ជាតិ
ប្រកួតនិយាយជាសាធារណៈ៖ បេក្ខជនឆ្នើម ៥រូប ត្រូវបានជ្រើសរើសទៅវគ្គផ្ដាច់ព្រ័ត្រ
13, Jul 2022 , 6:59 pm        
រូបភាព
ដោយ៖ ញឹក សំអូន

បេក្ខជនឆ្នើម ៥រូប ត្រូវបានជ្រើសរើសទៅវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីចូលរួមប្រកួតប្រជែងនិយាយជាសារធាណៈ ក្រោមប្រធានបទ «ហេតុអ្វីបានជាគ្រឹះស្ថានអប់រំ មិនត្រូវចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់?» នាព្រឹកថ្ងៃទី ១៣ កក្កដា ឆ្នាំ២០២២ នៅអាគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា។



នៅក្នុងវេទិការទាំងមូលនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមានបេក្ខជនឆ្នើម ១០រូប ដែលបានសម្រិតសម្រាំងក្នុងចំណោមបេក្ខជន ៣០០នាក់ ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងមកពីសាលាអនុវិទ្យាល័យ វិទ្យាល័យ សកលវិឡាល័យ និងតាមបណ្ដារាជធានីខេត្តនានា។ 
  

បេក្ខនារី ហាក់ នីតា មកពីវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ ខេត្តរតនគិរី

បេក្ខនារីចំនួន ៣នាក់ និងបេក្ខជន ២នាក់ បានដណ្ដើមយកជ័យជម្នះ បន្តទៅវគ្គផ្ដាច់ព្រ័ត្រក្នុងការប្រកួតប្រជែង។ បេក្ខជន-បេក្ខនារីទាំងនោះមានឈ្មោះ លី រតនា ភេទប្រុស មកពីសាកលវិទ្យាល័យសាស្រ្តសុខាភិបាល, សុខ ដាំរ៉ុង ភេទប្រុស មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង, ហាក់ នីតា ភេទស្រី មកពីវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ, ឈូក ស្រីទូច ភេទស្រី មកពីសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ, និងបេក្ខជន សាន់ ចរណៃ ភេទស្រី មកពីវិទ្យាល័យទួលទំពូង។
 
ជាមួយគ្នានេះ លី រតនា និង ហាក់ នីតា ជាបេក្ខជនឆ្នើមក្នុងចំណោមបេក្ខជនទាំង ៥រូប ដែលបានបន្តទៅវគ្គផ្ដាច់ព្រ័ត្រ បានប្រាប់សារព័ត៌មានថ្មី(ThmeyThmey) ថា យុវជនជាសរសទ្រូងនៃប្រទេសជាតិ ដែលមានតួនាទីសំខាន់ក្នុងការចូលរួមទប់ស្កាត់​ការប្រើប្រាស់ថ្នាំជក់ ដែលត្រូវបានក្រុមហ៊ុនមួយចំនួន យកទៅកែច្នៃរូបរាងផ្សេងៗ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មផលិតផល និងលក់នៅលើទីផ្សារ។ យុវជន ត្រូវចូលរួមផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់ឱ្យបានច្រើន និងទូលំទូលាយ ជៀសជាងការប្រើប្រាស់ដោយខ្លួនឯង។
  

បេក្ខជន លី រតនា មកពីសាកលវិទ្យាល័យសាស្រ្តសុខាភិបាល

«ប្រធានបទហ្នឹង [ហេតុអ្វីបានជាគ្រឹះស្ថានអប់រំ មិនត្រូវចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់?} ជាប្រធានបទសំខាន់ ដើម្បីកុំឱ្យយុវជនបន្តជក់បារី ឬគ្រប់ផលិតផលថ្នាំជក់ទាំងអស់ ព្រោះវាមានផលប៉ះពាល់ដល់សុខភាព សង្គមជាតិ បរិស្ថាន និងខាតបង់ថវិកាជាតិ»។ នេះបើតាមបេក្ខជន ទាំងពីរ។
 
រតនា និង នីតា បានពន្យល់បន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំហាមឃាត់មិនឱ្យយុវជនប្រើប្រាស់ថ្នាំជក់ ព្រោះវាមានផលប៉ះពាល់ដល់សុខភាពដូចជា រលាកផ្លូវដង្ហើម រលាកសួត ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង រួមទាំងខាតបង់ថវិការជាតិ។ យុវជន និងយុវតីទាំងពីរ សុទ្ធតែមើលឃើញថា ក្រសួងមិនសហការជាមួយឧស្សាហកម្មថ្នាំជក់ ជាការរួមចំណែកក្នុងការអនុវត្តអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ដែលកម្ពុជា គឺជារដ្ឋភាគី ក្នុងការលើកកម្ពស់សុខុមាភាពសង្គម និងទប់ស្កាត់ចរាចរណ៍ផលិផលថ្នាំជក់។
 
ក្នុងវគ្គផ្ដាច់ព្រ័ត្រខាងមុខ រតនា និង នីតា នឹងត្រៀមខ្លួនសិក្សាស្រាវជ្រាវឱ្យបានល្អប្រសើរជាងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ លើប្រធាននេះ។ 
 
យោងតាមរបាយការណ៍អង្គការសហប្រជាជាតិ ប្រជាជនកម្ពុជា ១៥០០០នាក់ បានស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់ជារៀងរាល់ឆ្នាំ  ហើយកម្ពុជាបានខាតថវិកាប្រមាណ ៦៤៩ដុល្លារ៕
  




 

© រក្សាសិទ្ធិដោយ thmeythmey.com