។»
និស្សិតសាកលវិទ្យាល័យដែលចូលរួមក្នុងវគ្គសិក្សានេះ ត្រូវបានគេរំពឹងថា នឹងទទួលបានចំណេះដឹងស៊ីជម្រៅ អំពីភាពជាសហគ្រិន អភិវឌ្ឍផ្នត់គំនិតសហគ្រិន និងបង្កើនសមត្ថភាពការងារ និងជំនាញជីវិតរបស់ពួកគេ។
បណ្ឌិត សុខ គឹមឈិន ព្រឹទ្ធបុរសមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា៖ «ខ្ញុំពិតជាជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យភូមិន្ទកសិកម្ម Impact Hub ភ្នំពេញ និង Smart Axiata នឹងពិតជាលើកកម្ពស់ ការអប់រំសហគ្រិនភាពនៅកម្ពុជា។»
ក្រៅពីការចូលរួមក្នុងវគ្គសិក្សានេះ និស្សិតឆ្នើមៗមកពីសាកលវិទ្យាល័យទាំងដប់ នឹងត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងកម្មវិធី Bootcamp ដោយស្នាក់នៅរយៈពេល ៣ថ្ងៃ ២ យប់ ដើម្បីស្វែងយល់បន្ថែម អំពីសហគ្រិន ភាពបច្ចេកវិទ្យា និងធ្វើការបន្ថែម លើគំនិតអាជីវកម្មរបស់ពួកគេ ពីសាកលវិទ្យាល័យ ដើម្បីប្រកួតប្រជែងសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស ឬនឹង ការប្រកួតប្រជែង សម្រាប់រង្វាន់សាច់ប្រាក់ នៅចុងបញ្ចប់នៃឆមាសរបស់ពួកគេផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)