ជាតិ
អាងពិព័រណ៍ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ នៅសូទ្រនិគម បើកដំណើរ​ការនាថ្ងៃទី១វិច្ឆិកា នេះ
30, Oct 2022 , 10:59 pm        
រូបភាព
រូបភាពពី ក្រសួងទេសចរណ៍។
រូបភាពពី ក្រសួងទេសចរណ៍។
ដោយ៖ សែម ប្រាក់ដាវ
អង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃា្វរៀម នឹងបើកដំណើរការអាងពិព័រណ៍ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ការបើកនេះ ដើម្បីការអភិរក្ស អប់រំ និងទេសចរណ៍នឹងកន្លែងកម្សានស្ត​ប្លែកៗ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ អាងពិព័រណ៍ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទសាងសង់កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៩។ អាងពិពណ៌ត្រីនេះ មានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប នឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃ ដែលមានស្រាប់នៅកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស។
ការបើកដំណើរការនេះ ជាដំ​ណាក់កាលទី១ មានតាំងពិព័រណ៍សត្វច្រើនប្រភេទដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្ដើកហ្លួង និងក្រពើភ្នំផងដែរ។ ក្រៅពីការទស្សនាកម្សាន្ត​នៅឧទ្យាន ក៏មានកន្លែងកម្សាន្តជាច្រើនទៀត ដូចជា ផ្សារបណ្ដែតទឹក ហាងលក់ទំនិញ ភោជនីយដ្ឋានសម្រាប់ទទួលទានអាហារ និងភេសជ្ជៈ និងហាងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។ ជាមួយគ្នានេះ ភ្ញៀវទេសចរទាំងអស់ដែលមកកម្សាន្ត នឹងទទួលបានផលិតផលទេសចរណ៏ប្លែកមួយមិនធ្លាប់ឃើញពីមុនមក។
អាងពិព័រណ៍ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ បង្កើត​​ក្នុងគោលបំណងអភិវឌ្ឍន៍វិស័យទេសចរណ៏ក្នុងខេត្តសៀមរាបរួមមាន បង្កើនការស្នាក់នៅទេសចរដែលមកលេងខេត្តសៀមរាប និងធនធានធម្មជាតិក្នុងបឹងទន្លេសាប។ លើសពីនេះ ផ្តោតលើបរិស្ថាន និងការអភិរក្ស សត្វដែលរងការទន្ទ្រាន ប្រភេទសត្វកម្រ ឬប្រភេទសត្វជិតផុតពូជផងដែរ៕​
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com