ពីនេះ ពីនោះ
តើអ្នកស្គាល់ «លំដាប់» និង «អម្បូរ» របស់ត្រីស្លាត ទេ? ![ត្រីស្លាត។ រូបភាពៈ IFReDI/FiA](https://image.thmeythmey.com/pictures/2022/08/24/f.jpg)
ត្រីស្លាត។ រូបភាពៈ IFReDI/FiA
×![]()
ដោយ៖ មច្ឆាខ្មែរ
នៅក្នុងប្រទេសកម្ពុជា មានប្រភេទត្រីរស់នៅក្នុងទឹកប្រៃ (សមុទ្រ) ត្រីរស់នៅក្នុងទឹកភ្លាវ (ទឹកប្រៃលាយទឹកសាប) និងត្រីរស់នៅក្នុងទឹកសាប (ទន្លេមេគង្គ ឬបឹងទន្លេសាប) ផងដែរ។ ត្រីទាំងនោះ ក៏មានបែងចែកជាប្រភេទត្រីឥតស្រកា និងត្រីមានស្រកាផងដែរ។ ដើម្បីងាយសម្គាល់ប្រភេទត្រី អ្នកស្រាវជ្រាវបានបែងចែកត្រីជា «លំដាប់ Order» (សម្រាប់សម្គាល់លក្ខណៈរូបរាង ទ្រង់ទ្រាយ សណ្ឋាន) និង «អម្បូរ Family» (សម្រាប់សម្គាល់ ពួក ក្រុម និងប្រភេទ)។
ខាងក្រោមនេះ គឺជាប្រភេទត្រីស្ថិតនៅក្នុងលំដាប់ ORDER: OSTEOGLOSSIFORMES ដែលមានពីរអម្បូរ (Family) គឺ Osteoglossidae និង Notopteridae។ អត្ថបទលើកមុន «មច្ឆាខ្មែរ» បានដកស្រង់យកលក្ខណៈរូបរាង ទ្រង់ទ្រាយ ឬសណ្ឋាន នៃត្រីនៅក្នុងអម្បូរ Osteoglossidae ដែលមានតែមួយពួកគឺ Scleropages ដូចជា «ត្រីនាគ ឬត្រីតាពត»។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមស្វែងរកអត្ថបទ (តើអ្នកស្គាល់ «លំដាប់» និង «អម្បូរ» របស់ត្រីនាគ ឬតាពក ទេ?)។
នៅក្នុងអត្ថបទនេះ «មច្ឆាខ្មែរ» សូមដកស្រង់យកលក្ខណៈរូបរាង ទ្រង់ទ្រាយ ឬសណ្ឋាន នៃត្រីនៅក្នុងអម្បូរ Notopteridae វិញម្តង ចេញពីសៀវភៅ៖ «មគ្គុទ្ទេសក៍ស្តីពី ប្រភេទត្រីរស់នៅក្នុងដែនទឹកសាបនៃប្រទេសកម្ពុជា»។ នៅក្នុងអម្បូរនេះ មានពីរពូកគឺ Notopterus និង Chitala។ ចំពោះពូក Notopterus មានដូចដា «ត្រីស្លាត» រីឯពួក Chitala មានដូចជា «ត្រីក្រាយ ត្រីក្រាយក្របី និងត្រីក្អី» ជាដើម។ ខាងក្រោមនេះ «មច្ឆាខ្មែរ» សូមបង្ហាញជូនប្រភេទ «ត្រីស្លាត» ដែលស្ថិតនៅក្នុងពួក Notopterus ជាមុន។ ចំពោះពួក Chitala នៅអត្ថបទលើកក្រោយ។
«ត្រីស្លាត» មានឈ្មោះវិទ្យាសាស្ត្រ (Notopterus notopterus) និងឈ្មោះជាភាសាអង់គ្លេស Bronze featherback។ ត្រីប្រភេទនេះ មានប្រវែងដងខ្លួនទូទៅ <៤០ ស.ម ជាប្រភេទត្រីដែលមានឆ្អឹងឆ្មារៗ ច្រើនបំផុត។ ត្រីស្លាត ជាប្រភេទត្រីដែលមិនធ្វើចរាចរផ្លាស់ទីផ្លូវឆ្ងាយ វារស់នៅតាមទន្លេ ស្ទឹង អូរ បឹង ត្រពាំង និងតាមតំបន់វាលទំនាបលិចទឹកនានា។ សម្បុររបស់ត្រីស្លាត អាចប្រែប្រួលទៅតាមស្ថានភាពទឹកល្អក់ ឬថ្លា។ ជាទូទៅ វាមានសម្បុរប្រាក់ តែបើវារស់នៅក្នុងទឹកល្អក់ សម្បុរវបស់នឹងស្រអាប់ ប្រផេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com