ជាតិ
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា៖ ជ្រូកខុសច្បាប់នាំពីវៀតណាមជាង១ពាន់ក្បាលក្នុងមួយថ្ងៃ ដោយសារមន្ត្រីគប់គិតគ្នា
18, May 2022 , 9:59 pm        
រូបភាព
(រូបភាពផ្ដល់ដោយលោក ស្រ៊ុន ពៅ ប្រធានសហគមអ្នកចិញ្ចឹមសត្វកម្ពុជា )
(រូបភាពផ្ដល់ដោយលោក ស្រ៊ុន ពៅ ប្រធានសហគមអ្នកចិញ្ចឹមសត្វកម្ពុជា )
ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា ករណីលួចនាំចូលជ្រូកខុសច្បាប់ពីវៀតណាមកើនឡើងជាង១ពាន់ក្បាលក្នុងមួយថ្ងៃ ក្រោយមានឈ្មួញ និងមន្រ្តីច្រកព្រំដែនគប់គិតគ្នា បើកឱ្យមានការនាំចូលតាមច្រករបៀងតូចៗ ជាពិសេសផ្លូវទឹក។

 
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ​ បានលើកឡើងថា ការលួចនាំចូលជ្រូកពីវៀតណាម កំពុងកើនឡើងគួរឱ្យព្រួយបារម្ភ ទោះបី លោក បានដាក់លិខិតស្នើឱ្យបណ្ដាខេត្តជាប់ព្រំដែនជួយអន្តរាគមន៍ តែពុំសូវទទួលបានការសហការឡើយ។ 
 
បច្ចុប្បន្ន ខេត្តដែលមានសកម្មភាពនាំចូលច្រើនជាងគេ​ គឺខេត្តត្បូងឃ្មុំ ព្រោះនៅទីនោះ មានមន្រ្តីខិលខូច គប់គិតជាមួយឈ្មួញ បើកឱ្យមានការនាំចេញទាំងពេលយប់ និងថ្ងៃ។ លោក ស៊្រុន ពៅ បារម្ភថា ប្រសិនបើ សកម្មភាពនាំចូលនេះនៅតែបន្ត នឹងធ្វើឱ្យប៉ះពាល់ដល់កសិករចិញ្ចឹមជ្រូកក្នុងស្រុក សេដ្ឋកិច្ចជាតិ ជាពិសេសបង្កហានិភ័យដល់សុខភាពអ្នកបរិភោគ។
 
លោក ប្រាប់ដូច្នេះថា៖«សព្វថ្ងៃប្រទេសកម្ពុជាយើង នាំចូលជ្រូកខុសច្បាប់ពីវៀតណាមមិនក្រោម ១ពាន់ក្បាលទេក្នុងមួយថ្ងៃៗ។ ភាគច្រើន នាំចូលតាមច្រកត្នោត អន្លង់ជ្រៃ និងច្រកជាច្រើនទៀត ក្នុងខេត្តត្បូងឃ្មុំ»។ 
 
លោក ស្រ៊ុន ពៅ ធ្លាប់ក្រើនរំលឹកថា ការនាំចូលជ្រូក ឬសាច់សត្វខុសច្បាប់ នឹងបង្កហានិភ័យចំពោះសុខភាពអ្នកបរិភោគ និងវិស័យចិញ្ចឹមសត្វនៅកម្ពុជា ដោយសារគ្មានការត្រួតពិនិត្យ​ ឬការបញ្ជាក់ពីសុវត្ថិភាពឱ្យបានត្រឹមត្រូវ។ ប្រសិន បើសត្វរស់ ឬសាច់បង្កក មានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិកទៀតនោះ នឹងធ្វើឱ្យប្រជាកសិករ ឬកសិដ្នឋាចិញ្ចឹមជ្រូកមួយចំនួននៅកម្ពុជា រងការបំផ្លាញ។
 

សកម្មភាពលួចនាំចូលពីវៀតណាម តាមច្រកព្រំដែនត្បូងឃ្មុំ និងវៀតណាម (រូបភាពផ្ដល់ដោយ លោក ស្រ៊ុន ពៅ)

ជុំវិញបញ្ហានេះ លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានប្រាប់សារព័ត៌មានថ្មីៗ២៥ ថា​ លោកពុំបានដឹងព័ត៌មានពីការលួចនាំចូលជ្រូកខុសច្បាប់ពីវៀតណាម តាមច្រកខេត្តត្បូងឃ្មុំ នោះទេ ខណៈអាជ្ញាធរ កំពុងពង្រឹងការទប់ស្កាត់តាមច្រកខេត្តព្រៃវែង និងស្វាយរៀង។
 
តែយ៉ាងណា លោក ទទួលស្គាល់ថា ពិបាកទប់ស្កាត់ការចូលជ្រូកពីវៀតណាម ព្រោះកម្ពុជា និងវៀតណាម មានច្រករបៀងច្រើន ដូច្នេះ ការបិទខ្ទប់ខេត្តព្រៃវែង និងស្វាយរៀង អាចជាមូលហេតុធ្វើឱ្យលិចចេញករណីនាំចូលច្រើននៅខេត្តត្បូងឃ្មុំ វិញ។
 
លោក ប្រាប់ដូច្នេះថា៖«យើងខ្ទប់ខាងនេះ វាចេញខាងនោះ អ៊ីចឹង ឥឡូវយើងកំពុងពង្រឹងកម្លាំងបន្ថែមទៀត។ មួយរយៈនេះ ករណីលួចនាំចូលច្រើននៅតាមច្រកស្វាយរៀង និងព្រៃវែង ដូច្នេះ ប្រហែល វាឆ្លងទៅខាងត្បូងឃ្មុំច្រើនជាវិញ»។
 
ថ្មីៗនេះ ខេត្តតាកែវ និងស្វាយរៀង ក៏បានចេញវិធានការទប់ស្កាត់ការនាំចូលជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាង តាមច្រករបៀងមួយចំនួន ដែលពុំឆ្លងកាត់ការត្រួតពិនិត្យសុខភាពសត្វត្រឹមត្រូវ៕  
 

 សកម្មភាពលួចនាំចូលពីវៀតណាម តាមច្រកព្រំដែនត្បូងឃ្មុំ និងវៀតណាម (រូបភាពផ្ដល់ដោយ លោក ស្រ៊ុន ពៅ)
 

Tag:
 ជ្រូកខុសច្បាប់ពីវៀតណាម
  សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com