ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ជាស្ថាប័នអប់រំឯកជនឈានមុខមួយក្នុងប្រទេសកម្ពុជា ដោយមានការយកចិត្តទុកដាក់ខ្ពស់លើការអប់រំប្រកបដោយគុណភាព វិន័យ និងសេវាកម្ម។
ដោយឃើញពីសន្ទុះនៃការរីកចម្រើន និងមានការវិវឌ្ឍទៅមុខឥតឈប់ឈរចាប់តាំងពីការបើកក្រុមហ៊ុនលើកដំបូង ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្ដិ ប្រកបដោយផែនការច្បាស់លាស់ និងមានចក្ខុវិស័យដ៏វែងឆ្ងាយ ដើម្បីដឹកនាំក្រុមហ៊ុនឱ្យកាន់តែមានវិសាលភាពក្នុងការបោះជំហានចូលក្នុងទីផ្សារមូលបត្រកម្ពុជា ទើបក្នុងឆ្នាំ២០១២ លោកវេជ្ជបណ្ឌិត បានរៀបចំក្រុមហ៊ុនរួចជាស្រេចដើម្បីត្រៀមខ្លួនឈានចូលក្នុងទីផ្សារភាគហ៊ុននៅកម្ពុជា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ភាពជោគជ័យរបស់ក្រុមហ៊ុនបានបង្ហាញពីសក្ខីភាពរបស់ក្រុមហ៊ុនក្នុងការឈានជើងចូលក្នុងទីផ្សារមូលបត្រនៅកម្ពុជា។ ដោយមានការរៀបចំផែនការយុទ្ធសាស្រ្ដអាជីវកម្មនាពេលអនាគត មានគោលដៅច្បាស់លាស់ និងឆន្ទៈរបស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានពង្រីកភាពខ្លាំងលើវិស័យអប់រំនៅកម្ពុជា គឺធ្វើយ៉ាងណាឱ្យស្ថាប័នអប់រំមួយនេះមាន រចនាសម្ពន្ធបុគ្គលិកស្ដង់ដារ ការគ្រប់គ្រងច្បាស់លាស់ មានថ្នាក់ដឹកនាំមានជំនាញនិងវិជ្ជាជីវៈខ្ពស់ និងមានក្រុមប្រឹក្សាភិបាលត្រឹមត្រូវក្នុងក្រុមហ៊ុន។ ស្របពេលនោះ លោកវេជ្ជបណ្ឌិតក៏បានគ្រោងធ្វើសំណើស្នើសុំខាងនិយ័តករមូលបត្រកម្ពុជា ក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ជាផ្លូវការផងដែរ តែត្រូវបានពន្យារពេលសិន ដោយសារប្រទេសកម្ពុជាពេលនោះបានរងនូវវិបត្ដិខ្លាំងពីជំងឺកូវីដ ១៩។
![](https://image.thmeythmey.com/pictures/2023/05/15/pr__1_.jpg)
លុះក្រោយមកក្នុងឆ្នាំ២០២៣ បន្ទាប់ពីវិបត្ដិកូវីដនៅប្រទេសកម្ពុជាត្រូវបានបញ្ចប់ អ្នកលោកវេជ្ជបណ្ឌិត គួច ម៉េងលី បានសម្រេចជាផ្លូវការក្នុងការស្នើសុំទៅខាងនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាផ្លូវការ ខណៈពេលក្រុមហ៊ុនកំពុងតែសន្ទុះខ្លាំងក្នុងការរីកចម្រើនទៅមុខ។
នៅក្នុងដំណាក់កាលនេះដែរ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅតែបន្ដភាពខ្លាំងក្លារបស់ខ្លួនក្នុងការឈរលើវិស័យអប់រំមួយនេះដដែលដោយបច្ចុប្បន្ន ក្រុមហ៊ុនមានសាខាសរុបចំនួន១៥ ក្នុងរាជធានីខេត្តក្រុង មានសិស្សជាង ២០,០០០នាក់ បុគ្គលិក ២,១៤៩នាក់ និងមានអតីតសិស្សជាង ៥០,០០០នាក់ កំពុងសិក្សា និងធ្វើការនៅជុំវិញពិភពលោក។ អ្វីដែលកាន់តែពិសេសទៀតនោះ ក្រុមហ៊ុននឹងបើកដំណើរការសាខាថ្មីសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ សាខាជាច្រើនបន្ថែមទៀតក្នុងនោះរួមមាន៖ សាខា សែនសុខ, សាខាច្បារអំពៅ, សាខា កំពង់ចាម, សាខា តាកែវ និងសាខាបាត់ដំបង។
បន្ទាប់ពីនិយ័តករមូលបត្រកម្ពុបានធ្វើការពិនិត្យ និងសិក្សាច្បាស់លាស់ លើសំណើរស្នើសុំដាក់ពាក្យចូលក្នុងបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងបានឃើញពីវិសាលភាពការរីកចម្រើន និងការអភិវឌ្ឍរបស់ក្រុមហ៊ុន ទើបនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាបានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាបានឯកភាពលើសំណើដាក់តម្លៃ ២០៨០រៀលក្នុងមួយភាគ ហ៊ុន របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
![](https://image.thmeythmey.com/pictures/2023/05/15/pr__2_.jpg)
ស្របពេលជាមួយគ្នានេះដែរ កាលពីរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន អ. ស.ហ និងលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) តាមរយៈការប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធបញ្ជូនសាររូបភាពពីចម្ងាយ។ បន្ទាប់ពីការធ្វើបទបង្ហាញជាលទ្ធផល ក្រុមប្រឹក្សា អ. ស.ហ. បានផ្ដល់ការអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដោយក្រុមហ៊ុនត្រូវបន្តបំពេញនីតិវិធីជាផ្លូវការលើការបោះផ្សាយនេះ តាមសេចក្តីសម្រេចរបស់និយ័តករមូលបត្រកម្ពុជា។
ជុំវិញបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានឱ្យដឹងពីឆន្ទៈ និងគោលដៅក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងបានដាក់ក្តីរំពឹងទុកបែបនេះថា៖ សូមជម្រាបថា ដើម្បីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាផ្លូវការបាន ក្រុមហ៊ុនត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈពីនិយ័តករមូលបត្រកម្ពុជា និងត្រូវទទួលបានការបញ្ជាក់យល់ព្រមជាមុនពីផ្សារមូលបត្រកម្ពុជា អំពីការកំណត់ថ្លៃលក់មូលបត្រ និងបំពេញបាននូវលក្ខខណ្ឌចុះបញ្ជីទាំងឡាយបន្តទៀតរបស់ផ្សារមូលបត្រកម្ពុជាពាក់ព័ន្ធនឹងមូលបត្រកម្មសិទ្ធិ។
![](https://image.thmeythmey.com/pictures/2023/05/15/pr__3_.jpg)
កាលបរិច្ឆេទបោះផ្សាយ ៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣
សម្គាល់* អាស្រ័យលើការអនុម័តជាមុនពីសំណាក់និយ័តករមូលបត្រកម្ពុជា ក្រុមហ៊ុនធានាទិញមូលបត្រ និងក្រុមហ៊ុនបោះផ្សាយ អាចនឹងសម្រេចធ្វើការផ្លាស់ប្តូរកាលបរិច្ឆេទឈប់ទទួលពាក្យស្នើសុំធ្វើបរិវិសកម្មជាសាធារណៈ ព្រមទាំងកាលបរិច្ឆេទចុះបញ្ជី តាមរយៈការប្រកាសជាសាធារណៈក្នុងរយៈពេលប្រាំ (5) ថ្ងៃ មុនកាលបរិច្ឆេទឈប់ទទួលពាក្យ។
សេចក្តីណែនាំសម្រាប់ការធ្វើបរិវិសកម្ម
- វិនិយោគិនត្រូវមានគណនីជួញដូរជាមួយនឹងក្រុមហ៊ុនមូលបត្រណាមួយដែលមានអាជ្ញាប័ណ្ណ ហើយជាភ្នាក់ងារលក់របស់ IPO នេះ
- វិនិយោគិនត្រូវធ្វើការបំពេញក្នុងទម្រង់ស្នើសុំអនឡាញតាមរយៈ ៖ https://subscription.mjqeducation.edu.kh/
សូមបញ្ជាក់ជូនដែរថា បច្ចុប្បន្ន ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានស្ថាប័ននួន៤ធំៗ គឺ ៖
១. មជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលភាសាអង់គ្លេស ចិន និងភាសាថៃ។
២- សាលារៀន អន្តរទ្វីប អាមេរិកាំង AIS មានកម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែបចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ តាមបែបខ្មែរអាមេរិកាំង ដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ស្រមតាមក្រសួង អប់រំ យុវជន និងកីឡា។
៣- SOGO សេវាកម្មទៅសិក្សានិងទស្សនកិច្ចនៅក្រៅប្រទេស។
៤- i-Learn កម្មវិធីសិក្សាភាសាអង់គ្លេសតាមរយៈប្រព័ន្ធអនឡាញ។
![](https://image.thmeythmey.com/pictures/2023/05/15/pr__4_.jpg)
![](https://image.thmeythmey.com/pictures/2023/05/15/pr__5_.jpg)
![](https://image.thmeythmey.com/pictures/2023/05/15/pr__6_.jpg)
![](https://image.thmeythmey.com/pictures/2023/05/15/pr__7_.jpg)