ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ពលរដ្ឋឃុំអន្លង់ត្នោត សប្បាយចិត្តដែលបានទទួលសេវាពិនិត្យសុខភាពពីមណ្ឌលសុខភាពនៅជិតផ្ទះ
30, Oct 2022 , 4:29 pm        
រូបភាព
ដោយ៖ ស៊ុន ថាវដី និងព្រំ វិសាល (យុវជនឃុំអន្លង់ត្នោត)   
ស្រុកក្រគរ ខេត្តពោធិ៍សាត់៖ មណ្ឌលសុខភាព​អន្លង់ត្នោត ស្ថិតនៅក្នុងភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ទើបបើកដំណើរការក្នុងខែកក្កដា ឆ្នាំ២០២២នេះ មណ្ឌលសុខភាពសុខភាពអន្លង់ត្នោត មានបុគ្គលិកសរុប ៦នាក់ ដើម្បីរង់ចាំផ្តល់សេវាសុខភាពដល់ពលរដ្ឋឃុំអន្លង់ត្នោតប្រមាណ១ម៉ឺននាក់។


អ្នកស្រី សំ ស៊ីដា ប្រធានមណ្ឌលសុខភាពឃុំអន្លង់ត្នោត បានមានប្រសាសន៍ថា សេវាពិនិត្យ និងព្យាបាលជំងឺនៅមណ្ឌលសុខភាពនេះ មានច្រើនប្រភេទ ដូចជា​សេវាថែទាំកុមារ ការពិនិត្យផ្ទៃពោះ សេវាកម្មពន្យារកំណើតសម្រាប់ស្ត្រី និងមានម៉ាស៊ីនខ្នាតតូចសម្រាប់ពិនិត្យគ្រាប់ឈាម ជូនទៅដល់ស្ត្រីមានផ្ទៃពោះ និងការវះកាត់ខ្នាតតូច និងសេវាព្យាបាលកម្រិតស្រាលផ្សេងៗទៀត។
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកញអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖ 
 
ក្នុងនាមជាអ្នកគ្រប់គ្រងមណ្ឌលសុខភាពនេះ អ្នកស្រី សំ ស៊ីដា បានចាត់ចែងឱ្យមានគ្រូពេទ្យប្រចាំការ២៤ម៉ោងផងដែរ ដើម្បីចាំផ្តល់សេវាដល់ពលរដ្ឋ បើទោះនៅមានកង្វះខាតគ្រូពេទ្យក្តី។ ជុំវិញការខ្វះបុគ្គលិកពេទ្យនេះ អ្នកស្រី សំ ស៊ីដា ថាបានស្នើសុំ​ ទៅថ្នាក់រួចហើយ។
 

 ទាក់ទងនឹងការផ្តល់សេវានៅមណ្ឌលសុខភាពវិញ អ្នកស្រី ហេង ស្រីនីន ដែល​ធ្លាប់ទៅទទួលសេវានៅមណ្ឌលសុខភាពអន្លង់ត្នោត​ បញ្ជាក់ថាខ្លួនសប្បាយចិត្តដែលមានមណ្ឌលសុខភាពនៅជិតផ្ទះ ព្រោះអ្នកស្រីមិនចាំបាច់ធ្វើដំណើរទៅដល់ទីរួមស្រុក ហើយក៏កាត់បន្ថយចំណាយមួយចំនួនដែរ។



អ្នកស្រី ពន្យល់ដូច្នេះ៖«សប្បាយចិត្តដែលមានមណ្ឌលសុខភាពនៅជិតបែបនេះ ព្រោះងាយស្រួល ពេលមានការឈឺថ្កាត់យប់អាធ្រាតុ។ ពីមុនខ្ញុំត្រូវទៅ​មន្ទីរពេទ្យបង្អែកស្រុកដែលនៅឆ្ងាយ។ ក្រោយពេលមានមណ្ឌលសុខភាព​នេះ យើងចំណេញទាំងពេលវេលា ចំណេញទាំងសាំងម៉ូតូ។»។
 
 អ្នកស្រី រស់ ចាត់ ក៏ជាពលរដ្ឋរស់នៅជិតមណ្ឌលសុខភាពអន្លង់ត្នោតដែរ។ ស្ត្រីចំណាស់រូបនេះ បានមកពិនិត្យសុខភាពនៅមណ្ឌលសុខភាពនេះ ៤លើកហើយយ តាំងពីបើកដំណើរការមក។  ​អ្នកស្រី ចាត់ សប្បាយចិត្តខ្លាំងណាស់ ពេលមានមណ្ឌលសុខភាពនៅជិតផ្ទះបែបនេះ។



 «ពេលណា អស់ថ្នាំក៏អាចមកបើកថ្នាំបានយ៉ាងទៀងទាត់។ ពីមុនមក​ទៅពេទ្យឯកជន អស់ម្តង​៥ទៅ៦ម៉ឺនដែរណ៎ា! ​គឺខុសគ្នាឆ្ងាយ មកនេះអស់តែ២០០០(រៀល)ទេ។»។ អ្នកស្រី រស់ ចាត់ ពលរដ្ឋរស់នៅឃុំអន្លង់ត្នោតបញ្ជាក់ដូច្នេះ៕
 
 អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 មណ្ឌលសុខភាពអន្លង់ត្នោត
  សំ ស៊ីដា
  សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com