ជាតិ
រថយន្ត
លោក គឹម បញ្ញា៖ ការដកពិន្ទុបណ្ណបើកបរលើអ្នកល្មើសច្បាប់ ត្រូវតែអនុវត្តដោយតម្លាភាព
05, Feb 2022 , 9:59 am        
រូបភាព
ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមនឹងអនុវត្តដកពិន្ទុលើបណ្ណបើកបរ ចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ តាមកម្មវិធីទូរសព្ទដៃ នៅក្នុងពេលឆាប់ៗនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍នៅកម្ពុជា។ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី បានគាំទ្រវិធានការថ្មីនេះ ហើយលោកចង់ឱ្យការអនុវត្តយន្តការថ្មីនេះ មានភាពទូលំទូលាយ ស្មើភាព និងតម្លាភាព ព្រមទាំងមានការចូលរួមមតិពីពលរដ្ឋ ជុំវិញការអនុវត្តច្បាប់របស់នគរបាលចរាចរណ៍។

 
ក្រសួងសាធារណការ និងដឹកជញ្ជូន បានអភិវឌ្ឍរួចរាល់ហើយកម្មវិធីទូរសព្ទដៃ (App) ដកពិន្ទុលើបណ្ណបើកបរ ចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ហើយត្រៀមនឹងដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗ។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធាណការ បានគូសបញ្ជាក់ដូច្នេះ ក្នុងពិធីប្រគល់មួកសុវត្ថិភាពដល់មន្ត្រីរាជការក្រសួងសាធារណការ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២២។ 


 លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាពិធីប្រគល់មួកសុវត្ថិភាពជូនមន្ត្រីក្រសួង នៅថ្ងៃទី២ កុម្ភៈ។ រូបថត៖ ហ្វេសប៊ុកក្រសួង
 
ដ្បិតមិនបញ្ជាក់ពីពេលវេលាជាក់លាក់ ប៉ុន្តែកន្លងមក លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បាបបញ្ជាក់ថា វិធានការនេះអនុវត្តនៅដើមឆ្នាំ២០២២នេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍នៅកម្ពុជា។ 
 
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី(AIP) គាំទ្រចំពោះការដកពិន្ទុលើបណ្ណបើកបរ របស់អ្នកល្មើសច្បាប់ចរាចរណ៍នេះ ដែលវានឹងចូលរួមចំណែកកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ លោក គឹម បញ្ញា ថ្លែងប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ « យើងមើលឃើញមូលហេតុដែលបង្ករឱ្យមានគ្រោះថ្នាក់ហ្នឹង គឺគាត់បើកបរមិនគោរពច្បាប់ហ្នឹងហើយ។ គាត់បើកលឿន បើកបរក្នុងស្ថានភាពស្រវឹង គាត់វាជែងក្នុងស្ថានភាពគ្រោះថ្នាក់ គាត់មិនគោរពតាមច្បាប់ចរាចរណ៍មួយចំនួនទៀត។ បើយើងអនុវត្តឱ្យបានគត់មត់មែនទែន ខ្ញុំជឿជាក់ថា នឹងអាចកាត់បន្ថយចំនួនអ្នកបើកបរដែលគាត់បំពានច្បាប់នៅលើដងផ្លូវ។ បើកាត់បន្ថយបានច្រើនអ្នកបំពានច្បាប់ មានន័យថា យើងអាចកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ អ្នករបួសក្នុងកម្រិតណាមួយ»។ 


លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី(AIP) 
 
យ៉ាងណាក៏ដោយ លោក គឹម បញ្ញា ស្នើឱ្យរាជរដ្ឋាភិបាល អនុវត្តយន្តការថ្មីនេះ ឱ្យបានទូលំទូលាយ ស្មើភាព និងមានតម្លាភាព ព្រមទាំងកំណត់ពេលជាក់លាក់មួយ ដើម្បីអនុវត្តយន្តការសាកល្បង នៅតំបន់ដែលប្រឈមនូវបទល្មើសចរាចរណ៍ញឹកញាប់ជាងគេ  មុននឹងពង្រីកទៅក្របខណ្ឌទូទាំងរាជធានីភ្នំពេញ ឬទូទាំងប្រទេស។   នាយកអង្គការ AIP រូបនេះ ក៏ស្នើឱ្យរដ្ឋាភិបាល ក៏ស្នើឱ្យរាជរដ្ឋាភិបាលត្រៀមរៀបចំនូវយន្តការសម្របសម្រួល និងប្រមូលមតិត្រឡប់ពីប្រជាពលរដ្ឋ ជុំវិញការអនុវត្តនេះ  ដើម្បីឱ្យការអនុវត្តគំនិតផ្តួចផ្តើមនេះ ទទួលបានជោគជ័យ និងការគាំទ្រពីប្រជាពលរដ្ឋ។ 
 
លោក គឹម បញ្ហា លើកឡើងដូច្នេះ៖ «ខ្ញុំមើលឃើញបញ្ហាប្រឈមដែលច្រើនជាងគេហ្នឹង គឺការបើកបរល្មើសភ្លើងចរាចរណ៍ទេ ដែលភ្លើងហ្នឹងបៃតង ដល់យើងមានការកកស្ទះមានអី គាត់ជ្រុលទៅមុខ ហើយដល់ភ្លើងក្រហមទៅ មានការពិន័យ ដកពិន្ទុគាត់ អាចមានការតវ៉ា ប្រតិកម្មពីពលរដ្ឋ។ សូមឱ្យរាជរដ្ឋាភិបាលពិនិត្យមើលដែរ ចំណុចហ្នឹង។ ដកដល់៣ពិន្ទុ ល្មើសភ្លើងស្តុប! បើថាភ្លើងក្រហម គាត់ទៅ ហ្នឹងគួរតែដកហើយ ៣ពិន្ទុហ្នឹង តែបើរឿងល្មើសជ្រុលបន្តិចបន្តួចហ្នឹង តើអាចមានយន្តការក្នុងការកែសម្រួលយ៉ាងម៉េច?»។  
 
ជុំវិញការអនុវត្តកម្មវិធីដកពិន្ទុយបើកបរនេះ លោក ហ៊ាង សទ្ធាយុត្តិ អ្នកពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា តាមការសិក្សាបច្ចេកទេសកន្លងមក លទ្ធភាពនៃការអនុវត្តសាកល្បង អាចនៅតាមចំណុចផ្លូវជាតិសំខាន់ៗចេញ-ចូលរាជធានីភ្នំពេញ។ ទោះជាយ៉ាងនេះក្តី លោក ហ៊ាង សទ្ធាយុត្តិ បញ្ជាក់ថា លទ្ធផលនៃការសិក្សានេះ ក៏នៅមិនទទួលបានគោលការណ៍ជាក់លាក់ ពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅឡើយ។ 


លោក ហ៊ាង សទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធាណការ និងដឹកជញ្ជូន។ រូបថត៖ ហ្វេសប៊ុកក្រសួង
 
យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានកំណត់ឱ្យគ្រប់បណ្ណបើកបរត្រូវមាន ពិន្ទុសរុប១២ពិន្ទុ។ ក្នុងករណីម្ចាស់បណ្ណបើកបរណាបានប្រព្រឹត្តបទល្មើសចរាចរណ៍ នឹងត្រូវកាត់១ពិន្ធុ ដល់៦ពិន្ទុ។ ប្រសិនម្ចាស់បណ្ណបើកបរ ត្រូវបានកាត់អស់ពិន្ទុ បណ្ណបើកបររបស់ពួកគេនឹងអស់សុពលភាព។ ប៉ុន្តែករណីដែលពួកគេចង់បានបណ្ណបើកបរថ្មី គឺពួកគេត្រូវតែប្រឡងយកបណ្ណបើកបរឡើងវិញត្រឹមរយៈពេលយ៉ាងតិច៦ខែ។ 

 
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា កើតឡើង ២ ៦៧០លើក និងបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ១ ៤៩៧នាក់ និងអ្នករបួសសរុប ៣ ៦១៥នាក់។ មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍  គឺដោយសារការបើកបរដោយល្បឿនលឿន មាន៣៨ភាគរយ ការមិនគោរពសិទ្ធិ មាន២៤ភាគរយ។ ក្រៅពីនេះមានការមិនប្រកាន់ស្តាំ ការប្រជែងគ្រោះថ្នាក់  ការបត់ឆ្វេង-ស្តាំមិនប្រយ័ត្ន  ការបើកបរដោយស្ថានភាពស្រវឹង កត្តាយានយន្ត និងការបើកបរដោយស្ថានភាពងងុយ។ 
 
ដោយប្រើប្រាស់របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៩ អង្គការ UNDP បានរកឃើញថា កម្ពុជា បានខាតបង់ថវិកាប្រមាណ ៤៤៦ដុល្លារអាម៉េរិក ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយក្នុងចំណោមការខាតបង់សរុប ៨៨.៨ភាគរយ គឺដោយសារការបាត់បង់ជីវិត និងការបាត់ប្រាក់ចំណូល ដែលជនរងគ្រោះអាចរកបានពេញមួយជីវិត៕
 
 

Tag:
 ចរាចរណ៍
 បណ្ណបើកបរ
  ដកពិន្ទុបណ្ណបើកបរ
  ស៊ុន ចាន់ថុល
  គឹម បញ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com