ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​ឪពុកម្តាយ ឬអាណាព្យាបាល ចាំបាច់ត្រូវបញ្ជូន​កុមារខ្សោយសតិបញ្ញា ទៅសាលារៀន
30, Oct 2022 , 5:29 pm        
រូបភាព
សកម្មភាពគ្រូបង្រៀនកុមារខ្សោយសតិបញ្ញា និងអូទីសឹ្សម (រូបផ្ដល់ឱ្យ)
សកម្មភាពគ្រូបង្រៀនកុមារខ្សោយសតិបញ្ញា និងអូទីសឹ្សម (រូបផ្ដល់ឱ្យ)
ភ្នំពេញ​៖ ហេតុ​អ្វីម្ដាយ​ឪពុក​ ឬ​អាណា​ព្យាបាល​ ចាំ​បាច់​​​ត្រូវ​បញ្ជូន​​កុមារមាន​ពិការភាព​​សតិបញ្ញា ឱ្យ​​ចូលរៀន​នៅ​​ក្នុង​សាលា​? តើ​ក្រោយ​ពី​កុមារ​ខ្សោយ​សតិ​បញ្ញាបាន​​ចូល​​រៀន​ នឹ​ង​មាន​ភាព​ល្អ​ប្រសើរ​លើ​ផ្នែក​អ្វី​ខ្លះ ​ខុស​ប្លែក​ពី​ពេល​ដែល​ពួក​គេ​មិនទាន់បាន​​ចូល​សាលា​រៀន?



ការ​បញ្ជូន​កុមារ​មាន​ពិការ​ភាព​​សតិបញ្ញា អូទីស្សឹម និង​ដោន​ស៊ីន​ដ្រូម ទៅ​​រៀន​នៅ​ក្នុង​សាលា​ នឹង​ជួយ​ឱ្យ​ពួក​គេ​​​​ចេះ​ជួយ​ខ្លួន​ឯង អាច​រស់​ក្នុង​សង្គម និង​អាច​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ទូទៅ​​ ដូច​មនុស្ស​ធម្មតា​ដែរ​។ ប៉ុន្តែ​បើ​អាណា​ព្យាបាល​​មិន​បញ្ជូន​កូន ​ឱ្យ​ទៅ​រៀន​នៅ​ក្នុង​សាលា​ទេ ប្រៀប​បាន​នឹង​ពួក​គេ​​​ធ្វើ​បាប​ខ្លួន​ឯង និង​ធ្វើ​បាប​​កូន​​ពេញ​មួយ​ជីវិត​​ដែរ​។
 
អាណា​ព្យាបាល​មួយ​ចំនួន ដែល​មាន​កូន​ខ្សោយ​សតិបញ្ញា អូទីសឹ្សម ឬ​ដោន​ស៊ីន​ដ្រូម​ នៅ​តែ​មាន​ចេតនា​លាក់​បាំ​ង​ ពី​ភាព​មិន​ប្រក្រតីនៃ​បញ្ញា​​របស់​កូន ហើយ​ទុក​ពួក​គេ​ឱ្យ​នៅ​តែផ្ទះ​ ដោយ​មិន​បញ្ជូន​ពួ​ក​គេ​ទៅ​រៀន​នៅ​ក្នុង​​សាលា​​​។​ 
 

សកម្មភាពគ្រូបង្រៀនសិស្សកុមារខ្សោយសតិបញ្ញា និងអូទីសឹ្សម

សូម​បញ្ជាក់​ថា កុមារ​មាន​ពិការភាព​សតិ​បញ្ញា គឺ​ជា​កុមារ​​មាន​អប្បបញ្ញា ពួក​គេ​​រៀន​មិន​សូវ​ទាន់​កុមារ​ធម្មតា​ ឬ​ឆាប់​ភ្លេច​។ រីឯកុមារ​ដោនស៊ីនដ្រូម គឺ​ជា​​កុមារ​​ដែល​មាន​មុខ​ស្រដៀង​ៗ​គ្នា ហើយ​ពួក​គេក៏​​ត្រូវ​បាន​​រាប់​បញ្ចូល ជា​កុមារ​មាន​ពិការភាព​សតិបញ្ញា​ផង​ដែរ​។ ចំណែក​កុមារអូទីសឹ្សម​ ពួក​គេ​មាន​បញ្ហា​ធំៗ៣ គឺ​មាន​វិបត្តិ​អាកប្បកិរិយា មាន​បញ្ហាក្នុង​ការ​​ទំនាក់​ទំនង និង​មាន​បញ្ហា​ក្នុង​ការ​ចូល​រួម​ក្នុង​សង្គម ដោយ​​ពួក​គេ​​ចូល​ចិត្ត​លេង​តែ​ម្នាក់​ឯង​ ​ហើយ​ពួកគេ​ខ្លះ​មិន​មាន​ភាសា​តែ​ម្ដង​។ ប៉ុន្តែ​កុមារអូទីសឹ្សម ​​មិន​រាប់​បញ្ចូល ​ក្នុងកុមារ​ដែល​មាន​ពិការភាព​ផ្នែក​សតិបញ្ញាឡើយ​។ 

លោក វង្ស វុទ្ធី ប្រធាន​កម្មវិធី​របស់​អង្គការសាលារៀន​​ទន្សាយ​ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា កុមារមាន​ពិការភាព​សតិ​បញ្ញា ដោនស៊ីនដ្រូម និង​​កុមារអូទីសឹ្សម​​មួយ​ចំនួ​ន ​ពិបាក​ក្នុង​ការ​ផ្លាស់ទី ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​ ដោយ​សារតែ​​ពួក​គេ​​ខ្សោយ​សាច់​ដុំ ហើយ​ក៏​​អាច​មក​ពី​ខួរ​ក្បាល​របស់ពួក​​គេ​​មិន​អាច​បញ្ជា​ ឬ​គ្រប់​គ្រង​ចលនា​ទាំង​អស់​នោះបាន។ 
 

លោក វង្ស វុទ្ធី ប្រធានកម្មវិធីរបស់អង្គការសាលារៀនទន្សាយ

លោក​ថា នៅ​ពេល​ដែល​កុមារមាន​ពិការភាព​បញ្ញា​​ ​បាន​ចូលរៀន​នៅក្នុង​​​សាលា​ ពួក​គេ​នឹង​​អាច​​អភិវឌ្ឍ​លើ​ជំនាញ​សង្គម ចំណេះដឹង​ផ្នែក​ភាសា​ គណិត​វិទ្យា លូត​លាស់​លើ​ជំនាញ​ផ្នែក​ចលនា និង​ជំនាញ​ជួយ​ខ្លួន​ឯង​ជា​ដើម​។ លោក​ វុទ្ធី សង្កត់​ធ្ងន់​ថា កុមារ​ទាំង​នោះ អាច​អភិវឌ្ឍន៍​​លើ​ជំនាញ​ទាំង​នោះ​បាន​ ក៏​ព្រោះ​​មាន​​គ្រូ និង​មិត្ត​ភក្ដិ​ ​ជួយ​ពួក​គេ​​។ ហើយ​នៅ​ពេល​ដែល​កុមារ​​ទាំង​នោះ ​មាន​សមត្ថភាព​ ធ្វើ​ការ​ងារ​ផ្សេង​ៗ​ដោយ​ខ្លួន​ឯង នោះម្ដាយ​ឪពុករបស់​ពួក​គេ នឹង​​អាច​មាន​ពេល​ទៅ​ធ្វើ​ការ​ងារ​ផ្សេង​ៗ ដើម្បី​រក​ចំណូល​​​​។
 
«​នៅ​ពេល​ដែល​គាត់​ជួប​មិត្ត​ភក្ដិ​ គាត់​នឹង​ទទួល​បាន​ជំនាញ​​ទំនាក់​ទំនង​​។ គ្រូ​និង​មិត្ត អាច​ជួយ​ជំរុញ​ឱ្យ​គាត់​ធ្វើ​ចលនាតូច និង​ចល​នាធំ​​បាន។ ​ជំនាញ​ជួយ​ខ្លួន​ឯង មាន​ន័យ​ថា គ្រូ​បាន​បណ្ដុះ​បណ្ដាល​ការ​ស្លៀកពាក់ ការទៅបន្ទប់​ទឹក ​ការ​ទទួល​ទាន​អាហារ​ ការ​ទៅ​ទិញ​របស់​របរ​ផ្សេង​ៗ​ជា​ដើម​ បន្ថែម​លើ​អ្វី​ដែល​ពួក​គេ​បា​ន​រៀន​នៅ​ផ្ទះ»។​ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក វុទ្ធី​។

អ្នក​នាង គ្រាក់ វណ្ណារ័ត្ន គឺ​ជា​គ្រូ​បង្រៀន​កុមារ​ខ្សោយ​សតិ​បញ្ញា និង​អូទីសឹ្សម នៅ​ក្នុង​អង្គការ​សាលា​រៀន​ទន្សាយ​។ ឆ្លៀត​ពេល​ក្នុង​ម៉ោង​សម្រាក​ អ្នក​នាង​បាន​​​លើក​ឡើង​ថា បច្ចុប្បន្ន​អាណាព្យាបាល​ ក៏​ដូច​ជា​ម្ដាយ​ឪពុក​របស់​កុមារ​មាន​ពិការភាព​បញ្ញា និង​អូទីសឹ្សម មាន​ការ​យល់​ដឹង​ច្រើន​ ចំពោះ​ការ​បញ្ជូន​កូន​របស់​ខ្លួន​ ឱ្យ​ទៅ​រៀន​នៅ​ក្នុង​សាលា​​។ 
 

 អ្នកនាង គ្រាក់ វណ្ណារ័ត្ន គ្រូបង្រៀនកុមារខ្សោយសតិបញ្ញា និងអូទីសឹ្សម

តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ ក៏​នៅ​តែ​មាន​អាណាព្យាបាល​មួយ​ចំនួន​ នៅ​មិន​ទាន់​​យល់ និង​ចូល​រួម​សហការ​ជា​មួយ​គ្រូ​បង្រៀន ដើម្បី​ជួយ​ឱ្យ​​កុមារ ចេះ​​ជួយ​ខ្លួន​ឯង​​​​ដែរ​។ អ្នក​នាង​ថា ម្ដាយ​ឪពុក​មួយចំនួន​ នៅ​តែ​ធ្វើ​តាម​វិធីសាស្ត្រ​របស់​ខ្លួន​ ដោយ​សុខ​ចិត្ត​ធ្វើ​ការ​ងារ​គ្រប់​យ៉ាង​ជំនួស​កូន បើ​ទោះ​បី​ជា​គ្រូ​​បាន​ប្រាប់​ពី​ផល​លំបាក​ នៃ​ការ​ដែល​មិន​បង្រៀ​ន​កូន​ ឱ្យ​ចេះ​ជួយ​ខ្លួ​ន​ឯង​ ឬ​ធ្វើ​ការ​ងារ​អ្វី​មួយ​ដោយ​ខ្លួន​ឯង​​ក្ដី​។ ​
 
បើ​តាម​គ្រូ​បង្រៀន​​វ័យ​ប្រមាណ​ជាង​២០​ឆ្នាំ​រូប​នេះ កុមារ​​ខ្លះ​ត្រូវ​ការ​ពេល​ប្រមាណ​ជា​១០​ឆ្នាំ ក្នុង​ការ​រៀន​នៅ​ក្នុង​សាលា ទើប​ពួក​គេ​អាច​ជួយ​ខ្លួន​ឯង​បាន​ខ្លះ​។ ការ​ជួយ​ខ្លួន​ឯង​នោះ​ សំដៅ​ដល់​ការ​ចេះ​ពាក់​អាវ ស្លៀក​ខោ ទទួល​ទាន​អាហារ​ ចូល​បន្ទប់​ទឹក​ ឬ​បង្គន់​ និង​ការធ្វើ​ការ​ងារ​​ស្រាល​ៗ​មួយ​ចំនួន​ទៀត​។ ​បន្ថែម​លើ​​​ការ​ជួយ​ខ្លួន​ឯង ក្នុង​រយៈ​ពេល​១០​ឆ្នាំនេះ​កុមារ​ទាំង​នោះ ក៏​​អាច​ចេះ​សរសេរ​អក្សរ​បាន​ខ្លះដែរ​។ 
 
ចំណែក​ឯ​អ្នក​ស្រី ឆាយ កួយហន គឺ​ជា​ម្ដាយ​របស់​កុមារា​មួយ​រូប ដែល​បាន​ទៅ​រៀន​នៅក្នុង​អង្គការ​​សាលា​រៀន​ទន្សាយ​។ មាន​កូន​៣​នាក់ អ្នក​ស្រី ហន ​មានកូន​មាន​​ពិការភាព​បញ្ញាតែ​មួយ​រូប​ប៉ុណ្ណោះ​ ត្រូវ​ជា​កូន​ទី​២​ហើយ​មាន​អាយុ​១៥​ឆ្នាំ។ អ្នក​ស្រី​ថា កន្លង​ទៅ​​គាត់​​ធ្លាប់​យក​កូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ​ប៉ុន្តែ​មិន​បាល​លទ្ធផល​អ្វី​ឡើយ​។ ក្រោយ​មក​អ្នក​ស្រី​យកកូន​ទៅ​រៀន​នៅ​សាលាធម្មតា។ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង គ្រូ​នៃ​សាលា​នោះ បដិសេធ​ឈប់​បង្រៀន​កូន​របស់​អ្នក​ស្រី ក្រោម​ហេតុ​ផល​ថា​ កុមារ​នោះ​រពិស​ខុស​ពី​ក្មេង​ដទៃ​ខ្លាំង​ពេក​។ អ្នក​ស្រី ឆាយ កួយហន ថា​​មុនពេល​ចូល​​​សាលារៀន កូន​របស់​អ្នក​ស្រី ពិបាក​គ្រប់​គ្រង​ខ្លាំង​។ ពិបាក​គ្រប់​គ្រង​ ដោយ​សារ​កូនមិន​ចេះ​ស្ដាប់​ភាសារបស់​អ្នក​ស្រី​។ ​


អ្នកស្រី ឆាយ កួយហន ជាម្ដាយរបស់កុមារាដែលបានទៅរៀននៅក្នុងអង្គការសាលាទន្សាយ

រហូត​ដល់​​​អាយុ១២​ឆ្នាំ​ ទើបកូន​របស់​អ្នក​ស្រី ហន ​បាន​ចូល​រៀន​នៅ​ក្នុង​អង្គការ​សាលា​រៀន​ទន្សាយ​។ អ្នក​ស្រី​ប្រាប់​ពី​មូល​ហេតុ​ដែល​នាំ​កូន​​​ចូល​រៀន​យឺត​ខ្លាំង​៖«ខ្ញុំ​ទើប​តែ​ដឹង​ថា​សាលារៀន​ទន្សាយ​ អាច​បង្រៀន​កូន​របស់​ខ្ញុំ​បាន​​​។ យក​ទៅ​សាលា​ធម្មតា​ គាត់​(កូន​)អត់​ចង់​ទៅ​រៀន​ទេ តែ​ពេល​មក​សាលា​នេះ(សាលារៀន​ទន្សាយ) គាត់​ចង់​មក​រៀន​ណាស់​។ កាល​នៅ​អាយុ​តិច​ពិបាក​ខ្លាំង ​ព្រោះកូន​​មិន​ចេះ​នៅ​មួយ​កន្លែង​​។ ​កូន​មិន​ដឹង​ថា​យើង​និយាយ​អ្វី ដឹង​តែ​ពី​យំពី​ស្រែក​ ខ្ញុំ​ពិបាក​ចិត្ត​ខ្លាំង​ណាស់​។ ខ្ញុំ​ស្មាន​តែ​កូន​ខ្ញុំ​គរ​។ ពេល​ទៅពេទ្យ​គេ​ថា​កូន​ខ្ញុំ​មិន​គរ​ទេ ប្រហែល​អាយុ​៥​ឆ្នាំ​អាច​ចេះ​និយាយ។ ពេទ្យ​មិន​ឱ្យ​ខ្ញុំ​​វៃ ឬ​​ខឹង​កូន​ទេ ឱ្យខ្ញុំ​​មើល​ថែ​កូន​ឱ្យ​បាន​ល្អ​»។ 
 
អង្គុយលើកៅអី​ថ្ម ​ក្រោម​ដើម​ឈើ​ធំ​​បែក​មែកសាខា ស្ថិត​ក្នុង​សាលាបឋម​សិក្សា​ទួល​គោក​​ អ្នក​ស្រី ហន រំលឹក​ថា​ កាល​ពី​កូន​របស់​អ្នក​ស្រី​មាន​អាយុ​៥​ឆ្នាំ អ្នក​ស្រី​អស់​សង្ឃឹម​ ដោយ​គិត​ថា​កូន​ប្រុស​ម្នាក់​នោះ​ នឹង​មិន​អាចលូត​លាស់​​ដូច​កុមារ​ទូទៅ​ឡើយ​។ ​ប៉ុន្តែ​ក្រោយ​ពី​កុមារា​នោះ​ បាន​ទៅ​រៀន​នៅ​អង្គការ​សាលា​រៀន​ទន្សាយ​ កូន​របស់​អ្នក​ស្រី​ រៀន​សឹង​ពូកែ​ជាង​សិស្ស​ក្នុង​បន្ទប់​ ​ស្ដាប់​បង្គាប់​ ចេះ​ជួយ​ខ្លួន​ឯង និង​ដឹងកិច្ច​​ការ​ខុស​ត្រូវ​ច្រើន លើស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​ស្រី​។
 
អ្នក​ស្រី​ពន្យល់​៖«​កាល​កូន​ខ្ញុំ​នៅ​អាយុ​​៥​ឆ្នាំ​ខ្ញុំ​គិត​ថា​ កូន​របស់​ខ្ញុំ​ដូច​បោះ​ចោល​អ៊ីចឹង​។ ប៉ុន្តែ​ពេល​បាន​ចូល​សាលា​រៀន​ គាត់​លូត​លាស់​បាន​ល្អ​ច្រើន​ណាស់។ បើ​ទោះ​បី​ជា​កូន​ខ្ញុំ​មិន​លូត​លាស់​ល្អ​ដូច​កូន​គេ ប៉ុន្តែ​បាន​កូន​លូត​លាស់​ប៉ុណ្ណេះ​ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ទៅ​ហើយ​»។ 
 
ប្រធាន​កម្មវិធី​របស់​អង្គការសាលារៀន​​ទន្សាយ លោក វង្ស វុទ្ធី ថា​ដើម​ហេតុ​ដែល​នាំ​ឱ្យ​កុមារ​មាន​បញ្ហា​ខ្សោយ​សតិបញ្ញា អាច​​បណ្ដាល​មក​ពី​ការ​ខ្វះ​អាហារូបត្ថម្ភពេលម្ដាយ​​មាន​គ័ភ៌​។​ ម្ដាយ​ឪពុក​ទទួល​ទាន​គ្រឿង​ស្រវឹង ជក់​បារី ឬ​មាន​បញ្ហា​ផ្លូវ​ចិត្តជា​ដើម​។ ​ទារកខ្វះ​អាហារូបត្ថម្ភ​ក្រោយ​សម្រាល ក៏​អាច​ជា​ដើម​ហេតុ​ដែល​នាំ​ឱ្យ​កុមារ​​​មាន​ពិការភាព​បញ្ញាដែរ​​​។ 


អ្នកស្រី ឆាយ កួយហន នាំកូន ដើរចូលបន្ទប់រៀន

លោក​ថា​បើអាណា​ព្យាបាល​ ​មិន​រក​​​សេវា​ប្រឹក្សាទេ នោះ​កុមារ​ដែល​មាន​បញ្ហាខ្សោយ​សតិបញ្ញា អូទីសឹ្សម និង​​ដោន​ស៊ីន​ដ្រូម​ អាច​កាន់​តែ​ដុន​ដាប​​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ហើយ​លោក​ពន្យល់​បន្ថែ​ដូច្នេះ​៖«កុមារ​ទាំង​៣​ប្រភេទ​នេះ ត្រូវ​បាន​ចាស់​ពី​មុន​ៗ​យល់​ថា​មិន​អាច​រៀន​បានទេ​​ ប៉ុន្តែពួក​គេ​អាច​រៀន​បាន​។​ សូម​​នាំពួក​គេ​​ទៅ​មណ្ឌ​ល​សុខភាព​ ឬ​ទៅ​សាលា​រៀន​ ដើម្បី​រក​ការ​គាំ​ទ្រ»​​។
 
បង្រៀន​សិស្ស​ពី​អាយុ​៩ឆ្នាំ​ដល់​១៧​ឆ្នាំ អ្នក​គ្រូ​​សម្បុរ​ស វណ្ណារ័ត្ន ​ថា​សិស្ស​ទាំង​នោះ​ត្រូវ​ប្រើ​វិធី​សាស្ត្រ​បង្រៀន​ផ្សេង​ៗគ្នា​ទាំង​អស់​។ អ្នក​គ្រូថា កុមារ​ខ្លះ​មិន​ផ្ចង់​អារម្មណ៍ សូម្បី​តែ​​​​​ក្នុង​ការ​អង្គុយ​។ ហើយ​កុមារ​ខ្លះ​ទៀត​ បើ​ទោះ​បី​ជា​បាន​ចូល​រៀន​យូរ​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​ពួក​គេ​​មិន​ទាន់​អាច​​​ផ្ចង់​អារម្មណ៍​រៀន​ដែរ​​។
 
ខណៈ​ពេល​ដែល​កុមារ​មាន​ពិការភាព​បញ្ញា ពិបាក​បង្រៀន​ខ្លាំង​លើស​កុមារ​ធម្មតា អាណា​ព្យាបាល​មួយ​ចំនួន​ ហាក់​ដាក់​ក្ដី​រំពឹង​ខ្ពស់​ ចំពោះ​អ្វី​ដែល​កូន​របស់​ពួក​គេ​នឹង​ទទួល​បាន​ពី​ក្នុង​សាលា ហើយ​អ្នក​នាង       វណ្ណារ័ត្ន បញ្ជាក់​ដូច្នេះ​៖«​ធ្លាប់​មាន​ម្ដាយ​ឪពុក​និយាយដែរ ​ថា​បង្រៀន​កូន​គេមិន​ងាយ​​ចេះ​។ មិន​អាច​បង្ខំ​​​ឱ្យ​កូន​ចូល​រៀន​ភ្លាម​ចេះ​ភ្លែត​ទេ​ តែ​ត្រូវ​ការ​ពេល​សន្សឹម​ៗ​។ ដើម្បី​ឱ្យ​កូន​រៀន​ឆាប់​ចេះ ទាល់​តែ​​អាណាព្យា​បាល​ជួយ​កូន​នៅ​ផ្ទះ​ដែរ​។ នៅ​សាលា​គ្រូបង្រៀន​ឱ្យ​ពួក​គេ​រៀន​ធ្វើ​អ្វី​មួយ​ដោយ​ខ្លួន​ឯង ដល់​តែ​ទៅ​ផ្ទះ​ម្ដាយ​ឪពុក​​អត់​ព្យាយាម​ឱ្យ​កូន​ធ្វើ​ នោះ​កូន​មិន​ងាយ​ចេះ​ទេ​»។
 
អង្គុយ​ក្នុង​បន្ទប់​បង្រៀន អ្នក​នាង វណ្ណារ័ត្ន ថាអាណា​ព្យា​បាល​មួយ​ចំនួន​​ ដែល​តែង​តែ​ជួយ​ធ្វើ​ការ​ងារ​កូន​របស់​ខ្លួន​នោះ ក៏​ព្រោះ​តែ​ពួក​គាត់​គិត​ថា​​ការ​ជួយ​កូន​បែប​នេះ​ នឹង​ធ្វើ​​ឱ្យ​គាត់​​ចំណេញ​ពេល​។ អ្នក​នាង​សង្កត់​ធ្ងន់​ថា បើ​ម្ដាយ​ឪពុក​នៅ​តែ​គិត​បែប​នោះទៀត នោះ​ទោះ​កូនរបស់​ពួក​គេ​​រៀន​ច្រើន​ឆ្នាំយ៉ាង​ណា​ក៏​ដោយ​​ ក៏​ពួក​គេ​នៅ​តែ​រៀន​មិន​ចេះ​ និង​មិន​អាចជួយ​ខ្លួន​ឯង​បាន​ដែរ​។
 
មាន​ស្រុក​កំណើត​នៅខេត្ត​​ព្រៃ​វែង​ តែ​បច្ចុប្បន្នរស់​​នៅ​រាជ​ធានី អ្នក​ម្ដាយ​សម្បុរ​ស ឆាយ កួយហន ថា​បើ​ទោះ​បី​ជា​កូន​របស់​អ្នក​ស្រី​រីក​ចម្រើន​ច្រើន​ហើយ​ក៏​ដោយ​ ក៏​ពេល​ខ្លះ​សម្ដី​របស់​អ្នក​ស្រី មិន​មាន​ឥទ្ធិពល​លើ​កូន​របស់​ខ្លួន​ឡើយ​។ ផ្ទុយ​ទៅ​វិញ បើ​សម្ដី​របស់​គ្រូ​ កូន​របស់​អ្នក​ស្រី​ស្ដាប់​ច្រើន​ និង​តែង​តែ​ធ្វើ​តាម​ជា​និច្ច​។ អ្នក​ស្រី​ឧទាហរណ៍​ដូច​ជា​ការ​ធ្វើ​ការ​ងារ​សាលា(កិច្ច​ការ​​ផ្ទះ) កូន​របស់​អ្នក​ស្រី​តែង​និយាយ​ថា អ្នក​គ្រូ​ឱ្យ​ធ្វើ​លំហាត់ ឬ​អ្នក​គ្រូ​ឱ្យ​ធ្វើ​ការ​ងារ​នេះ ឬ​ការ​ងារ​នោះ​ដោយ​ខ្លួន​ឯង​ ឬ​អ្នក​គ្រូ​ឱ្យ​កាត់​ក្រចក​ឱ្យ​ស្អាត​ជា​ដើម​។  
 
«​ការ​ងារ​ខ្លះ​យើង​(ខ្ញុំ​)ប្រាប់ ​គាត់​មិ​ន​ធ្វើ​តាម​ទេ​ ប៉ុន្តែ​ពេល​មក​សាលា​គាត់​ខ្លាច​គ្រូ គាត់​ធ្វើ​តាម​គ្រូ​។ ឧទាហរណ៍​ដូច​ជា​ការ​កាត់​ក្រចក​ ឬ​កាត់​សក់ បើ​កាល​មិន​ទាន់​ចូល​រៀន​យើង​កាត់​មិន​បាន​ទេ លួង​ក៏​មិន​បាន​ គម្រាម​ក៏​មិន​បាន​ គាត់​ដូច​ជា​ខ្លាច​សំឡេង​កាត់​នោះ​តែ​ម្ដង​។ ប៉ុន្តែ​ពេល​បាន​មក​រៀន ​គាត់​ឱ្យ​យើង​កាត់​។ គាត់​និយាយ​ថា​ អ្នក​គ្រូ​ឱ្យ​កាត់​ក្រចក​ ឱ្យ​កាត់​សក់ ឱ្យ​សម្អាត​ខ្លួន​ ដូច្នេះ​ធ្វើ​ឱ្យ​ខ្ញុំ​ស្រួល​ច្រើន​​។ ខ្ញុំ​សប្បាយ​ខិត្ត​ខ្លាំង​ ព្រោះ​កូន​ដឹង​ច្រើន​»។ នេះ​ជា​ការ​បញ្ជាក់​​បន្ថែម​របស់​អ្នក​ស្រី ឆាយ កួយហន​។ 
 
ស្រព​ពេល​គ្នា​នេះ​ ក្នុង​នាម​ជា​មាតា​ម្នាក់​ អ្នក​ស្រី ឆាយ គួយ​ហន​ ស្នើរ​អង្គការ​សាលារៀន​ទន្សាយ និង​ក្រសួង​អប់រំ បង្កើត​ថ្នាក់​បង្រៀន​កុមារ​មាន​ពិការភាព​បញ្ញា ដល់​កម្រិត​​ខ្ពស់​ ឬ​ដល់​កម្រិត​ឧត្តម​សិក្សា​ ហើយ​កាន់​តែ​ល្អ គឺ​មាន​សាលា​បណ្ដុះ​បណ្ដាល​ជំនាញ​​វិជ្ជាជីវៈ​ដល់​ពួក​គេ​។ ស្នើ​សុំ​បែប​នេះ ​ដោយ​សារ​អ្នក​ស្រី​បាន​សង្កេត​ឃើញ​ថា​ កូន​របស់​ខ្លួន​មាន​ការ​ព្យាយាម​ខ្លាំង​ក្នុង​ការ​សិក្សា​រៀន​សូត្រ​។ អ្នក​ស្រី​ក៏​ជឿ​ថា​ អាណាព្យាបាល​ដទៃ​ទៀត ក៏​ទំនង​ជា​ចង់​បាន​បែប​នេះ​ដែរ​។
 
យ៉ាង​ណា​ក៏​ដោយ​ ស្ត្រី​ដែល​មាន​ស្វាមី​ជា​ជាង​ជួស​ជុល​ម៉ូតូ​រូប​​នេះ ផ្ដាំ​ទៅ​អាណាព្យាបាល​ដែល​មាន​កូន​មាន​ពិការភាព​បញ្ញា ដូច​ជា​ខ្សោយ​សតិបញ្ញា អូទីសឹ្សម ឬ​ដោន​ស៊ីនដ្រូម​ក្ដី សូម​ឱ្យ​ប្រញាប់​ស្វែង​រក​ការ​ប្រឹក្សា​ និង​រក​សាលា​ជំនាញ​ ដើម្បី​បង្រៀន​កូន។ អ្នក​ស្រី​ថា​ កុំ​​ឱ្យ​ជ្រុល​ពេល​ដូចកូន​​អ្នក​ស្រី​។
 
«​ខ្ញុំ​​ស្ដាយ​ក្រោយ ដោយ​សារ​ខ្ញុំ​យូរ​ក្រ​បាន​យក​កូន​ខ្ញុំ​មក​រៀន​ពេក​ ដោយ​សារ​បញ្ហា​គ្រួសារ ហើយ​យើង​អត់​ដឹង​ផង​។ ទម្រាំ​ខ្ញុំ​ដឹង​ កូន​ខ្ញុំ​អាយុ​ច្រើន​។ បើ​មាន​បង​ប្អូន​ណា​មាន​កូន​ខ្សោយ​សតិបញ្ញា​ ឬ​អូទីសឹម​ សូម​ឱ្យ​ប្រញាប់​យក​កូន​មក​ចូល​រៀន​។ វា​ជា​ការ​ជួយ​កូន ឱ្យ​លូត​លាស់​លឿន ​ជាង​យើង​អត់​យក​មក​សាលា​​។ ម្ដាយ​ឪពុក​មិន​គួរ​លាក់​បាំង​ ពី​ភាព​​ខ្សោយ​សតិបញ្ញារបស់​កូន​ឡើយ​ ព្រោះ​​វា​មិន​បាន​ជួយ​អ្វី​ដល់​កូន​ទេ មាន​តែ​ធ្វើ​ឱ្យ​យើង​​កាន់​តែ​ពិបាក​ថែម​ទៀត​»។ នេះ​ជា​ការ​ដាស់​តឿន​របស់​ ស្ត្រី​ដែល​ជា​​អតីត​កម្ម​ករ​ធ្វើ​ការ​នៅ​ឃ្លាំង​នំ​។​
 
ជា​មួយ​គ្នា​នេះលោក វង្ស វុទ្ធី ប្រធាន​កម្មវិធី​របស់​អង្គការ​សាលារៀនទន្សាយ​ ​​បាន​មើល​ឃើញថា​ កុមារ​ ខ្សោយ​សតិបញ្ញា ដោន​ស៊ីនដ្រូម និង​អូទីសឹ្សម ដែល​រស់​នៅ​ខេត្ត​ឆ្ងាយ​ៗ មិន​ទាន់​ទទួល​បាន​ការ​អប់រំ​នៅ​ឡើយ​។ លោក​​រំពឹង​ថា ពី​៥ទៅ​១០​ឆ្នាំ​ខាង​មុខ កុមារ​ទាំង​អស់​នោះ អាច​ចូល​រៀន​បាន​ពេញ​លេញ​ដូច​កុមារ​ធម្មតា តាម​រយៈ​គម្រោង​របស់​អង្គការសាលារៀន​​ទន្សាយ ក៏​ដូច​ជា​អង្គការ​ផ្សេង​ៗ​ទៀត ដែល​កំពុង​ផ្ដល់​សេវា​អប់រំ​ដល់​កុមារ​ ដែល​មាន​តម្រូវ​ការ​ពិសេស​​។ កុមារដែល​រៀន​ជា​មួយ​អង្គការ​សាលារៀន​ទន្សាយ ​មាន​៦​កម្រិត មាន​ន័យ​ថា​ពី​​កម្រិត​មត្តេយ្យ​ដល់​កម្រិត​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​។ 
 
​អង្គការសាលារៀន​​ទន្សាយ គឺ​ជា​អង្គការ​ក្នុងស្រុក​មួយ ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៧ នៅ​ក្នុង​មណ្ឌល​សង្គ្រោះ​​កុមារ​ កាល​នោះ​គាំទ្រ​ដោយ​ក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​អង្គការ​ដៃ​គូ​ផ្សេង​ៗ​ទៀត​។ អង្គការសាលារៀន​​ទន្សាយ​ ​បង្កើត​ឡើង​ដើម្បី​ផ្ដល់​សេវា​អប់រំដល់កុមារ​កំព្រា ដែល​ម្ដាយ​ឪពុក​បាន​ស្លាប់​ក្នុង​សម័យ​ប៉ុលពត។ សំខាន់ជាង​នេះ​ទៅ​ទៀត ​គឺ​ដើម្បី​ផ្ដល់​ឱកាស ក៏​ដូច​ជា​លើក​ស្ទួយ​ និង​ផ្ដល់​សិទ្ធិ​ពេញ​លេញ​ដល់​​កុមារ​ ដែល​មាន​តម្រូវ​ការ​ពិសេស​(កុមារមាន​ពិការភាព​) ដើម្បី​ឱ្យ​ពួក​គេ​ទទួល​បាន​ការ​អប់​រំ​ដូច​កុមារ​ទូទៅ​ដែរ​។ 
 ពី​ឆ្នាំ​១៩៩៧ ដល់ឆ្នាំ​​២០២២ មាន​កុមារ​ប្រមាណ​​​ជា​ង​១ពាន់​នាក់ ដែល​បាន​ឆ្លង​កាត់​ប្រព័ន្ធ​នៃ​ការ​ចុះ​ឈ្មោះ​ចូល​រៀនក្នុង​អង្គការ​​សាលា​រៀនទន្សាយ​។ ទោះ​ជា​យ៉ាង​ណា​ ក៏​មាន​​កុមារ​ខ្លះ​មក​ចូល​រៀន​បាន​៣​ខែ ឬ​៦​ខែ ក៏​ឈប់​វិញ​ ក្រោម​ហេតុ​ផល​ពួក​គេ​​ដូរទៅ​រៀន ​នៅ​សាលា​ផ្សេង​ៗ​ទៀត។ 
 
ជាក់​ស្ដែង​កុមារ ខ្សោយ​សតិបញ្ញា ដោន​ស៊ីនដ្រូម អូទីសឹ្សម ​គថ្លង ពិការភ្នែក និង​កុមារ​ពិបាក​ក្នុង​ការ​រៀន​សូត្រ​ មាន​ចំនួន​​៣៨៧​នាក់ ​កំពុង​ទទួល​បាន​សេវា​អប់រំពី​​អង្គការ​សាលារៀន​ទន្សាយ ដោយ​មាននៅ​​រាជ​ធានី​ភ្នំពេញ ខេត្ត​កណ្ដាល កំពង់​ស្ពឺ និង​ខេត្ត​សៀមរាប។ ដោយ​ឡែក​កុមារ​ខ្សោយ​សតិបញ្ញា ​អូទីសឹ្សម និង​ដោន​ស៊ីនដ្រូម ក្នុង​សាលា​បឋម​សិក្សា​ទួលគោក ក្នុង​រាជ​ធានី​ភ្នំពេញ​មាន​១៨០​នាក់​ ហើយ​កុមារ​ជាង​១០០​នាក់​ផ្សេង​ទៀត ​​កំពុង​រង់​ចាំ​ទទួល​សេវា​អប់រំ​​។ បច្ចុប្បន្ន​អង្គការ​សាលារៀន​ទន្សាយ​ មាន​ទីតាំង​ស្ថិត​ក្នុង​សាលាបឋម​សិក្សា​ទួល​គោក​៕

Tag:
 អប់រំ​
  សាលា​
  ខ្សោយ​សតិបញ្ញា​
  អូទីស្សឹម
© រក្សាសិទ្ធិដោយ thmeythmey.com