COVID-19
ជាតិ
ក្រសួងពាណិជ្ជកម្ម ស្នើឲ្យរកវិធីនាំចេញទំនិញតាមវិធីផ្សេងដើម្បីចៀសវាងបញ្ហាកកស្ទះនៅព្រំដែនវៀតណាម-ចិន
04, Jan 2022 , 11:38 am        
រូបភាព
កុងតឺន័រកសិផលរាប់សិបតោនជាប់នៅច្រកព្រំដែន Lang Son-Quang Ninh។ រូបថត Cafef
កុងតឺន័រកសិផលរាប់សិបតោនជាប់នៅច្រកព្រំដែន Lang Son-Quang Ninh។ រូបថត Cafef
ក្រសួងពាណិជ្ជកម្មតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នាថ្ងៃទី៣ ខែមករា បានប្រាប់ទៅបណ្តាក្រុមហ៊ុន ពាណិជ្ជករ សមាគមដឹកជញ្ជូនទំនិញនាំចេញ-នាំចូល និងសាធាណជន ពីបញ្ហាកកស្ទះការនាំទំនិញទៅចិន ដោយឆ្លងកាត់វៀតណាម។ បញ្ហាគឺដោយសារតែវិធានការរឹតត្បិតការឆ្លងកាតព្រំដែន ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី «អូមីក្រុង»។



សកម្មភាពនាំចូល និងនាំចេញទំនិញនៅច្រកព្រំដែនវៀតណាម និងចិន បានជួបប្រទះការកកស្ទះយ៉ាងខ្លាំង ជាពិសេសនៅច្រកទ្វារព្រំដែនខេត្ត Lang Son និងខេត្ត Quang Ninh ដែលបណ្តាលជាចម្បងមកពីការរឹតបន្តឹងវិធានការបង្ការការរីករាលដាល់កូវីដ-១៩របស់ចិន ក្រោមគោលនយោបាយ Zero Covid។

ក្រសួងពាណិជ្ជកម្ម ដោយផ្អែកតាមសេចក្តីជូនដំណឹងរបស់សមភាគីវៀតណាម បានបញ្ជាក់ថា បរិមាណទំនិញដែលអាចនាំចេញទៅបាននៅតាមច្រកព្រំដែនសំខាន់ៗមួយចំនួនជាមួយចិន មានចំនួនត្រឹមតែ២៥ទៅ៣០ភាគរយប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងលក្ខខណ្ឌនាំចេញធម្មតា។

ខណៈច្រកទ្វារព្រំដែនមួយចំនួនទៀតនៅតែបន្តផ្អាកដំណើរការគយ ក្រសួងពាណិជ្ជកម្ម បានប្រាប់ទៅក្រុមហ៊ុន ពាណិជ្ជករ និងសមាគមដឹកជញ្ជូន ឲ្យពិនិត្យលទ្ធភាពរកមធ្យោបាយ និងវិធីនាំចេញផ្សេង ក្រៅពីតាមចក្រព្រំដែនគោករវាងវៀតណាម និងចិន ដើម្បីជៀសវាងហានិភ័យ និងបញ្ហានានា ដែលបណ្តាលមកពីការកកស្ទះ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «ក្រសួងពាណិជ្ជកម្ម រួមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកំពុងពិនិត្យ និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវការវិវត្តនៃសភាពការណ៍នេះ»៕


© រក្សាសិទ្ធិដោយ thmeythmey.com