ជាតិ
សង្គមជាតិ
យុវជនជក់បារី អេឡិចត្រូនិកយ៉ាងបើកចំហ ស្របពេលសមត្ថកិច្ចបង្ក្រាបអ្នកចែកចាយ
30, Jun 2022 , 8:59 pm        
រូបភាព
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ យុវជនកំពុងសប្បាយនឹងផ្សែងបារីអេឡិចត្រូនិក ដែលមានលាយឡំជាមួយក្លិនផ្លែឈើ។ យុវជនទាំងនោះ ប្រើប្រាស់បារីអេឡិចត្រូនិកនេះ យ៉ាងទូលំទូលាយ នៅតាមបណ្ដាក្លិប និងកន្លែងផឹកស៊ីនានា ស្របពេលដែលសមត្ថកិច្ចចេញវិធានការបង្ក្រាបអ្នកចែកចាយ។

 
អង្គុយតុជុំគ្នា នៅតំបន់ Bassac Lane យុវជននិងយុវតី ប្រមាណ១០នាក់ បានជជែកគ្នាយ៉ាងរីករាយ ខណៈដៃម្ខាងលើក និងទម្លាក់កែវស្រា ហើយដៃម្ខាងទៀត កាន់បារីអេឡិចត្រូនិក ឬ E-Cigarette បឺតស្រូបយករសជាតិ ហើយបង្ហុយផ្សែងយ៉ាងសន្ធប់។ ក្នុងដៃពួកគេមានប៊ីយែរគ្រប់គ្នា ប៉ុន្តែបារីអេឡិចត្រូនិកដែលពួកគេជក់ មានតែពីរដើមប៉ុណ្ណោះ ដោយជក់ឆ្លាស់គ្នា ពីម្នាក់ទៅម្នាក់។ 
 
នៅពេលរាត្រីតំបន់ Bassac Lane តាមបណ្ដោយផ្លូវ៣០៨ សម្បូរដោយហាងបែបអឺរ៉ុប ពិសេសហាងលក់គ្រឿងស្រវឹង រួមទាំងយុវជនចម្រុះជនជាតិ។ ក្រុមយុវជនខាងលើ អង្គុយផឹកប៊ីយែរកែវធំ ជក់បារីអេឡិចត្រូនិក ហើយបណ្តែតអារម្មណ៍ជាមួយផ្សែងបារី និងបទចម្រៀងដែលឮចេញពីតុយុវជនមួយក្រុមទៀតដែលនៅក្បែរនោះ។  


 
ឆ្ងាយពីគ្នាប្រមាណ ១ម៉ែត្រកន្លះ តុដែលមានគ្នា ៥នាក់ វ័យចន្លោះប្រមាណ ១៧ដល់ ២៥ឆ្នាំ គឺជាតុដែលចាក់ចម្រៀងតាមឧបករណ៍បំពងសំឡេងខា្នតតូច។ ពួកគេទាំងពីរក្រុម មានសភាពដូចគ្នា គឺផឹកប៊ីយែរ ជជែកគ្នា ហើយដៃកាន់បារីអេឡិចត្រូនិកជក់ឆ្លាស់ម្ដងម្នាក់។ ក្រុមទាំងពីរ កាន់តែជិតស្និទ្ធគ្នា តាមរយៈការស្ដាប់ចម្រៀងលេងកម្សាន្ត ជាមួយអកប្បកិរិយាឆ្លើយឆ្លង ដោយលើកកែវជល់គ្នាពីចម្ងាយ ជាសញ្ញារាប់អានគ្នា ។ 
 
យុវជន លីមាន ដែលបានប្រើប្រាស់បារីអេឡិចត្រូនិកនេះ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ដំបូងឡើយរូបគេ បានជក់បារីដើមធម្មតាទេ កាលពីរៀនថ្នាក់ទី៩ ។ ក្រោយផ្លាស់ទីលំនៅមករៀននៅភ្នំពេញ លោកក៏ចាប់ផ្ដើម ជក់បារីអេឡិចត្រូនិក។ 
 
«ឃើញមិត្តភក្តិជក់បារីអេឡិចត្រូនិក ខ្ញុំក៏ប្ដូរប្រើដូចមិត្តភក្តិ ហើយក៏អាចផ្ដាច់បារីធម្មតាបាន ព្រោះវាមានក្លិនក្រអូប»។ នេះជាការលើកឡើងរបស់ និស្សិតឆ្នាំទី២ខាងលើ ដោយដឹងឮថា ប្រភេទបារីអេឡិចត្រូនិកផ្ដល់ផលប៉ះពាល់សុខភាពខ្លាំងជាងបារីទូទៅ។ លីមាន បន្តថា៖ «ពេលជក់(បារីអេឡិចត្រូនិក )ហើយរាងស្ពឹកក្បាល ធ្វើអីអត់សូវលះ! ខ្ញុំដឹងថាប៉ះពាល់ តែធម្មតាខ្ញុំក្មេង ឃើញគេជក់ចេះតែចង់ជក់តាមគេដែរ»។  
 
ត្បិត អ្នកជក់អះអាងថា បារីអេឡិចត្រូនិកមានក្លិនក្រអូប ហើយអាចផ្ដាច់ការជក់បារីធម្មតាក៏ពិតមែន តែលោក មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម និង លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា ចាត់ទុកជាលេសប៉ុណ្ណោះ។ អ្នកទាំងពីរ បកស្រាយថា ក្នុងបារីអេឡិចត្រូនិកមានសារធាតុ «នីកូទីន» ទើបអ្នកប្រើប្រាស់ញៀន។ 
 
ជក់បារីអេឡិចត្រូនិកប៉ះពាល់សុខភាព ហើយអាចជំរុញផ្លូវចិត្តទៅប្រើប្រាស់គ្រឿងញៀន
 
បារីអេឡិចត្រូនិក មានសារធាតុ នីកូទីន។ សារធាតុនេះ ពេលចូលក្នុងខួរក្បាល អាចបំផ្លាញការលូតលាស់ ពិសេសកុមារ យុជន និងស្រី្តមានផ្ទៃពោះ។ លោក មុំ គង់ បានលើកឡើងបែបនេះ អមជាមួយក្តីបារម្ភចំពោះយុវជន ភ្លើតភ្លើនជក់បារីប្រភេទនេះ ហើយញៀនដកខ្លួនពុំរួច ខណៈពួកគេជាវ័យត្រូវស្រូបយកចំណេះវិជ្ជា ដើម្បីក្លាយជាឆ្អឹងខ្នងប្រទេសជាតិ។ 


 លោកវេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា។

«បារីអេឡិចត្រូនិកនេះ គឺប៉ះពាល់សួតធ្ងន់ធ្ងរ ហើយវាជំរុញផ្លូវឲ្យអ្នកជក់នោះ  ទៅរកការប្រើប្រាស់គ្រឿងញៀនប្រភេទផ្សេងទៀតថែម»។ នេះជាផលប៉ះពាល់ និងក្ដីបារម្ភ របស់លោក មុំ គង់។ 
 
បារីអេឡិចត្រូនិច ត្រូវបានអង្គការសុខភាពពិភពលោក(WHO) រកឃើញថា យុវជន ៦០ភាគភាគរយ នៃអ្នកជក់បារីប្រមាណ ១.១ពាន់លាននាក់ បានងាកទៅជក់បារីអេឡិចត្រូនិច។ ឧស្សាហ៍កម្មផលិតផលបារីអេឡិចត្រូនិច មានច្រើនជម្រើស ទាំងរសជាតិ និងរូបរាង ដើម្បីទាក់ទាញយុវជន។ ដូច្នេះ ការជក់បារីចម្រុះរសជាតិ ឬប្រើប្រាស់ផលិតផលថ្នាំជក់ច្រើនមុខបញ្ចូលគ្នា នាំឲ្យបះពាល់សុខភាពកាន់តែធ្ងន់ ពិសេសនាំឲ្យមានបញ្ហាសរសៃឈាមបេះដូង សួត និងមហារីកជាដើម។ 
 
ជាងនេះទៅទៀត ការជក់បារីអេឡិចត្រូនិច អាចញៀនជាងជក់បារីធម្មតា ២ដង។ រហូតមកទល់ពេលនេះ ក៏មិនទាន់មានភ័ស្តុតាងណាមួយបញ្ជាក់ថា បារីអេឡិចត្រូនិចជាឧបករណ៍ម៉ាស៊ីនជក់សម្រាប់ផ្ដាច់បារីទេ។ រីឯ ផលប៉ះពាល់មានរយៈពេលវែង ហើយជាក់លាក់ពាក់ព័ន្ធនឹងបារីនេះ WHO ក៏មិនទាន់សិក្សាច្បាស់នៅឡើយដែរ។ ដោយសារវាជាផលិតថ្មី ហើយមានសារធាតុច្រើនចម្រុះទៅតាមប្រភេទថ្នាំជក់ ឬទឹកថ្នាំ ដែលអ្នកផលិត និងអ្នកប្រើប្រាស់លាយ ឬផ្សំគ្នាដើម្បីជក់។ យ៉ាងណាក្ដី មជ្ឈមណ្ឌល CDC នៃសហរដ្ឋអាមេរិក បានរកឃើញថា មនុស្សប្រមាណ ២៨០៧នាក់ នៃអ្នកជក់បារីអេឡិកត្រូនិច កើតជំងឺសួតធ្ងន់ធ្ងរ ក្នុងនោះមាន ៦៨នាក់បានស្លាប់។ 
 
យុវជនជក់បារី អេឡិចត្រូនិកយ៉ាងបើកចំហ ស្របពេលសមត្ថកិច្ចបង្ក្រាបអ្នកចែកចាយ
 
ឧបករណ៍ ឬដងបារីអេឡិកត្រូនិកនៅកម្ពុជា ជាមធ្យមតម្លៃប្រមាណ ២៥ទៅ ៤៥ដុល្លារ និងអាចមានតម្លៃលើសនេះ អាស្រ័យតាមប្រភេទ និងការកែច្នៃម៉ូតូ។ ទឹកថ្នាំសម្រាប់ជក់ រសជាតិផ្លែឈើសព្វបែបយ៉ាង មានក្រូច ឪឡឹក ស្ត្របឺរី រួមទាំងក្លិនកាហ្វេជាដើម។ សម្រាប់តម្លៃទឹកថ្នាំនេះ ជាទូទៅតម្លៃប្រមាណ ១០ទៅ១៥ដុល្លារ ដែលមានចំណុះប្រមាណ ៦០មីលីលីត្រ។ នេះបើតាមតម្លៃទីផ្សារដែលអ្នកលក់បានបង្ហាញលើបណ្ដាសង្គម។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ យុវជន លីមាន បានឲ្យដឹងថា ទឹកថ្នាំជក់មួយដប លោកអាចជក់បានប្រមាណ ២ទៅ ៣ខែ។ លោកអះអាងថា លោកពុំមែនជាអ្នកជក់ប្រចាំឡើយ ពោលគឺជក់នៅពេលជួបជុំមិត្តភក្តិ ពេលដើរលេងកម្សាន្ត និងតាមចិត្តនឹកឃើញយូរម្ដងប៉ុណ្ណោះ។ លីមាន បានទិញទឹក Vape នេះ ​នៅតាមតូបលក់ចាប់ហួយ និងពេលខ្លះគេទិញតាមអនឡាញ។
 
ចរន្តនៃការប្រើប្រាស់បារីអេឡិចត្រូនិកខាងលើនេះ អ្នកតាមដានព្រឹត្តិការណ៍សង្គម លោក ប៉ា ចន្ទរឿន អ្នកស្រាវជ្រាវប្រឹក្សាយោបល់ទស្សនៈវិជ្ជា និងការអភិវឌ្ឍន៍ ក៏បានកត់សម្គាល់ដែរ។ លោកបារម្ភពីការកើនឡើងនៃអ្នកជក់កាន់តែច្រើន រួមទាំង Shisa និងVape។ លោកបន្ថែមយ៉ាងដូច្នេះ៖ «តាមបណ្ដាភោជនីយដ្ឋាន បៀហ្គាដិន និងហាងស្រា ភាគច្រើនសម្បូរយុវជនជក់បារីប្រភេទថ្មីនេះ សម្ញែងយ៉ាងសង្ហារ ដោយឥតគិតពីផលប៉ះពាល់ឡើយ»។ 
 
បញ្ហាបារីអេឡិចត្រូនិកនេះ ខាងអគ្គស្នងការនគរបាលជាតិទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ និងក្រសួងអប់រំ យុវជន និងកីឡា សុទ្ធតែបានចេញបញ្ជាណែនាំឲ្យរួមគ្នាទប់ស្កាត់ លើការប្រើប្រាស់ និងចែកចាយផលលិតផលបារីអេឡិចត្រូនិក។ ក្រសួងទាំងនោះ សុទ្ធតែមានគោលបំណងទប់ស្កាត់ក្រុមយុវជន មិនជក់បារីអេឡិចត្រូនិក ដោយអះអាងថា បារីប្រភេទថ្មីនេះ ញៀនខ្លាំងលើសពីបារីទូទៅ។ 
 
លោក ម៉ក់ ជីតូ អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន បាននិយាយថា យុវជន ជាក្រុមប្រឈមនឹងការប្រើប្រាស់បារីអេឡិចត្រូនិកខ្លាំង។ លោកបញ្ជាឲ្យ រួមគ្នាទប់ស្កាត់បារីអេឡិចត្រូនិក ដោយសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «ការងារទាំងនេះ ត្រូវប្រឹងប្រែងទាំងអស់គ្នា ដោយសារកាលមុនយើងបង្ក្រាបបានពីរបីលើកហើយករណីធំៗ។ ហើយឥឡូវចាប់ផ្ដើមមានឡើងវិញ ពិសេសក្រុមយុវជន ជក់ធ្វើសង្ហារតាមគ្នា ដោយមិនបានគិតពីផលលំបាក»។ 
 
 
បញ្ហានេះ ពុំមែនមានតែរដ្ឋាភិបាលដែលព្រួយបារម្ភនោះទេ អ្នកជំនាញ ក៏បារម្ភពីការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ដែរ។ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា ពន្យល់ថា ជាទូទៅបារីអេឡិចត្រូនិកនេះ មានសារជាតិ នីកូទីន ទើបធ្វើឱ្យអ្នកជក់ញៀន។ ដូច្នេះ អ្នកជក់ ធ្លាក់ខ្លួនបន្តប្រើប្រាស់ជាហូរហែ។


 តំណាង៖ រូបបារីអេឡិចត្រូនិក។ រូបយកពីអង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា។

«កត្តាចម្បងមួយទៀត គឺការផ្សព្វផ្សាយពាណិជ្ជកម្មបារីអេឡិចត្រូនិក ដោយបំផ្លើសពីគុណភាព រស់ជាតិច្រើនជម្រើស និងមានរូបរាងសម្បូរបែប ដែលជាហេតុនាំឲ្យក្រុមយុវជនចង់សាកល្បង និងប្រើប្រាស់»។ នេះជាការយល់ឃើញរបស់លោក មុំ គង់ ដែលសង្កេតឃើញថា ការលក់បារីអេឡិចត្រូនិក រីកដុះដាលយ៉ាងសម្បើម លើប្រព័ន្ធហ្វេសប៊ុក Tiktok ,ប្រព័ន្ធតេឡេក្រាម និងតាមបណ្ដាវេបសាយផ្សាយផ្សេងៗទៀត។ សព្វថ្ងៃនេះ ទោះបីអាជ្ញាធរដាក់បញ្ជា ឲ្យមានចំណាត់ការលើការប្រើប្រាស់ និងការលក់ចែកចាយយ៉ាងណាក៏ដោយ សកម្មភាពលក់ផលិតបារីអេឡិចត្រូនិកនៅតែបន្តមានយ៉ាងផុសផុល។ 
 
ជុំវិញបារីអេឡិចត្រូនិក លោក មុំ គង់ និង លោក មាស នី យល់ឃើញដូចគ្នា គឺការផ្សព្វផ្សាយពាណិជ្ជកម្មរីកដុលដាលខ្លាំង ទើបអ្នកប្រើប្រាស់មានការកើនឡើង។ លោកធៀបការលក់បារី អេឡិចត្រូនិកតាមបណ្ដាញសង្គម ដូចនឹងការលក់ផលិតផលថែរក្សាសម្រស់ដែរ។ ប្រភេទផលិតផលទាំងនេះ ពុំមានការត្រួតពិនិត្យត្រឹមត្រូវឡើយ។ 
 
«ម៉ាស៊ីនផ្ដាច់បារី»។ ពាក្យនេះ ត្រូវបានអ្នកលក់តាមបណ្ដាសង្គមនិយមហៅ ឬសរសេរ ជំនួសឲ្យពាក្យបារីអេឡិចត្រូនិក ឬVape។ អ្នកលក់ទាំងនោះអះអាងថា បារីអេឡិចត្រូនិកនេះ ជាឧបករណ៍ផ្ដាច់បារី ហើយផ្ដល់សេវាស្រួលក្ងនុការទិញលក់ ដោយគ្រាន់តែទាក់ទងទិញតាមលេខទូរស័ព្ទ ទាក់ទងតាមប្រអប់សារ ហើយមានសេវាដឹងទូទាំងប្រទេសថែមទៀត។ 
ក្រុមអ្នកលក់បារីអេឡិចត្រូនិកទាំងនោះបាន  អូសទាញឱ្យអ្នកប្រើប្រាស់ តាមរយៈការសរសេរឃោសនាថា បារីអេឡិចត្រូនិកមានគ្រប់រស់ជាតិផ្លែឈើ និងក្លិនក្រអូប ហើយមិនប៉ះពាល់ដល់សុខភាព។ 
 
អង្គការចលនាដើម្បីសុខភាពកម្ពុជាធ្លាប់បានកត់សម្គាល់ដែរថា យុវជនជាច្រើនចាប់ផ្តើមសាកល្បង ហើយក៏ក្លាយជាអ្នកប្រើប្រាស់បារីអេឡិចត្រូនិក ទាំងខ្វះការស្វែងយល់អំពីផលប៉ះពាល់។ យុវជនទាំងនោះ មិនត្រឹមតែក្លាយជាអ្នកប្រើប្រាស់ដោយខ្វះការស្វែងយល់នោះទេ ពួកគេបែរជាអួតតៗគ្នាអំពីគុណសម្បត្តិនៃផលិតផលទាំងនេះទៅវិញថា បារីអេឡិចត្រូនិក ជាម៉ាស៊ីន ឬឧបករណ៍ផ្តាច់បារី និងគ្មានផលប៉ះពាល់។ បញ្ហានេះ ធ្វើឱ្យសាធារណជនខ្លះយល់ច្រឡំ ហើយក្លាយជាការអូសទាញមិត្តភក្តិ ក៏ដូចជាយុវជនដទៃទៀតបន្តប្រើប្រាស់តាមគ្នា។ 
«យើងសង្កេតឃើញថាបច្ចុប្បន្ន យុវជនកាន់តែច្រើនឡើងបានធ្លាក់ចូលអន្ទាក់ដ៏គ្រោះថ្នាក់នេះ»។ នេះជាការសន្និដ្ឋានរបស់អង្គការចលនាកម្ពុជា ។ 
 
កន្លងមកលោក ម៉ក់ ជីតូ បញ្ជាឲ្យនគរបាលជាតិចាត់វិធានការបន្ទាន់ ដើម្បីបញ្ឈប់ការប្រើប្រាស់និងការជួញដូរ Sisha និងE-Cigarette ឬVape ដោយរឹបអូសផលិតផលទាំងនោះ រក្សាទុក បើបង្ក្រាបបាន។ 
 
 លោក​បាន​ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធ WhatsApp ថា​៖ «គ្រប់ស្ថាប័នទាំងអស់ដែលមានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងសមត្ថកិច្ចដទៃទៀត ត្រូវរួមគ្នាបង្ក្រាប! ចាប់យកទៅ! យកឧបករណ៍និងសម្ភារៈ(ពាក់ព័ន្ធនឹង SISHA និង E-Cigarette)ប្រមូលទុកហើយកម្ទេចចោល»។ 
 
ដោយឡែក អ្នកលក់ដូរ SISHA និងE-Cigarette ត្រូវអប់រំឲ្យបញ្ឈប់ការធ្វើអាជីវកម្មលើផលិតផលនេះ។ ប៉ុន្តែ បើករណីរកឃើញថា អាជីវករទាំងនោះ លក់ SISHA និងE-Cigarette លាយឬបន្លំជាមួយសារធាតុញៀន គឺត្រូវអនុវត្តតាមច្បាប់គ្រឿងញៀន។
 
ចំពោះ SISHA និង E-Cigarette កម្ពុជាពុំទាន់មានច្បាប់ចែកដាក់ទោសទណ្ឌនៅឡើយទេ ប៉ុន្តែ អាជ្ញាធររកឃើញថា ផលិតផលទាំងនេះ ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរជាងបារី ដោយសារផលិតទាំងនេះ មានការលាយសារធាតុញៀនចូលនៅពេលប្រើប្រាស់ ទើបចេញវិធានការទប់ស្កាត់នេះ។ លោក ម៉ក់ ជីតូ ថ្លែងដូច្នេះ។
 


ទឹកថ្នាំបារីអេឡិចក្រូនិក។ រូបភាពយកពីស្នងការនគរបាលខេត្តបាត់ដំបង

ដើម្បីទប់ស្កាត់ ត្រូវពង្រឹងច្បាប់ និងការអនុវត្តឲ្យមានប្រសិទ្ធភាព

ត្រឹមតែបទបញ្ជា និងការចុះបង្ក្រាប គឺពុំអាចទប់ស្កាត់បញ្ហាបារីអេឡិចត្រូនិកបានឡើយ។ ករណីនេះ ត្រូវរួមគ្នាដោះស្រាយ ហើយពង្រឹងការអនុវត្តជាប្រចាំ។ នេះបើតាមការមើលឃើញរបស់ ក្រុមសង្គមស៊ីវិល ដែលចង់ឲ្យមានការសិក្សាស្រាវជា្រវបន្ថែម ទាំងការនាំចូល ការចរាចរផលិតផលក្នុងស្រុក និងផលប៉ះពាល់ ដើម្បីតាក់តែងច្បាប់ ឬបទបញ្ញាត្តិបន្ថែម។ 
 
អាជ្ញាធរ និងក្រសួងសុខាភិបាល គួរសហការជាមួយស្ថាប័នពាក់ព័ន្ធ ចាត់វិធានពីការផ្សាយផលប៉ះពាល់ប្រភេទបារីអេឡិចត្រូនិកថ្មីនេះ ឲ្យបានទូលំទូលាយ។ ចំណុចសំខាន់ ក្រសួងសុខាភិបាលមិនត្រូវទុកបញ្ហានេះ ឲ្យអូសបន្លាយពេលយូរឡើយ ពោលគឺត្រូវសិក្សាពីផលប៉ះពាល់ និងរៀបចំយុទ្ធសាស្រ្តទប់ស្កាត់ កុំឲ្យយុវជនភាន់ច្រឡំថា បារីនេះ ល្អសម្រាប់ពួកគេ។ នេះដំណោះស្រាយដែលលោក មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម និង ប៉ា ចន្ទរឿន  នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានលើកឡើង។ 
 
លោក មាស នី ដែលជាអ្នកឈឺឆ្អាលសង្គមសង្កត់ធ្ងន់ថា៖ «ខ្ញុំចង់ឱ្យរដ្ឋាភិបាលធ្វើយ៉ាងណាឱ្យមានសកម្មភាពជាក់ស្ដែង កុំចេះតែនិយាយហើយមិនអនុវត្ត»។ លោកបន្ថែមទៀតថា មានតែការអនុវត្តទេ ទើបជាការដោះស្រាយបញ្ហា ព្រោះកន្លងមក រដ្ឋសុទ្ធតែដឹងហើយថា រោងចក្រធ្វើបារីនៅទីតាំងណា ហើយច្រកណា ជាច្រកនាំចូល។
 
ទាក់ទិនបារីអេឡិចត្រូនិកនេះ អ្នកជំនាញ លោក មុំ គង់ មើលឃើញថា រដ្ឋាភិបាល បានណែនាំហាមឃាត់ការប្រើប្រាស់ នាំចូល និងចែកចាយហើយ។ ប៉ុន្តែ គួរធ្វើបន្តទៀត គឺអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ ហើយអនុវត្តសេចក្ដីណែនាំរបស់រដ្ឋាភិបាល។ 
 
ស្របពេលគ្នាដែរ លោក ស្នើឲ្យមានចំណាត់ការលើការចែកចាយផលិតបារីអេឡិចត្រូនិកតាមអនឡាញ។ លោកថ្លែងយ៉ាងដូច្នេះ៖ «ត្រូវមានចំណាត់ការបង្រា្កប ឬឃាត់អ្នកផ្សព្វផ្សាយលក់តាមអនឡាញ ដើម្បីបញ្ឈប់សកម្មភាពបំផ្លាញសង្គមរបស់អ្នកទាំងអស់នោះ»។ 
 
ចំពោះការចែកចាយនេះ លោក មាស នី ផ្ដោតលើការរឹតបន្តឹងការនាំចូលតាមព្រំដែន ។ ប៉ុន្តែ ផលវិបាក គឺមន្ត្រីទាំងនោះធ្វើការមិនស្រុះគ្នា។ «អ្នកអនុវត្តច្បាប់ផ្សេង ហើយអ្នកបើកឲ្យចូលមានក្រុមផ្សេង ហើយអ្នកកាន់អំណាចនៅពីក្រោយការនាំចូលនេះ គឺមិនអាចទប់ស្កាត់បានឡើយ»។ នេះបើតាមការសង្កេតរបស់លោក មាស នី ហើយបន្ថែមថា មន្រី្តថ្នាក់ក្រោមអនុវត្តបានតែដំបូង តាមតែបញ្ជាប៉ុណ្ណោះ។ លោក ចង់ឃើញការកែប្រែ ចំណុចនេះ ដោយពង្រឹងការអនុវត្ត។ 


 ឧបករណ៍ និងទឹកថ្នាំបារីអេឡិចត្រូនិក។ រូបពីស្នងការនគរបាលខេត្តបាត់បង។

ពាក់ព័ន្ធនឹងដំណោស្រាយនេះដែរ លោក ប៉ា ចន្ទរឿន លើកពី អាណាព្យាបាល នាយកសាលា និងប្រព័ន្ធផ្សព្វផ្សាយ ត្រូវតែជួយផ្សាយពីគុណវិបត្តិ នៃការប្រើប្រាស់បារីអេឡិចត្រូនិក ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកកំពុងប្រើប្រាស់ឈប់សេពបន្តទៀត។ យ៉ាងណាមិញ រដ្ឋាភិបាលគួររឹតបន្តឹង និងពង្រឹងច្បាប់ឱ្យមានប្រសិទ្ធិភាពបន្ថែមទៀត ដើម្បីកុំឱ្យមានការផ្សព្វផ្សាយលក់បារី និងឧបករណ៍បារីអេឡិចត្រូនិកបែបអនាធិបតេយ្យលើទីផ្សារ។ 
 
លោក ចន្ទរឿន ថ្លែងថា៖ «អាជ្ញាធរត្រូវដាក់ ឬអប់រំដល់អ្នកជក់ ដើម្បីឱ្យពួកគាត់កែខ្លួន។ សកម្មភាពនេះ ត្រូវតែធ្វើព្រមគ្នា គ្រប់ភាគីពាក់ព័ន្ធទាំងអស់។ បើមិនអ៊ឹចឹងទេ ខ្ញុំបារម្ភថាយុវជនមួយចំនួន នឹងប្រឈមមុខបញ្ហាសុខភាពធ្ងន់ធ្ងរ ព្រមទាំងបាត់បង់ឱកាសក្រេបយកចំណេះដឹង ដើម្បីយកទៅធ្វើជាប្រយោជន៍សម្រាប់ខ្លួនឯង និងគ្រួសារ»។
 
កាលពីថ្ងៃទី២៦ មិថុនា ស្នងការនគរបាលខេត្តបាត់ដំបង បានអនុវត្តបទបញ្ជា ដោយបានឃាត់ខ្លួនម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ​ An Nich​ ដែលបានផ្សព្វផ្សាយលក់ផលិតផលបារីអេឡិចត្រូនិក​ អេចឈ៍ ​ធី​ ភី(​H​TPs) យកទៅអប់រំ ហើយធ្វ់ើកិច្ចសន្យាព្រមាន។ សម្រាប់វត្ថុតាំង មាន ក្បាលបឺតបារីអេឡិចត្រូនិក​(Vab)ចំនួន០៤ដេីម​ (០២ប្រអប់) និងទឹកសម្រាប់បញ្ជូលទៅក្នុងបារីអេឡិចត្រូនិក​(ទឹកVab)ចំនួន០៤ដប ត្រូវបានរឹបអូស។
 
«ក្រោយបញ្ចប់ការសាកសួរនិងស្របតាមអនុ​សា​សន៍របស់លោក​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​នៃអយ្យការអម​សាលាដំបូងខេត្តបាត់ដំបង​ ​សម​ត្ថកិច្ចនគរបាលបានធ្វេីកិច្ចសន្យាជាមួយ​ម្ចាស់គណ​នី​ខាងលេី​ ដោយឱ្យគាត់បញ្ឈប់នូវសកម្មភាពដូចពេលកន្លងមក​(ដោយដករក្សាទុកសម្ភារៈខាងលេី)រួចអនុញ្ញាតឱ្យគាត់វិលទៅ​លំ​នៅ​ដ្ឋានវិញ ត្បិ​តករណីនេះមិនទាន់មានអំពេីល្មេី​ស​ច្បាប់​ព្រ​ហ្មទណ្ឌ ​ដែលនាំទៅ​ដល់ការ​អនុវ​ត្ត​ទោ​ស​បាន​នៅឡេីយទេ»។ ​នេះបើតាមហ្វេសប៊ុកស្នងការខេត្តបាត់ដំបង។
 
រយៈពេល៣ថ្ងៃ សមត្ថកិច្ចភ្នំពេញចុះបង្ក្រាបអ្នកប្រើប្រាស់និងអ្នកលក់បាន៣១នាក់។ ជាមួយគ្នាដែរ រឹបអូស បានបារីអេឡិចត្រូនិកជាង៣ពាន់ដើម និងទឹកថ្នាំបារីជាច្រើនពាន់ដប។ នេះបើតាមមន្ទីរប្រឆាំងគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់កម្លាំងចុះបង្ក្រាបអ្នកប្រើប្រាស់និងទីតាំងលក់បារីអេឡិចត្រូនិច (E-Cigarette) ១៥ទីតាំងផ្សេងគ្នា ចាប់ពីថ្ងៃទី២៣ ដល់២៥មិថុនា៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com