COVID-19
ជាតិ
សមត្ថកិច្ច កំពុងតាមរកបុគ្គលិកណាហ្គាវើលដ៍៤នាក់ ឱ្យបំភ្លឺរឿងរារាំងវិធានការទប់ស្កាត់កូវីដ-១៩
06, Feb 2022 , 4:09 pm        
រូបភាព
សកម្មភាពតវ៉ារបស់បុគ្គលិកណាហ្គាលវើលដ៍ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២កន្លងទៅ។
សកម្មភាពតវ៉ារបស់បុគ្គលិកណាហ្គាលវើលដ៍ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២កន្លងទៅ។
សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតាមរកអតីតបុគ្គលិកណាហ្គាវើលដ៍ ៤នាក់ទៀត ឱ្យចូលបំភ្លឺ តាមដីកាបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរារាំងដល់អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថាអតីតបុគ្គលិកណាហ្គាវើលដ៍ ៤នាក់ ដែលសមត្ថកិច្ចកំពុងតាមរកនោះមានឈ្មោះ ខេង ចិន្តា ឈ្មោះ អ៊ុក សុភ័ក្រម៉ូលីកា ឈ្មោះ ម៉េង កាន់នីកា និងឈ្មោះ អេង ស្រីបូ។

 
សូមបញ្ជាក់ដែរថា មានអតីតបុគ្គលិកណាហ្គាវើលដ៍ ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ពាក់ព័ន្ធនឹងករណីរារាំងដល់អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩នេះដែរ។ បុគ្គលិកទាំង៣នាក់ មានឈ្មោះ ជួប ចាន់ណាត ឈ្មោះ សេង វណ្ណរិទ្ធ និងឈ្មោះ សៅ សម្បត្តិ។ 
 
ជុំវិញការចេញដីកាចាប់ខ្លួនកូដករពាក់ព័ន្ធនឹងការរារាំងមិនឱ្យពិនិត្យរកសំណាកនេះ ត្រូវ បានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាលវើលដ៍ បដិសេធថាវាជារឿងមិនត្រឹមត្រូវ។ តាមរយៈសេចក្តីថ្លែងការចុះថ្ងទី៦ កុម្ភៈ សហជីពបានអះអាងថា ក្រុមកូដករ និងអ្នកដែលត្រូវបានចាប់ខ្លួន បានសហការគ្រប់រឿង តាមពេលវេលាកំណត់របស់ក្រសួងសុខាភិបាល។ សហជីព ស្នើឱ្យមានការស្វែងរកដំណោះស្រាយ ជាជាងការចាប់ខ្លួនក្រុមកូដករ ដែលសហជីពចាត់ទុកថា ជាការបង្ហាញរូបភាពមិនល្អ ដល់កិត្តិយសរដ្ឋាភិបាលដែលបានផ្តល់សច្ចាបណ្ណដល់អនុសញ្ញាស្នូលអង្គការពលកម្មអន្តរជាតិ ស្តីពីសេរីភាពសមាគម និងការចរចារួមលេខ៨៧ និង៩៨ ព្រមទាំងរំលោភលើរដ្ឋធម្មនុញ្ញនៃកម្ពុជាផងដែរ។ 
 
សូមរំឭកថា លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥កុម្ភៈ បានចេញដីកាដោយឡែកពីគ្នា ដោយបញ្ជាឱ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនអតីតបុគ្គលិកណាហ្គាវើលដ៍ចំនួន៦នាក់ ឱ្យចូលបំភ្លឺនៅការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃស្នងការរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២២ ជុំវិញដំណើររឿងរារាំងដល់ការអនុវត្តវិធានការ ទប់ស្កាត់ជំងឺកូវីដ-១៩។ អ្នកទាំង៦នាក់ មាន ឈ្មោះ ជួប ចាន់ណាត ឈ្មោះ សេង វណ្ណរិទ្ធ ឈ្មោះ ខេង ចិន្តា ឈ្មោះ អ៊ុក សុភ័ក្រម៉ូលីកា ឈ្មោះ ម៉េង កាន់នីកា និងឈ្មោះ អេង ស្រីបូ។
 
មុនមានការចាប់ខ្លួនអតីតបុគ្គលិកណាហ្គាលវើលដ៍នេះ   ក្រសួងសុខាភិបាល នៅថ្ងៃទី៤កុម្ភៈ បានអំពាវនាវដល់ក្រុមបាតុករអតីតបុគ្គលិកណាហ្គាវើលដ៍ទាំងអស់ទៅយកសំណាក ក្រោយមានករណីស្ត្រីបាតុករមានរកឃើញវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង ពេលទៅពិនិត្យផ្ទៃពោះ។ ក្រសួង បានកំណត់រយៈពេល៣ថ្ងៃ ឱ្យក្រុមបាតុករ ទៅយកសំណាកនៅកោះពេជ្រ។ ជាមួយនឹងការកំណត់ពេល និងទីតាំងយកសំណាក ក្រសួង ក៏បានព្រមានចាត់វិធានការច្បាប់ ប្រឆាំងបុគ្គលដែលមិនអនុវត្តតាមការណែនាំផងដែរ។ 
 
សូមបញ្ជាក់ថា បុគ្គលិកណាហ្គាវើលដ៍ បានប្រមូលផ្តុំតវ៉ាចាប់ថ្ងៃទី១៨ធ្នូ ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន ដើម្បីឲ្យភាគីក្រុមហ៊ុនទទួលបុគ្គលិកជាង៣០០នាក់ ចូលបម្រើការងារវិញ។ ប៉ុន្តែការតវ៉ានេះ ពុំទទួលបានផ្លែផ្កាឡើយ រហូតដល់មានការចាប់ខ្លួនក្រុមអ្នកតវ៉ាជាបន្តបន្ទាប់៕
 
 

Tag:
 បុគ្គលិកណាហ្គាវើលដ៍
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com