ជាតិ
ទោះមិនទាន់ដល់កម្រិតអាសន្ន តែក្រសួងធនធានទឹក ត្រៀមជម្លៀសទឹកពីស្ទឹងព្រែកត្នោត ចូលទន្លេបាសាក់
09, Oct 2022 , 4:29 pm        
រូបភាព
ក្រសួងធនធានទឹក និងឧតុនិយម ចុះ ចុះ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​រំដោះ​ទឹកពី​ស្ទឹងព្រែកត្នោត ចូលទន្លេបាសាក់។ រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹក និងឧតុនិយម ចុះ ចុះ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​រំដោះ​ទឹកពី​ស្ទឹងព្រែកត្នោត ចូលទន្លេបាសាក់។ រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម។
ដោយ:
ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅចំណុចសំណង់ទ្វារទឹកទំនប់អាង ៧មករា នាព្រឹកថ្ងៃទី៩តុលា មានកម្ពស់៥,០៥ ម៉ែត្រ សម្រាប់កម្ពស់ខាងមុខទ្វារ ដែលកម្ពស់ទឹកគួរប្រុងប្រយ័ត្នគឺ ៥,៣០ម៉ែត្រ។ ទោះស្ថានភាពទឹកមិនទាន់ដល់ចំណុចប្រុងប្រយ័ត្ន តែក្រសួងធនធានទឹក និងឧតុនិយមកំពុង ត្រៀមជម្លៀសទឹកពីស្ទឹងព្រែកត្នោត ចូលទន្លេបាសាក់។


 
នៅព្រឹកថ្ងៃទី៩ តុលានេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យលទ្ធភាពរំដោះទឹកពីស្ទឹងព្រែកត្នោត ចូលទៅក្នុងទន្លេទន្លេបាសាក់  តាមរយៈប្រឡាយ ៩៤ និង៩៦ ដែលស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ ក្រសួងធនធានទឹក ក៏កំពុងពិនិត្យ  ស្ថានភាពទឹកតាមខ្នងទំនប់សណ្តស្ទឹងព្រែកត្នោតដែរ។

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមចុះពិនិត្យស្ថានភាពទឹក។ រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
 
ជាមួយគ្នានេះលោក លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ប្រាប់សារព័ត៌មានថ្មីៗថា ស្ថានភាពទឹកស្ទឹងព្រែកត្នោតមិនទាន់ដល់កម្រិតប្រកាសអាសន្នឡើយ តែក្រសួងធនធានទឹក បានត្រៀមជម្លៀសទឹកចូលទន្លេបាសាក់ កុំឱ្យមានការជន់លិច។ 
 
«កម្ពស់ទឹកនៅទាប នៅឡើយទេ មិនទានមានបញ្ហាអីទេ។ ប៉ុន្តែនៅក្នុងរដូវវស្សា យើងត្រូវត្រៀមជាមុន មិនមែនដល់ពេលបានយើងមានវិធានការ វាអាចយឺតពេល។ កន្លងមកទឹកច្រើនខ្លាំង ហើយការបង្ហូរទឹកចេញយឺតយ៉ាវ តែឆ្នាំនេះក្រសួងបានកាយប្រឡាយបានរួចរាល់ប្រមាណ ៧០ភាគរយហើយ»។ នេះជាការបញ្ជាក់របស់លោក ចាន់ យុត្ថា។
 
លោក ចាន់ យុត្ថា បន្ថែមថា ប្រជាពលរដ្ឋមិនចាំបាច់ភ័យខ្លាចខ្លាំងឡើយ ព្រោះបច្ចុប្បន្នស្ថានភាពទឹកមិនទាន់ដល់កម្រិតប្រកាសអាសន្ននោះទេ។ ចំណែកក្រុមការងារធនធានទឹក បានត្រៀមចំពោះបញ្ហាទឹកជំនន់នេះតាំងពីខែសីហាមកម្ល៉េះ។
 
សូមជម្រាបផងដែរថា កម្ពុជានឹងទទួលរងសម្ពាធទាបសកម្មពីប្រទេសវៀតណាម នៅថ្ងៃទី១៣តុលា។ ឥទ្ធិពលនេះនឹងធ្វើឱ្យរាជធានី-ខេត្តទាំងអស់ក្នុងប្រទេសកម្ពុជាមានភ្លៀងធ្លាក់ ពីតិចទៅច្រើនចាប់ពីថ្ងៃទី ៩ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២២។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម៕
 
 

Tag:
 ស្ទឹងព្រែកត្នោត
  ទន្លេបាសាក់
© រក្សាសិទ្ធិដោយ thmeythmey.com