ជាតិ
អាម៉េរិក ផ្ដល់ជំនួយអគារនិងម៉ាស៊ីនផលិតអុកស៊ីសែន ដល់មន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ
15, Sep 2022 , 10:59 pm        
រូបភាព
រូបពីស្ថានទូតអាម៉េរិក
រូបពីស្ថានទូតអាម៉េរិក
ដោយ៖ ជិន​ សុវណ្ណដាវីត
 
ភ្នំពេញ៖ សហរដ្ឋអាម៉េរិក ផ្ដល់ជំនួយអគារ និងម៉ាស៊ីនផលិតអុកស៊ីសែនថ្មីមួយ ដល់មន្ទីរពេទ្យបង្អែក ១៦មករា ក្នុងខេត្តព្រះវិហារ ដើម្បីកាត់បន្ថយការទិញអុកស៊ីសែនពីឯកជន និងបញ្ហាប្រឈមនៃការខ្វះអុកស៊ីសែន។

 
ម៉ាស៊ីនផលិតអុកស៊ីសែនដែលអាម៉េរិកផ្ដល់ឲ្យនេះ មានសមត្ថភាពអាចផលិតអុកស៊ីសែន៣០០លីត្រក្នុងមួយនាទី (LPM) ជាមួយនឹងស្ថានីយ៍ផ្ទុក ដែលមានបំពង់ស៊ីឡាំង និង​តភ្ជាប់​ទៅ​បំពង់​​អុកស៊ីសែនរបស់​មន្ទីរពេទ្យ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិក ដែលចេញកាលពីថ្ងៃទី១៤កញ្ញា។
 
សេចក្តីប្រកាសដដែល បានបញ្ជាក់ថា គម្រោងជំនួយខាងលើនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់ស្រុកចំនួន៧ ក្នុងខេត្តព្រះវិហារ ដែលពលរដ្ឋប្រមាណ២៨ម៉ឺននាក់។ 
 
ពាក់ព័ន្ធនឹងគម្រោងនេះ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា បានលើកឡើងថា ការផ្ដល់ម៉ាស៊ីនផលិតអុកស៊ីសែននេះ ជាផ្នែកមួយក្នុងកញ្ចប់ទឹកប្រាក់ជាង១៦លានដុល្លាររបស់អាម៉េរិក ត្រៀមសម្រាប់ជួយកម្ពុជា ឆ្លើយតបជំងឺរាត​​ត្បាតកូវីដ-១៩។ ការជួយគាំទ្រទាំងនេះ បង្ហាញពីចំណងទាក់ទងដ៏រឹងមាំនៃប្រទេសទាំងពីរ។ 
 
ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា៖ «ម៉ាស៊ីនផលិតអុកស៊ីសែន នឹងបំពេញតម្រូវការផលិតអុកស៊ីសែនសម្រាប់សេវាសំខាន់ៗ ដូចជា ការព្យាបាលអ្នកជំងឺកូវីដ-១៩ ការតាមដាន និងការព្យាបាលជំងឺសង្គ្រោះបន្ទាន់»។ 
 
លោកបន្ថែម​ថា ការផ្គត់ផ្គង់អុកស៊ីសែន ​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន ​ដល់​សហគមន៍​ ដែលពឹងផ្អែកលើសេវាព្យាបាលរបស់​មន្ទីរ​ពេទ្យ​។
 
គម្រោងនេះ ជាមូល​និធិ​របស់ទីភ្នាក់ងារសហរដ្ឋអាម៉េរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងភាពជាដៃគូជាមួយអង្គការយូនីសេហ្វ និងក្រសួងសុខាភិបាលកម្ពុជា ។ ទាក់ទិនគម្រោងនេះដែរ លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជាមើលឃើញថា ៖«អុកស៊ីសែន អាចធ្វើឱ្យមានភាពខុសគ្នារវាងជីវិត និងសេចក្តីស្លាប់។  នេះជាមូលហេតុ ដែលអង្គការ យូនីសេហ្វ កំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកែលម្អការផ្គត់ផ្គង់អុកស៊ីសែន និងហេដ្ឋា រចនាសម្ព័ន្ធ ទន្ទឹមនឹងការកសាងសមត្ថភាពបុគ្គលិកសុខាភិបាលក្នុងការប្រើប្រាស់»។ 
 
បើតាមស្ថានទូតអាម៉េរិក លទ្ធផលគម្រោងនេះ នឹងជួយដល់មន្ទីរពេទ្យ​ឈប់ទិញ​បំពង់​អុកស៊ីសែន​ពីអ្នកផ្គត់ផ្គង់ឯកជន​ ដែលតែងតែបញ្ជូន​បំពង់​អុកស៊ីសែនទីតាំងឆ្ងាយៗ សម្រាប់​បំពេញ​ឡើងវិញនៅតាមមន្ទីរពេទ្យ។ ដូច្នេះ គម្រោងនេះ នឹង​ជួយ​សន្សំ​សំចៃ​ពេលវេលា ថវិកា និងកាត់បន្ថយការខ្វះខាតអុកស៊ីសែន៕ 
 
 
 
 

Tag:
 ម៉ាស៊ីនផលិត​អុកស៊ីសែន
© រក្សាសិទ្ធិដោយ thmeythmey.com