ជាតិ
របាយការណ៍៖ អ្នកបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ មាន៨០,១៩ភាគរយ មិនមែន៧៧,៩១ភាគរយនោះឡើយ
06, Jun 2022 , 6:10 pm        
រូបភាព
ដោយ: ថ្មីៗ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញផ្សាយរបាយការណ៍ថ្មី ទាក់ទងនឹងចំនួនអ្នកដែលបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៥ កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា។ តួលេខគឺ ៨០,១៩ភាគរយ ឬជិត៧,៤លាននាក់ ខណៈតួលេខបឋម ដែលប្រកាសដោយប្រធាន គ.ជ.ប គឺ៧៧,៩១ភាគរយ។

 
របាយការណ៍ដែលចេញផ្សាយនាល្ងាចថ្ងៃចន្ទនេះ បានបង្ហាញថា ពលរដ្ឋ ៧ ៣៨២ ៤៤៩នាក់ ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីជាង៩,២លាននាក់ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ បើគិតជាភាគរយ គឺ៨០,១៩ភាគរយ។
 
នាសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី៥ ខែមិថុនា ក្រោយបិទការិយាល័យបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានអះអាងថា តួលេខអ្នកបានទៅបោះគឺ៧៧,៩១ភាគរយ ប៉ុន្តែគ្រាន់តែជាតួលេខបឋម។ ទាក់ទងនឹងអវត្តមានអ្នកបោះឆ្នោតមួយចំនួន ប្រធានគ.ជ.ប បានលើកឡើងពីបញ្ហាអាកាសធាតុ និងវត្តមាននៅក្រៅប្រទេសរបស់អ្នកបោះឆ្នោត។
 
ក្នុងចំណោមរាជធានី-ខេត្ត ទាំង២៥ ខេត្តកំពង់ស្ពឺ មានអត្រាអ្នកទៅបោះឆ្នោតច្រើនជាងគេ ដោយមាន៨៧,៨៣ភាគរយ បន្ទាប់មកមាន មាន កែប (៨៧,២៩ភាគរយ), តាកែវ (៨៥,៩០ភាគរយ), កណ្តាល (៨៥,៤៦ភាគរយ) និងស្វាយរៀង (៨៥,៣៨ភាគរយ)។ ភាគរយអ្នកទៅបោះឆ្នោតតិចជាងគេ គឺ បន្ទាយមានជ័យដែលមានត្រឹម ៦៧,៩៥ភាគរយ៕
 



Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com