អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេចប៉ាប Francis ថា នឹងយាងទៅកូរ៉េខាងជើង បើមានការអញ្ជើញ
27, Aug 2022 , 3:43 pm        
រូបភាព
ទូរទស្សន៍ KBS របស់កូរ៉េខាងត្បូង នៅថ្ងៃទី២៦ ខែសីហា បានរាយការណ៍ថា សម្តេចសង្ឃ​កាតូលិក Francis ស្នើឱ្យកូរ៉េខាងជើងអញ្ជើញទ្រង់ទៅបំពេញទស្សនកិច្ច ដើម្បី​មានឱកាស​ពិភាក្សា​អំពី​បញ្ហា​សន្តិភាពនៅឧបទ្វីប​កូរ៉េ។


មានបន្ទូលក្នុងបទសម្ភាសជាមួយទូរទស្សន៍កូរ៉េខាងត្បូង KBS នៅថ្ងៃទី២៦ ខែសីហា សម្ដេច​ប៉ាប Francis នៃបុរីរដ្ឋវ៉ាទីកង់ បញ្ជាក់ថា ទ្រង់ចង់ឱ្យកូរ៉េខាងជើងអញ្ជើញ​ធ្វើទស្សនកិច្ចជាផ្លូវការ ហើយ​ទ្រង់នឹងមិនបដិសេធឱកាសដែលអាចធ្វើកិច្ចការដើម្បី​សន្តិភាព​នៅឧបទ្វីបកូរ៉េ។​
 
«នៅពេលពួកគេអញ្ជើញខ្ញុំ ខ្ញុំនឹងមិនបដិសេធ​ឡើយ»។ សម្ដេចសង្ឃកាតូលិក​បញ្ជាក់បែប​នេះក្នុង​ការ​សម្ភាសមុនបង្ហាញពីគោលបំណង​នៃដំណើរ​ទស្សនកិច្ចនោះ គឺគ្រាន់តែចង់រឹតបន្តឹងចំណង​មិត្តភាព​រវាងកូរ៉េទាំងពីរ។ លើសពី​នេះ សម្ដេចសង្ឃ Francis ក៏បានជំរុញឱ្យឧបទ្វីបកូរ៉េធ្វើការដើម្បីសន្តិភាព ព្រោះប្រជាជន​កូរ៉េទាំងអស់បានរងគ្រោះដោយសារសង្គ្រាមជាយូរមកហើយ។
 
កន្លងមក អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ដែលជាអ្នកកាន់សាសនា​កាតូលិកដែរ បានជំរុញសម្ដេចសង្ឃ Francis ឱ្យទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ដោយ​ជឿថា ទស្សនកិច្ច​របស់លោកនៅទីក្រុងព្យុងយ៉ាង នឹងអាចជួយ​កសាងសន្តិភាពនៅលើឧបទ្វីបកូរ៉េ។ 
 
យ៉ាងណាមិញ បំណងទស្សនកិច្ចរបស់សម្ដេចប៉ាបនៅកូរ៉េខាងជើងទំនងជាត្រូវពាក់ព័ន្ធ​នឹងរឿង​សាសនាក្នុងប្រទេសនោះដែរ។ លោក គីម អ៊ីលស៊ុង ដែលជាអតីតមេដឹកនាំកូរ៉េ​ខាងជើង ចាត់ទុក​សាសនាគ្រិស្តបង្កការគំរាមកំហែង ហើយបានលុបបំបាត់តាមរយៈ​ការប្រហារ​ជីវិត​អ្នកកាន់​សាសនា​នេះ។ 
 
តាមពិត សេរីភាពខាងសាសនា ក៏មានចែងនៅក្នុងរដ្ឋធម្មនុញ្ញកូរ៉េខាងជើងដែរ តែបច្ចុប្បន្ន កូរ៉េខាងជើងផ្ដល់ព័ត៌​មានតិចតួចណាស់អំពីជំនឿ និងសាសនារបស់ប្រជាជន ហើយប្រទេសនេះមិនមាន​បង្ហាញចំនួនសាសនិកកា​តូលិកច្បាស់លាស់ទេ៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com