ជាតិ
ទេសចរណ៍បែបកែច្នៃ និងភ្នំ ជាសក្តានុពលទាក់ទាញនៅខេត្តបាត់ដំបង នារដូវវស្សា
27, Sep 2022 , 9:59 pm        
រូបភាព
ដោយ:
 
ខេត្តបាត់ដំបង មានគោលដៅទេសចរណ៍ជាច្រើនបែបកែច្នៃ ធម្មជាតិ និងកសិទេសចរណ៍ជាដើម។  ដើម្បីត្រៀមទទួលទេសចរ ថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ តាមរមណីយដ្ឋាននានា និងរមណីយារាមនានាក្នុងខេត្តបាត់ដំបងបានរៀបចំតុបតែង និងពង្រឹងសេវាកម្មទេសចរណ៍របស់ខ្លួន។



នាឆ្នាំ២០២២នេះ ខេត្តបាត់ដំបងមានសន្ទុះទេសចរណ៍យ៉ាងខ្លាំង ដោយភ្ញៀវទេសចរបានស្គាល់ពីសក្តានុពលនៃខេត្តមួយនេះ។ ទេសចរទៅកម្សាន្តនៅខេត្តបាត់ដំបងជាហូរហែ ជាពិសេសពេលចុងសប្តាហ៍ និងថ្ងៃបុណ្យទាននានា។ ជាមួយគ្នានេះមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីទទួលទេសចរក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ។
លោក ហម អរុណ ប្រធានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ប្រាប់សារព័ត៌មានThmeyThmey25ថា ទោះពិធីបុណ្យភ្ជុំបិណ្ឌស្ថិតក្នុងរដូវវស្សា ប៉ុន្តែខេត្តបាត់ដំបងនៅតែរំពឹងថាមានទេសចរទៅកម្សាន្តច្រើន។ ការណ៍នេះ ព្រោះក្រៅពីផលិតផលទេសចរណ៍តាមដងស្ទឹង បាត់ដំបងក៏មានតំបន់ភ្នំ និងតំបន់ទេសចរណ៍កែច្នៃជាច្រើនទៀតដែរ។



«ភ្ញៀវប្រហែលមិនចាប់អារម្មណ៍ទៅកម្សាន្តនៅតំបន់មានទឹកទេ ព្រោះជារដូវភ្លៀង។ ប៉ុន្តែតំបន់ជាប់មាត់ទឹកជាសក្តានុពលសំខាន់មួយសម្រាប់ភ្ញៀវទេសចរ ដែលជាលក្ខណៈធម្មជាតិ និងកែច្នៃ។ ទេសចរមិនចោលភ្នំបាណន់ និងឡូរីជើងភ្នំបាណន់ គោលដៅទាក់ទាញទេសចរខ្លាំង ហើយឥឡូវមានកែច្នៃច្រើន ដូចជាសួនផ្កា ស្ទូចត្រី និងផលិតផលជាច្រើន។ មួយទៀតគឺប្រាសាទឯកភ្នំ ដែលបងប្អូន ចេញពីវត្តជិតនោះទៅទស្សនាបាន»។ នេះជាការលើកឡើងរបស់លោក ហម អរុណ។
សួនផ្កានៅក្នុងរមណីយដ្ឋានឡូរីជើងភ្នំបាណន់។ រូបភាព៖ សុង សុធាវី

បើតាមប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងរូបនេះ រដ្ឋបាលខេត្តបាត់ដំបង មិនរៀបចំកម្មពិធីអ្វីឡើយក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីត្រៀមរៀបចំពិធីបុណ្យអុំទូកខាងមុខ ។ ប៉ុន្តែអាជ្ញាធរបានត្រៀមលក្ខណៈ និងចុះល្បាតនៅតាមគោលដៅទេសចរណ៍ទាំងអស់ក្នុងខេត្តបាត់ដំបង រយៈពេល៣ថ្ងៃគឺ ថ្ងៃទី២៤ដល់២៦ ខែកញ្ញា ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ទេសចរណ៍។

សូមជម្រាបថាក្នុងខេត្តបាត់ដំបងមានគោលដៅទេសចរណ៍ប្រមាណ ១០០កន្លែងគោលដៅទេសចរណ៍ទាំងនោះមាន រមណីយដ្ឋានទេសចរណ៍ ២០ទីតាំង, សហគមន៍និងអេកូទេសចរណ៍ ៤ទីតាំង, ទេសចរណ៍សាសនា ២២ទីតាំង, កសិ-ទេសចរណ៍ ៤ទីតាំង និងគោលដៅទេសចរណ៍ផ្សេងៗ ៥៤ទីតាំង។ ភ្ញៀវទេសចរអាចទៅកម្សាន្តនៅខេត្តបាត់ដំបងគ្រប់រដូវកាល ព្រោះតំបន់ទេសចរណ៍ក្នុងខេត្តនេះមានគ្រប់សណ្ឋាន គ្រប់ផ្នែក៕ប្រាសាទឯកភ្នំ




Tag:
 ទេសចរណ៍
  ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com