អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសចិន​៖ ចិនឈរនៅខាងភាពត្រឹមត្រូវ ជុំវិញវិបត្តិអ៊ុយក្រែន
20, Mar 2022 , 10:19 pm        
រូបភាព
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន។ រូបភាព៖ Xinhua
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន។ រូបភាព៖ Xinhua
ដោយ:
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា ​វាមានតែពេលវេលាទេដែលអាចបញ្ជាក់ថា ចិនឈរនៅលើភាពត្រឹមត្រូវនៃប្រវត្តិសាស្រ្ត ជុំវិញវិបត្តិអ៊ុយក្រែន ហើយជំហររបស់ចិន គឺស្របតាមការចង់បានរបស់ប្រទេសភាគច្រើន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយចេញដោយក្រសួងការបរទេសចិននាថ្ងៃទី២០ ខែមីនា។

 
«ចិន នឹងមិនទទួលយករាល់ទង្វើបង្ខិតបង្ខំ ឬដាក់សម្ពាធពីប្រទេសខាងក្រៅណាមួយឡើយ ហើយប្រឆាំងជានិច្ចរាល់ការចោទប្រកាន់ និងការសង្ស័យណាមួយដោយគ្មានមូលដ្ឋានច្បាស់លាស់មកលើចិន»។ លោក វ៉ាង យី  រដ្ឋមន្រ្តីការបរទេសចិន បានប្រាប់អ្នកសារព័ត៌មានបែបនេះ​កាលពីល្ងាចថ្ងៃទី១៩ ខែមីនា។
 
ការឆ្លើយតបរបស់លោកវ៉ាង ធ្វើឡើងក្រោយពីប្រធានាធិបតីអាម៉េរិក ចូ បៃដិន ​បានព្រមានទៅសមភាគីចិនកាលពីថ្ងៃទី១៨ខែមីនា​ថា ​ផលអាក្រក់នឹងអាចកើតមាន បើសិនចិនផ្តល់ជំនួយទៅកាន់រុស្ស៊ីដើម្បីបន្តវាយអ៊ុយក្រែន។
 
លោក វ៉ាង បានថ្លែងថា ​សារដ៏សំខាន់បំផុតដែលលោកស៊ីបានលើកឡើងនោះ​គឺ​ ចិនតែ​ងតែ​ ជាកម្លាំងសម្រាប់រក្សាសន្តិភាពពិភពលោក។ បើតាមលោកវ៉ាង ​ចិនតែងតែឈរលើការរក្សាសន្តិភាព និងប្រឆាំងសង្រ្គាមដាច់ខាត ព្រមទាំងបញ្ជាក់ជាថ្មីថា ​ចិននឹងធ្វើការវិនិច្ឆ័យដោយឯករាជ្យ។
 
«គោលជំហររបស់ចិនគឺមានគោលដៅច្បាស់លាស់និងយុត្តិធម៌ ហើយស្របតាមការចង់បានរបស់ប្រទេសភាគច្រើន។ ពេលវេលា នឹងបញ្ជាក់ថាការអះអាងរបស់ចិនស្ថិតនៅលើភាពត្រឹមត្រូវក្នុងប្រវត្តិសាស្រ្ត។»លោកវ៉ាង បានសង្កត់ធ្ងន់បែបនេះ។
 
​ជាមួយគ្នានេះ ​អនុរដ្ឋមន្រ្តីការបរទេសលោក ​ឡឺ យូឈឹង (Le Yucheng) នៅថ្ងៃទី១៩ខែមីនាដដែល បាននិយាយថា ការដាក់ទណ្ឌកម្មពីសំណាក់បណ្តាប្រទេសលោកខាងលិចលើរុស្ស៊ីជុំវិញការវាយលុកអ៊ុយក្រែន នឹងធ្វើឱ្យការខឹងសម្បារកាន់តែផ្ទុះខ្លាំង៕
 

Tag:
 ចិន
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com