ជាតិ
ក្រសួងអប់រំ បញ្ជាក់ថា លទ្ធផលបាក់ឌុបមិនប្រែប្រួលឡើយ «អ្នកចេះ គឺជាប់»
03, Feb 2022 , 6:59 pm        
រូបភាព
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថាលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២១ មិនមានប្រែប្រួល នោះទេ ក្រោយគណៈកម្មការកោសល្យវិច័យ បញ្ចប់ការធ្វើកោសល្យវិច័យរបស់ខ្លួន លើបណ្តឹងតវ៉ា របស់បេក្ខជន ចំពោះលទ្ធផលប្រឡង។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២ កុម្ភៈ ក្រសួងក៏បានប្រកាសបិទបញ្ចប់ ការទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ាផងដែរ។

 
ទន្ទឹមនឹងនេះ ក្រសួងអប់រំ ក៏បានជម្រាបទៅកាន់បេក្ខជន និងសាធារណជនដែរ ថាការប្រឡងបាក់ឌុបកន្លងទៅ គឺប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របតាមទស្សទាន«អ្នកចេះ គឺជាប់»។
 
ចំពោះសិស្សដែលប្រឡងធ្លាក់ ត្រូវបានក្រសួង អប់រំលើកទឹកចិត្តឱ្យខិតខំរៀនសូត្របន្ត ក្រោមការគាំទ្រពីគ្រូ គ្រួសារ សហគមន៍ ដើម្បីទទួលបានលទ្ធផលល្អនាពេលអនាគត។
 
សូមបញ្ជាក់ មានបេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡង ២៧ ធ្នូ ២០២១ មានចំនួន៧២ ០១៦នាក់ ក្នុងចំណោមបេក្ខជនសរុបជាង១១ម៉ឺននាក់ ដែលស្មើនឹង៦៥. ៦៥ភាគរយ។ ក្នុងចំណោមបេក្ខជនដែលប្រឡងជាប់ នោះ សិស្សនិទ្ទេស A មាន១៧៥៣នាក់ និទ្ទេស B មាន៥២១៥នាក់ និទ្ទេស C មាន ១១ ៦៣៤នាក់ និទ្ទេស D មាន២៣ ៤៩៩នាក់ និងនិទ្ទេស E មាន ២៩ ៩១៥នាក់៕
 
 
  
 

Tag:
 បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com