ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ អាជ្ញាធរឃុំអណ្ដូងទឹក ​​បន្តល្បាត និងបង្ក្រាប ​រាល់សកម្មភាពលេងល្បែងស៊ី​សង​ក្នុង​មូលដ្ឋាន
18, Dec 2022 , 3:45 pm        
រូបភាព
ដោយ៖ ណាន គីមហ៊ួយ(យុវជនឃុំអណ្ដូងទឹក) 
 
ស្រុកបូទុមសាគរ, កោះកុង៖ សកម្មភាពនៃការលេងល្បែងស៊ីសង នៅក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ បានថយចុះគួរឱ្យកត់សម្គាល់​ ក្រោយការបង្ក្រាបជាញឹកញាប់ របស់ប៉ុស្តិ៍នគរបាលឃុំ ស្របតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។



ជុំវិញការបង្ក្រាបករណីលេងល្បែងស៊ីសងនេះ លោក ប៉ែន ហម មេប៉ុស្ដិ៍នគរបាលឃុំអណ្ដូងទឹក បានបញ្ជាក់ថា ការល្បែងស៊ីសងក្នុងឃុំអណ្ដូងទឹកកន្លងមក មានអ្នកខ្លះលួចលេងល្បែង រហូតដល់ញៀនខ្លាំង ប៉ុន្តែអាជ្ញាធរនៅតែមានវិធានការចុះល្បាតជារៀងរាល់ថ្ងៃ និងបានណែនាំពួកគេ កុំឱ្យប្រព្រឹត្តអ្វីដែលច្បាប់ហាមឃាត់។ «ល្បែងស៊ីសងគ្មានច្រើនទេ ព្រោះមានការសហការពីមេភូមិ ប្រជាពលរដ្ឋតាមភូមិ ជាមួយកម្លាំងសមត្ថកិច្ច។ ភាគច្រើនអ្នកលេងល្បែង សុទ្ធសឹងជាមនុស្សចាស់ៗ គ្មានការងារធ្វើ។ ពួកគាត់លេងកែអផ្សុកនៅផ្ទះ។»។ លោក ប៉ែន ហម មេប៉ុស្ដិ៍នគរបាលឃុំអណ្ដូងទឹក បានបញ្ជាក់ដូច្នេះ។
 
យ៉ាងណាក៏ដោយ មន្ត្រីរូបនេះ ក៏ទទួលស្គាល់ដែរថា សកម្មភាពលេងល្បែងស៊ីសង មិនទាន់ត្រូវបានលុបបំបាត់អស់ទាំងស្រុងនៅក្នុងភូមិឃុំអណ្តូងទឹក នៃស្រុកបូទុមសាគរនៅឡើយ។ គ្រាន់តែសកម្មភាពលេង បានប្តូរពីការលេងដោយបើកចំហ​ មកជាការលួចលាក់លេងនៅក្នុងផ្ទះ ដែល​បណ្តាលពីការចុះល្បាតរបស់អាជ្ញាធរ មិនបានគ្រប់ច្រកល្ហកនៃភូមិសាស្ត្រឃុំទាំងមូល។ «ស្ថានភាពនៃការចុះល្បាតតាមភូមិ និងតំបន់នីមួយៗ ពេលខ្លះមានការឆកល្វែង ដោយសារនៅក្នុងឃុំនេះ មានតំបន់មាត់សមុទ្រច្រើន។ ប្រជាពលរដ្ឋនៅក្នុងឃុំសរុបជាង ៦ ០០០នាក់ ដូច្នេះពួកគេក៏មានការលួចលេងល្បែងស៊ីសង ​អាចនឹងកើតមាន ដោយសារសមត្ថកិច្ចមិនបានទទួលដំណឹង ឬគ្មានអ្នករាយការណ៍។»។ លោក ប៉ែន ហម បញ្ជាក់បែបនេះ រួចបន្តថា ក្នុងករណីឃើញ ឬទទួលបានព័ត៌មានពីការលចលាក់លេងល្បែងស៊ីសងនេះ អាជ្ញាធរនឹងចុះហាមឃាត់ ហើយអប់រំណែនាំ និងឱ្យក្រុមអ្នកដែល​ប្រព្រឹត្តធ្វើកិច្ចសន្យាបញ្ឈប់ ។ ករណីមិនរាងចាល អាជ្ញាធរ នឹងបញ្ជូនបន្តតាមនីតិច្បាប់។


លោក ប៉ែន ហម មេប៉ុស្ដិ៍នគរបាលរដ្ឋបាលអណ្ដូងទឹក
 
​​​​ក្នុងនាមជាអាជ្ញាធរមានសមត្ថកិច្ច លោក ប៉ែន ហម ស្នើឱ្យប្រជាពលរដ្ឋនៅក្នុងឃុំ ចូលរួម​លុបបំបាត់​សកម្មភាពនៃការលេងល្បែងស៊ីសងនេះ ដើម្បីចូលរួម​កសាងមូលដ្ឋានឱ្យមានសណ្តាប់ធ្នាប់ និងមានសុវត្ថិភាព។ សម្រាប់មេប៉ុស្តិ៍រូបនេះ ការលេងល្បែងស៊ីសងមិនចំណេញសម្រាប់គ្រួសារ និងសេដ្ឋកិច្ចនោះទេ។ តែផ្ទុយទៅវិញ សកម្មភាពនេះ ធ្វើឱ្យប៉ះពាល់ដល់ក្រុមគ្រួសារដូចជា ករណីហិង្សាក្នុងគ្រួសារ ចោរលួច ចោរប្លន់ ខាតពេលវេលា និងខាតបង់ទ្រព្យសម្បត្តិជាដើម៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 ល្បែងស៊ីសង
  មេប៉ុស្ដិ៍ឃុំអណ្ដូងទឹក
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com