ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់ឱ្យក្រសួង៣ ស្ដារបឹងទន្លេសាបឡើងវិញ ដើម្បីអភិរក្សពូជត្រី
27, May 2022 , 8:59 pm        
រូបភាព
(សេចក្ដីថ្លែងការពិសេសរបស់សម្ដេច ហ៊ុន សែន នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២)
(សេចក្ដីថ្លែងការពិសេសរបស់សម្ដេច ហ៊ុន សែន នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២)
ភ្នំពេញ៖ សម្ដេច​ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ស្នើឱ្យអាជ្ញាធរបឹងទន្លេសាប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម រួមគ្នាស្ដារបឹងទន្លេសាបឡើងវិញ ដើម្បីធ្វើឱ្យមានជម្រៅជ្រៅ ដែលផ្ដល់ប្រយោជន៍ដល់ការអភិរក្សពូជត្រី។


សេចក្ដីថ្លែងការណ៍ពិសេសរបស់សម្ដេច ហ៊ុន សែន នៅព្រឹកនេះ បានលើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ បឹងទន្លេសាប កាន់តែរាក់ ដោយសារការហូរចាក់នូវដីល្បាប់ និងស្លឹកឈើ ចូលទៅក្នុងបឹងទន្លេសាប។ សម្ដេច ស្នើឱ្យអាជ្ញាធរបឹងទន្លេសាប ក្រសួងកសិកម្ម និងក្រសួងធនធានទឹក ចាប់ផ្ដើមកំណត់ទីតាំង ដើម្បីស្ដារបឹងទន្លេសាបឡើងវិញ។
 
សម្ដេច ថ្លែងដូច្នេះថា៖«ធម្មតារដូវវស្សាទឹកតែងតែនាំដីល្បាប់ ចាក់ក្នុងតំបន់ទន្លេសាប ជាមួយស្លឹកឈើ ធ្លាក់ចូលមកធ្វើឱ្យបឹងទន្លេសាបរបស់យើងកាន់តែរាក់ ដូច្នេះ បញ្ហាអភិរក្សពូជត្រី គឺបញ្ហាដ៏លំបាកសម្រាប់យើង។ អ៊ីចឹង ដើម្បីធានា ដល់ការថែរក្សាពូជត្រីក្នុងបឹងទន្លេសាប គឺត្រូវកំណត់ទីតាំង ដើម្បីយើងរកទុនសម្រាប់ជួយបូម ឬស្ដារក្នុងតំបន់នោះ»។
 
មិនតែប៉ុណ្ណោះ សម្ដេច ហ៊ុន សែន ណែនាំឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងនោះ សិក្សាពីលទ្ធភាព កែច្នៃដីល្បាប់ក្នុងបឹងទន្លេសាប ធ្វើទៅជាជីកសិកម្ម សម្រាប់ជួយដល់ការងារបង្កបង្កើនផលរបស់កសិករ។ «មិនអាចយកដីបូមហើយទៅចាក់ក្នុងបឹងទន្លេសាបវិញទេ។ អ៊ីចឹង យើងត្រូវសិក្សាឱ្យបានច្បាស់ពីការកែច្នៃដីល្បាប់ ទៅជាជីធម្មជាតិ សម្រាប់ផ្ដល់ជូនទៅកសិករ។
ព្រោះដីល្បាប់ក្នុងបឹងទន្លេសាប សុទ្ធតែមានជីវជាតិ អ៊ីចឹងប្រជាពលរដ្ឋគួរតែទទួលបានផលប្រយោជន៍ពីការស្ដារដីល្បាប់ ធ្វើជាជីនេះ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន។
 
គួរបញ្ជាក់ថា នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ដាំកូនឈើក្នុងផ្ទៃដីជាង៦ម៉ឺនហិកតា ដែលដកហូតពីការកាប់ឆ្វៀលរបស់ពលរដ្ឋកន្លងទៅ ដើម្បីប្រែក្លាយតំបន់នោះទៅជាព្រៃលិចទឹក ផ្ដល់ជម្រក និងបង្កើនធនធានត្រីជុំវិញបឹងទន្លេសាប។  សម្ដេច សង្កត់ធ្ងន់ថា ប្រសិនបើ មិនបង្រ្កាបបទល្មើសទន្ទ្រានដីព្រៃលិចទឹកនេះទេ ផលប្រយោជន៍ជាតិនឹងត្រូវបាត់បង់៕  
 
 
 

Tag:
 សម្ដេច ហ៊ុន សែន
  ក្រសួងកសិកម្ម
  បឹងទន្លេសាប
  ស្ដារបឹងទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com