អន្តរជាតិ
លោក ស៊ី ជិនភីង៖ ចិន ជំទាស់នឹងសង្រ្គាម និងមិនចង់ឃើញអ៊ុយក្រែនស្ថិតក្នុងជម្លោះឡើយ
19, Mar 2022 , 4:39 pm        
រូបភាព
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង (ខាងស្តាំ) ជជែកជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព៖ Xinhua
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង (ខាងស្តាំ) ជជែកជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព៖ Xinhua
ដោយ:
ក្នុងជំនួបតាមប្រព័ន្ធវីដេអូ​ជាមួយសមភាគីអាម៉េរិក លោកចូ បៃឌិន នៅល្ងាចថ្ងៃទី១៨ ខែមីនា លោកស៊ី ជីនភីង ប្រធានាធិបតីចិន បានថ្លែងថា ចិនជំទាស់នឹងសង្រ្គាម ហើយមិនចង់ឃើញអ៊ុយក្រែនស្ថិតក្នុងស្ថានភាពមានជម្លោះ និងវិបត្តិមនុស្សធម៌ឡើយ។ ទន្ទឹមនោះ មេដឹកនាំកំពូលអាម៉េរិក ក៏បានព្រមានចិនជាថ្មីផងដែរ ប្រសិនបើហ៊ានផ្តល់ជំនួយគាំទ្ររុស្ស៊ី។ 

 
ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារលើអ៊ុយក្រែន ​ចិនដែលជាប្រទេសមហាអំណាចមួយ ​មិនទាន់ចេញមុខថ្កោលទោស និងដាក់ទណ្ឌកម្មលើរុស្ស៊ីឡើយ។ កន្លងមក វាមានរបាយការណ៍ថា រុស្ស៊ី បានស្នើសុំជំនួយយោធាពីចិន ខណៈរដ្ឋមន្រ្តីហិរញ្ញវត្ថុរុស្ស៊ីអះអាងថា ចិនជាមិត្តដ៏ល្អ និងជាប្រទេស ដែលអាចជារុស្ស៊ីអាចពឹងពាក់លើវិស័យសេដ្ឋកិច្ច បន្ទាប់ពីប្រទេសមួយនេះរួមរឹតដោយទណ្ឌកម្មពីសំណាក់បស្ចិមប្រទេស និងបណ្តាប្រទេសផ្សេងទៀត។ បញ្ហានេះ បានធ្វើឱ្យអាម៉េរិកព្រមានថា ចិននឹងរងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើហ៊ានផ្តល់ជំនួយយោធាទៅរុស្ស៊ី។ 
 
ក្នុងជំនួបតាមប្រព័ន្ធទូរស័ព្ទដែលមានរយៈពេលជិត២ម៉ោង​ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានព្រមានសមភាគីចិនថា​៖ «ផលប៉ះពាល់ និងផលវិបាកនឹងមាន បើសិនចិនផ្តល់ជំនួយទៅកាន់រុស្ស៊ី ដើម្បីបន្តវាយអ៊ុយក្រែន»។ បើតាមការបញ្ជាក់របស់សេតវិមាន ​ការដាក់ទណ្ឌកម្មលើក្រុងប៉េកាំង ដែលជាអ្នកនាំចេញទំនិញដ៏ធំបំផុតរបស់ពិភពលោក អាចជាជម្រើសមួយ។
 
ទន្ទឹមនេះ ​លោក ស៊ី បាននិយាយថា ចិន មិនចង់ឃើញស្ថានភាពនៅអ៊ុយក្រែន មានស្ថានភាពលំបាកឡើយ។ «ចិនប្រកាន់ជំហរសន្តិភាព និងប្រឆាំងសង្រ្គាមជានិច្ច»។ មេដឹកនាំកំពូលចិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ចិន គាំទ្រឱ្យអនុវត្តតាមច្បាប់អន្តរជាតិ និងបទដ្ឋានទំនាក់ទំនងអន្តរជាតិ រួមទាំងគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប្រធានាធិបតីចិន ក៏បានជំរុញឱ្យភាគីអ៊ុយក្រែន និងរុស្ស៊ី ដោះស្រាយជម្លោះប្រកបដោយសន្តិភាព និងតាមរយៈការចរចាផងដែរ។ 
 
ក្នុងជំនួបតាមទូរស័ព្ទនេះ មេដឹកនាំប្រទេសទាំងពីរ បានពិភាក្សាប្រធានបទជាច្រើន ក្នុងនោះរួមមាន កោះតៃវ៉ាន់ផង។ លោកបៃឌិន បានរំលឹកឡើងវិញថា អាម៉េរិកមិនស្វែងរកសង្រ្គាមត្រជាក់ជាមួយចិនទេ ហើយមិនមានបំណងផ្លាស់ប្តូរប្រព័ន្ធចិនឡើយ។ អាម៉េរិក ត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសន្ទនាដោយត្រង់ៗ និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយភាគីចិន ព្រមទាំងរក្សាការបេ្តជ្ញាគោរពគោលនយោបាយចិនតែមួយ និងដោះស្រាយបញ្ហាខ្វែងគំនិតគ្នា ដើម្បីរក្សាចំណងទំនាក់ទំនងឱ្យកាន់តែរលូន។ ជាការឆ្លើយតប លោកស៊ី បានប្រាប់អាម៉េរិកថា ​បើសិនបញ្ហាតៃវ៉ាន់ដោះស្រាយមិនបានត្រឹមត្រូវ​ វានឹងជះឥទ្ធិពលអាក្រក់ដល់ទំនាក់ទំនងរវាងអាម៉េរិក និងចិន៕
 

Tag:
 ចិន
  អាម៉េរិក
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com