ជាតិ
អ្នកជំនាញកសិកម្ម ចង់ឱ្យរដ្ឋមន្រ្តីកសិកម្មថ្មីបន្ថយពន្ធនាំចូលជីថ្នាំកសិកម្ម និងប្រេងឥន្ធនៈ
30, Oct 2022 , 9:29 am        
រូបភាព
លោក អួន ស៊ីឡុត (ឆ្វេង) និងលោក ថេង សាវឿន (ស្ដាំ)
លោក អួន ស៊ីឡុត (ឆ្វេង) និងលោក ថេង សាវឿន (ស្ដាំ)
ភ្នំពេញ៖ ថ្លៃដើមផលិតខ្ពស់ កំពុងបង្ខំឱ្យកសិករកម្ពុជាមួយចំនួនកាត់បន្ថយ និងបោះបង់របរកសិកម្មរបស់ខ្លួនជាបន្តបន្ទាប់ ដោយសារពួកគេបានផលចំណេញតិចជាងហានិភ័យ។ បញ្ហានេះ ត្រូវបានរដ្ឋមន្រ្តីកសិកម្មថ្មី លោក ឌិត ទីណា នឹងដោះស្រាយ ដោយកាត់បន្ថយការចំណាយថ្លៃដើមផលិតរបស់កសិករ ដើម្បីចំណេញទាំងកសិករ និងអ្នកទិញ។

 
រដ្ឋមន្រ្តីកសិកម្មថ្មី ថ្លែងបែបនេះ និងទទួលបានការគាំទ្រជាច្រើន។ ប៉ុន្តែការឡើងលើកខ្លីដូច្នេះ មិនទាន់ឃើញរបៀបកាត់បន្ថយពិតប្រាកដនោះទេ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតក្រុមការងារជំរុញផលិតកម្មគ្រាប់ពូជស្រូវ ដើម្បីចូលរួមកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ។ 
 
ដើម្បីកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ អ្នកជំនាញក្នុងវិស័យកសិកម្ម មើលឃើញថា រដ្ឋាភិបាល គួរបន្ធូរបន្ថយពន្ធនាំចូលវត្ថុធាតុដើមកសិកម្ម ដូចជា ជីថ្នាំ និងប្រេងឥន្ធនៈ ជាដើម។ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC ) បានលើកឡើងថា បច្ចុប្បន្ន របរកសិកម្មពុំសូវទទួលបានផលចំណេញនោះទេ ដោយសារថ្លៃដើមផលិតខ្ពស់។ កសិករ ក៏ជួបប្រទះនឹងបញ្ហាតម្លៃទីផ្សារ និងបច្ចេកទេសផងដែរ។ 
 
លោក ថេង សាវឿន ចង់ឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ចេញថវិកាជាតិ ឬបន្ធូរបន្ថយពន្ធនាំចូលវត្ថុធាតុដើមកសិកម្ម ដូចជា ឧបករណ៍ សម្ភារៈ ជីថ្នាំ ជាដើម។ 
 
ប្រសិនបើ ក្រសួងកសិកម្ម អាចអន្តរាគមន៍លើបញ្ហានេះបាន កសិករមានទំនប់ចិត្ត ហើយងាកមកដាំដុះ និងផលិតផលកសិកម្មកាន់តែច្រើន ដែលជួយកាត់បន្ថយចំណាកស្រុក ជួយពង្រឹងសន្តិសុខស្បៀង បង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ និងជាតិផងដែរ។ 
លោក ថេង សាវឿន ប្រាប់ ThmeyThmey25 ដូច្នេះ៖« ប្រសិនបើ ក្រសួង អាចកាត់បន្ថយថ្លៃដើមផលិតបាន កសិករនឹងមានទំនប់ចិត្តក្នុងផលិត និងដាំដុះ ដែលអាចធ្វើជីវភាពរបស់គាត់ល្អប្រសើ។ ហើយកសិករអាចប្រើប្រាស់ដីកសិកម្មបន្ថែមទៀត ដើម្បីរកចំណូល និងកាត់បន្ថយការធ្វើចំណាកស្រុក»។ 

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC )។ រូបពី ហ្វេសបុកលោក
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានលើកឡើងស្រដៀងគ្នាដែរថា សព្វថ្ងៃ ថ្លៃដើមផលិតកសិកម្មហក់ឡើងខ្ពស់ពេក ធ្វើឱ្យកសិករពិបាករកផលចំណេញពីការងារដ៏លំបាករបស់ខ្លួន។ ការឡើងថ្លៃដើមផលិតនៅពេលនេះ បណ្ដាលមកពី វត្ថុធាតុដើមដែលនាំចូលឡើងថ្លៃ ជាក់ស្ដែងដូចជា ជីថ្នាំ និងប្រេងឥន្ធនៈ ជាដើម។ 
 
លោក អួន ស៊ីឡុត ប្រាប់ដូច្នេះថា៖« មានកត្តា២យ៉ាង ដែលយើងកំពុងប្រឈម។ ទី១ គឺថ្លៃជីថ្នាំកសិកម្មឡើងថ្លៃ ព្រោះអី ជីថ្នាំភាគច្រើនហ្នឹងអត់ផលិតក្នុងស្រុកយើងទេ សុទ្ធតែត្រូវនាំចូលមកទាំងអស់។ ទី២ វិស័យកសិកម្មយើង ត្រូវប្រើប្រេងឥន្ធនៈស្ទើតែទាំងស្រុងឥឡូវ មិនមែនប្រើគោក្របីដូចមុនឯណា។ អ៊ីចឹង ២ចំណុចនេះហើយ ដែលជាឧបសគ្គក្នុងការកាត់បន្ថយថ្លៃដើមផលិត»។ 
 
បន្ថែមពីនេះ កសិករមួយចំនួននៅខ្វះខាតបច្ចេកទេសប្រើប្រាស់ជីឱ្យបានត្រឹមត្រូវ ដែលនេះក៏ជាបញ្ហាប្រឈមនាំឱ្យថ្លៃដើមផលិតឡើងខ្ពស់ផងដែរ។ ប្រធានសមាគមស្វាយចន្ទីរូបនេះ ស្នើឱ្យក្រសួងកសិកម្ម បន្ធូរបន្ថយតម្លៃ ជីថ្នាំ និងប្រេងឥន្ធនៈ និងធ្វើការឱ្យជិតស្និតជាមួយកសិករក្នុងការបណ្ដុះបណ្ដាលបច្ចេកទេសប្រើប្រាស់ជីថ្នាំឱ្យបានត្រឹមត្រូវ និងចំគោលដៅ។ 
 
សូមបញ្ជាក់ថា ក្រោយទទួលបានដំណែងជារដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា  បានសម្រេចបង្កើតក្រុមការងារជំរុញផលិតកម្មគ្រាប់ពូជស្រូវ ដើម្បីចូលរួមកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ។ ក្រុមការងារថ្មីនេះ មានតួរនាទីសេនាធិការរបស់ក្រសួងកសិកម្ម លើដំណើរការផលិតកម្មដំណាំស្រូវ និងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផលិតកម្មគ្រាប់ពូជស្រូវ ដើម្បីរួមចំណែកក្នុងយុទ្ធសាស្រ្តកាត់បន្ថយថ្លៃដើមផលិត។ ចាត់ចែង អនុវត្តផលិតកម្មគ្រាប់ពូជស្រូវ តាំងពីដំណាក់កាលផលិតពូជគ្រឹះ ពូជចុះបញ្ជី ពូជវញ្ញាបនបត្រ រហូតដល់ស្រូវចំណី។
 
ក្រុមការងារនេះ នឹងសម្របសម្រួលការងារជាមួយសហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុនផ្សេងៗ ដែលកំពុងប្រករបរផលិតកម្ម និងអាជីវកម្មស្រូវ-អង្ករ។ លើសពីនេះ សិក្សាពីសារពើភ័ណ្ឌលើទ្រព្យសម្បត្តិនៃគម្រោង Agricaltural Quality Improvement Project (AQIP)។ ក្រុមការងារនេះ ក៏សិក្សា និងវាយតម្លៃបរិមាណស្រូវពូជ ដែលត្រូវផ្គត់ផ្គង់ឱ្យពលរដ្ឋ និងអនុវត្តភារកិច្ចផ្សេងៗទៀត ដែលក្រសួងកសិកម្មប្រគល់ជូន។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។ រូបផ្ដល់ដោយ លោក អួន ស៊ីឡុត

ពាក់ព័ន្ធនឹងការបង្កើតក្រុមការងារជំរុញផលិតកម្មគ្រាប់ពូជស្រូវនេះ ទទួលបានការសាទរយ៉ាងខ្លាំងពីលោក ថេង សាវឿន និងលោក អួន ស៊ីឡុត ដោយអ្នកជំនាញកសិកម្មទាំងពីររូបនេះ ជឿជាក់ថា កសិករនឹងអាចទទួលបានគ្រាប់ពូល្អ និងតម្លៃសមរម្យ ដែលនេះជាផ្នែកសំខាន់មួយក្នុងការកាត់បន្ថយការចំណាយថ្លៃដើមផលិត៕
 
 
 
 

Tag:
 កសិកម្ម
  អ្នកជំនាញកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com