កីឡាជាតិ
ជាតិ
គិតត្រឹម​ល្ងាចនេះ អត្តពលិក​ប៉ារ៉ាហ្គេម​កម្ពុជាឈ្នះសរុបមេដាយ២៤ ក្នុងនោះមាស៦
04, Aug 2022 , 6:59 pm        
រូបភាព
.ក្រុមអត្ដពលិកកីឡាបាល់ទះអង្គុយកម្ពុជា ទទួលមេដាយមាស នៃព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ បន្ទាប់ពីឈ្នះក្រុមថៃ
.ក្រុមអត្ដពលិកកីឡាបាល់ទះអង្គុយកម្ពុជា ទទួលមេដាយមាស នៃព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ បន្ទាប់ពីឈ្នះក្រុមថៃ
គិតត្រឹមម៉ោង ៦:០០ល្ងាចថ្ងៃទី៤ ខែសីហានេះ កម្ពុជា ឈ្នះបានមេដាយសរុបចំនួន២៤  នៃព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។ មេដាយសរុបចំនួន២៤នោះ មានមេដាយមាស៦, ប្រាក់៩ និងសំរិទ្ធ៩។


 
កីឡាអត្ដពលកម្ម មេដាយសរុប១៣ មាស៣, ប្រាក់៧ និងសំរិទ្ធ៣
 
កីឡាការិនី វ៉ិត ចាន់ថា រកបានមេដាយមាស២ លើវិញ្ញាសាលោតចម្ងាយ និងរត់៤០០ម៉ែត្រ និងឈ្នះមេដាយប្រាក់១ លើវិញ្ញាសារត់ចម្ងាយ២០០ម៉ែត្រ។ កីឡាករ ហៀ ហុក ឈ្នះមេដាយប្រាក់២ វិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ ប្រភេទ T53 និង សម្រាប់វិញ្ញាសាប្រណាំងរទេះចម្ងាយ២០០ម៉ែត្រ ប្រភេទT53។ 

ក្រុមអត្ដពលិកកីឡាបាល់ទះអង្គុយកម្ពុជា ទទួលមេដាយមាស នៃព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ បន្ទាប់ពីឈ្នះក្រុមថៃ
 
កីឡាករ វ៉ាន់ វ៉ុន ឈ្នះមេដាយប្រាក់២ លើវិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ ប្រភេទT54 និង លើវិញ្ញាសាប្រណាំងរទេះចម្ងាយ២០០ម៉ែត្រ ប្រភេទT54។ កីឡាករ ឈន់ ពន់ ឈ្នះមេដាយសំរឹទ្ធ១គ្រឿង ប៉សម្រាប់វិញ្ញាសាប្រណាំងរទេះចម្ងាយ២០០ម៉ែត្រ ប្រភេទ T53។ កីឡាការិនី ងួន រតនា ដណ្ដើមបានមេដាយមាស១ លើវិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ប្រភេទT46 និងមេដាយប្រាក់២ លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ ប្រភេទT46 និងវិញ្ញាសា៨០០ម៉ែត្រ (ប្រភេទ T46)។
 
កីឡាការិនី ស្រ៊ុន ប៊ុនថេង ដណ្តើមបានមេដាយសំរឹទ្ធ លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ ។ កីឡាករ ប៊ុង ហុង ដណ្តើមបានមេដាយសំរឹទ្ធ លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ ។ 
 
កីឡាបាល់បោះ មេដាយសរុប២ មាស១ និងសំរិទ្ធ១
 
អត្ដពលិកកីឡាបាល់បោះរទេះនារី កម្ពុជា ឈ្នះបានមេដាយមាស១ លើវិញ្ញាសា ៣ទល់៣ កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា បន្ទាបពីយកឈ្នះលើ អត្ដពលិកថៃ ក្នុងលទ្ធផល៧-៥ និងមេដាយសំរិទ្ធ១ បានពីក្រុមបាល់បោះបុរសជិះទេះកម្ពុជា បន្ទាប់ចាញ់ក្រុមម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី លទ្ធផល៩-៥។

កីឡាហែលទឹក មេដាយសរុប៥ ប្រាក់២ និងសំរិទ្ធ៣
  
អត្ដពលិកពិការកីឡាហែលទឹកកម្ពុជា ដណ្ដើមបានមេដាយសំរិទ្ធ១ លើវិញ្ញាសាហែលកង្កែប១០០ម៉ែត្រ ប្រភេទ SB9 និងកីឡាករហែលទឹកជនពិការកម្ពុជា ខូយ កុយ ដណ្ដើមបានមេដាយប្រាក់១ លើវិញ្ញាសាហែលកង្កែប ១០០ម៉ែត្រ ប្រភេទSB7។
 
ចំណែកឯ កីឡាករហែលទឹកកម្ពុជា យ៉ុន មួយ ដណ្ដើមបានមេដាយប្រាក់១ លើវិញ្ញាសាហែល ២០០ម៉ែត្រ ៤របៀប និងមេដាយសំរិទ្ធ១ លើវិញ្ញាសាហែល ៥០ម៉ែត្រ របៀបមេអំបៅ។ អត្ដពលិកហែលទឹកម្នាក់ទៀត លោក យ៉ាវ វណ្ណៈ ដណ្ដើមបានមេដាយសំរឹទ្ធ១ លើវិញ្ញាសាហែល ២០០ម៉ែត្រ ៤របៀប។
កីឡាវាយកូនឃ្លីលើតុ
 
កីឡាករឯក ញាណសមុទ្រ និងកីឡាករ ពៅ ណុច ឈ្នះមេដាយសំរិទ្ធ១ លើវិញ្ញាសាវាយជាគូបុរស។
 
អុកអន្ដរជាតិ

អត្តពលិកពិការកម្ពុជា ជា ស៊ីដេត និង ប៉ែន រ័ត្នទីណា ឈ្នះមេដាយសំរឹទ្ធ១ លើកីឡាអុកអន្តរជាតិ វិញ្ញាសាក្រុម។
 
កីឡាប៊ូស្យា 

កីឡាការិនីប៊ូស្យារបស់កម្ពុជា សន សាល ប្រភេទពិការ BC 2   ដណ្តើមបានមេដាយមាស១ លើវិញ្ញាសាឯកត្តជន នៅថ្ងៃទី៣ ខែសីហា។
កីឡាបាល់ទះអង្គុយជនពិការ
 
អត្ដពលិកពិការកីឡាបាល់ទះអង្គុយកម្ពុជា ដណ្ដើមបានមេដាយមាស១ ក្រោយយកឈ្នះ ក្រុមអត្ដពលិកថៃ ដោយលទ្ធផល ៣-១សិត (២៥-២៣, ២៥-២២, ១៩-២៥, ២៥-២២) ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
 
គួរបញ្ជាក់ថាការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា នៅប្រទេសូឡូ ប្រទេសឥណ្ឌូណេស៊ី បានដាក់១៤ប្រភេទកីឡា។ កម្ពុជា បានបញ្ជូនអត្ដពលិក១១៣នាក់ ដើម្បីប្រកួតលើ១១ប្រភេទកីឡា៕

 

Tag:
 អាស៊ានប៉ារ៉ាហ្គេម
  Asean Para Games
© រក្សាសិទ្ធិដោយ thmeythmey.com