អន្តរជាតិ
លោកបៃឌិន៖ អាម៉េរិកនឹងដំឡើងកាតាទៅជាសម្ព័ន្ធមិត្តដ៏សំខាន់ក្រៅពីសមាជិកណាតូ
01, Feb 2022 , 9:29 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ចាប់ដៃស្វាគមន៍មហាក្សត្រកាតា Sheikh Tamim Bin Hamad Al-Thani នៅសេតវិមាន។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ចាប់ដៃស្វាគមន៍មហាក្សត្រកាតា Sheikh Tamim Bin Hamad Al-Thani នៅសេតវិមាន។ រូបថត AFP
អាម៉េរិក នឹងដំឡើងកាតាទៅជាសម្ព័ន្ធមិត្តដ៏សំខាន់ដែលមិនស្ថិតក្នុងចំណោមសមាជិកសម្ព័ន្ធណាតូ។ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បញ្ជាក់បែបនេះទៅកាន់ស្ដេចកាតា Sheikh Tamim bin Hamad Al-Thani នៅថ្ងៃទី៣១ ខែមករា។ ការដំឡើងកម្រិតសម្ព័ន្ធភាពនេះ បង្ហាញពីការរីកចម្រើនទៅមុខបន្ថែមទៀតក្នុងទំនាក់ទំនងទីក្រុងដូហានិងទីក្រុងវ៉ាស៊ីនតោនដែលកំពុងរឹងមាំស្រាប់ហើយនោះ។

 
នាជំនួបនៅឯសេតវិមាន ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បញ្ជាក់ចំពោះព្រះភក្រ្តមេដឹកនាំកាតា Sheikh Tamim bin Hamad Al-Thani ថា កាតាថាជាមិត្តល្អ និងដៃគូដែលអាចទុកចិត្តបានរបស់អាម៉េរិក។ ត្រង់នេះ លោក បៃឌិន ក៏លើកឡើងថា អាម៉េរិកនឹងដំឡើងទំនាក់ទំនងជាមួយកាតា។
 
«ខ្ញុំកំពុងជូនដំណឹងដល់សភាថា ខ្ញុំនឹងដំឡើងកាតាជាសម្ព័ន្ធមិត្តដ៏សំខាន់មួយដែលនៅក្រៅសម្ព័ន្ធណាតូដើម្បីឆ្លុះបញ្ចាំងពីសារសំខាន់នៃទំនាក់ទំនងរបស់ពួកយើង»។ លោក បៃឌិន បន្តបែបនេះ។ ការដំឡើងកម្រិតសម្ព័ន្ធភាពនេះមានន័យថា ទីក្រុងដូហានឹងទទួលបានសិទ្ធិពិសេសទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកយោធាក្នុងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន។
 
បើតាមលោក បៃឌិន ភាពជាដៃគូជាមួយកាតាមានសារប្រយោជន៍សំខាន់ៗជាច្រើនសម្រាប់អាម៉េរិកដូចជាតួនាទីរបស់ទីក្រុងដូហាក្នុងការជម្លៀសពលរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តក្នុងការដកទ័ពពីអាហ្វហ្គានីស្ថានកាលពីខែសីហា ឆ្នាំ២០២១ ។  ប្រធានាធិបតីអាម៉េរិកក៏បានលើកឡើងពីតួនាទីរបស់កាតាក្នុងការជួយរក្សាស្ថិរភាពនៅតំបន់ហ្គាហ្សា និងផ្តល់ជំនួយដល់ប្រជាជនប៉ាឡេស្ទីនផងដែរ។
 
ក្នុងលិខិតជូនដំណឹងទៅកាន់ប្រធានសភា ណាន់ស៊ី ផេឡូស៊ី លោក បៃឌិន ការដំឡើងកម្រិតទំនាក់ទំនងនេះ ធ្វើឡើងដើម្បីទទួលស្គាល់ការរួមចំណែកជា ច្រើនឆ្នាំរបស់កាតាចំពោះកិច្ចខិតខំដឹកនាំដោយអាម៉េរិកនៅក្នុងតំបន់ ក៏ដូចជាជំរុញឱ្យមានភាពស៊ីជម្រៅសម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខទ្វេភាគីផងដែរ។ កាតា ជាប្រទេសទីពីរនៅតំបន់អារ៉ាប់បន្ទាប់ពីកូវ៉ែតដែលទទួលបានការផ្ដល់ឋានៈពិសេសបែបនេះក្នុងទំនាក់ទំនងជាមួយអាម៉េរិក។
 
មុនជំនួបជាមួយមេដឹកនាំអាម៉េរិក ស៊ុលតង់ Sheikh Tamim បានលើកឡើងថា ប្រទេសទាំងពីរបាន បង្ហាញពីការចុះសម្រុងគ្នាក្នុងកិច្ចសហប្រតិបត្តិការរួមគ្នាដូចការដកទ័ពនៅអាហ្វហ្កានីស្ថាន។ លើសពីនេះ កាតា និងអាម៉េរិក នឹងបន្តធ្វើការជាមួយគ្នាដើម្បីនាំយកសន្តិភាពសម្រាប់តំបន់នេះ៕
 

Tag:
 អាម៉េរិក
  កាតា
© រក្សាសិទ្ធិដោយ thmeythmey.com